Ad Code

រថយន្ត​ដឹក​ទំនិញ ​ពាក់​ស្លាក​លេខ ខ​.​ម បើក​បុក​ម៉ូតូ​សិស្សសាលា​ ​ស្លាប់​ម្នាក់ ​របួសធ្ងន់​ពីរ​នាក់ នៅ​ផ្លូវ​ជាតិ​លេខ​៣



​តាកែវ ៖ ក្មេងស្រី​រងគ្រោះ​ ជា​សិស្សសាលា​៣​នាក់ ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​បើក​ប៉ះ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នា​ក់នៅ​នឹង​កន្លែងកើតហេតុ ដោយឡែក​២​នាក់​ទៀត​រងរបួស​ធ្ងន់ ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​១០​នាទី ​នៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧១-៧២ ស្ថិតក្នុង​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ប៉ូលិស ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា កើត​ឡើង​រវាង​ម៉ូតូ​ និង​រថយន្ត​ ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ដែល​រថយន្ត​បង្ក​ម៉ាក​នីសា​ន់​ ពណ៌​ត្រេអ៊ី ពាក់​ស្លាក ​លេខ​ខេមរភូមិន្ទ 3.8956 (​អ្នកបើកបរ​គេចខ្លួនបាត់​) បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង ​លុះ​មកដល់​ចំណុច​ខាងលើ ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GH 6027 ដែល​បើកបរ​ដោយ​ ឈ្មោះ លន់ ច័ន្ទដារ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​ រស់នៅ​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ដោយឡែក​ អ្នករួមដំណើរ​២​នាក់​មាន ឈ្មោះ លន់ សោ​ម៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​(​រងរបួស​ធ្ងន់​)​ និង​ម្នាក់ទៀត​ ឈ្មោះ រឹង រចនា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​(​រងរបួស​ធ្ងន់​)​ រស់នៅ​ភូមិ/​ឃុំ​ជា​មួយគ្នា​នឹង​ជនរងគ្រោះ​ដែល​ស្លាប់​ដែរ​។​

​ក្រោយ​កើតហេតុ​ អ្នករងរបួស​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដូន​កែវ ដោយ​ឡែក​វត្ថុតាង​ទាំង​២​គ្រឿង ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ​ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ចំណែក​សព​ បានប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu