ភ្នំពេញ ៖ បុរសភេទទី៣ម្នាក់ ដែលជេរដៀលខ្មែរមួយស្រុកតាមហ្វេសប៊ុក ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីធ្វើការសាកសួរ។
នគរបាលខណ្ឌដូនពេញមានការប្រុងប្រយ័ត្នណាស់ក្នុងការបញ្ជូនជនសងស័យមកតុលាការនេះ ដោយខ្លាចមហាជនផ្ទុះកំហឹងស្ទាក់រថយន្តសមត្ថកិច្ច ហើយប្រើហិង្សាលើជនសង្ស័យ។
ជនសង្ស័យឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជននេះ ត្រូវបាននគរបាលចាប់ខ្លួន កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនៅ ហាងកាហ្វេ មួយកន្លែងក្នុងទឹកដីខណ្ឌដូនពេញ។
ដើមចម ដែលនាំឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ រូបនេះ គឺកាលពីវេលាម៉ោង១៧និង២៥នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខព្រះបរមរាជវាំង ជនសង្ស័យ បានបង្ហោះ សារជាអក្សរ លើទំព័រ ហ្វេសប៊ុក ឈ្មោះ ចំប៉ីខ្មៅ Chompey Khmoa ថា ជូនពូជអាខ្មែរតិរច្ឆាន៣នាក់ ដែលជិះម៉ូតូមកខោកក្បាលខ្ញុំតាមផ្លូវ និងមានភ្ជាប់ឃ្លីប វីដេអូ រយៈពេល ១នាទី ៥៣វិនាទី ដោយជេរក្រុមជនបង្កដែលបានវាយក្បាល គាត់ មួយក្រញ៉ និងបានប្រមាថដល់ពូជសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។
ការប្រមាថពូជសាសន៍ខ្មែរ ដោយសារកំហឹងចំពោះអ្នកវាយក្បាលគាត់បែបនេះ បានធ្វើឲ្យ មហាជន ជាពិសេសក្រុមអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ថ្កោលទោស និងទាមទារឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជននេះអោយខាងតែបានដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់អោយសក្ដិសមទៅនឹងកំហុស។
ជាការកត់សម្គាល់ឈ្មោះយិន ហេង ប្រើអាខោនហ្វេសប៊ុកឈ្មោះចំប៉ី ខ្មៅនេះធ្លាប់បង្កការក្ដៅក្រហាយតាមបណ្ដាញសង្គមច្រើនដងហើយ តាំងពីករណីដែលអង្គការយូនីស្កូចុះបញ្ជីទទួលស្គាល់ល្ខោនខោល របស់ខ្មែរជាបេតិកភណ្ឌពិភពលោក និងជម្លោះកន្លែងចតយានយន្តជាដើម ដោយអាជ្ញាធរខណ្ឌបានអោយជននេះធ្វើកិច្ចសន្យាបញ្ឈប់ការបង្កបញ្ហាទៀត៕
Source: Kampuchea Thmey Daily
0 Comments