Ad Code

ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ រៀបចំ​ការប្រកួត​បាល់ទាត់​លើកដំបូង​ជាមួយ​យុវជន​ប្រមាណ​៦០០ នាក់



កំពង់ស្ពឺ ​៖​ យុវជន​ប្រមាណ​៦០០ នាក់​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់​ខ្នាត​តួច​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​រៀបចំ​ដោយ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ឬ​ហៅថា “​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​”​។

បន្ទាប់ពី​ការប្រកួត​៤​ថ្ងៃ​យើង​បាន​រកឃើញ​ក្រុម​ឈ្នះ​ចំនួន ៦ ក្រុម​ដែល​ពួកគេ​ទទួលបាន​ពានរង្វាន់ និង​មេដាយ​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​នៅថ្ងៃនេះ​ដែលមាន​ការចូល​រួម​ពី​សំណាក់​មន្ត្រី​សហគមន៍ មន្ត្រី​កីឡា គណៈ​គ្រប់គ្រង​របស់​ណាហ្គា​វើ​លដ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប។ ការប្រកួត​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ​ដែលជា​គំនិត​ផ្តួចផ្តើម​រយៈពេល ២ ឆ្នាំ​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើម្បី​ជួយ​បណ្តុះបណ្តាល​កីឡាករ​-​កីឡាការិនី​បាល់ទាត់​ជំនាន់​ក្រោយ​នៅតាម​សហគមន៍​។

ក្នុង​ខែវិច្ឆិកា​កាលពី​ឆ្នាំមុន គ្រូ​កីឡា ១២០ នាក់​មកពី​អនុវិទ្យាល័យ និង​វិទ្យាល័យ ៩៤ ក្នុង​ខេត្តកំពង់ស្ពឺ បានទទួល​ការបណ្តុះបណ្តាល​បច្ចេកទេស​បង្ហាត់កីឡា​បាល់ទាត់​អាជីព​ដែល​ផ្តល់​ដោយ​ក្លឹប​បាល់ទាត់​ណាហ្គា​វើ​លដ៍​ដែលជា​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ ២០១៨​។

បន្ទាប់ពី​ការហ្វឹកហាត់​រយៈពេល ២ ខែ មាន​ក្រុម​សរុប ២៨ ក្រុម (​ក្រុម​កុមារា​មាន ១៩ ក្រុម និង​កុមារី​មាន ៩ ក្រុម​) បាន​ចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់​ខ្នាតតូច​អាយុ​ក្រោម ១៨ ឆ្នាំ​ដែល​ធ្វើឡើង​នៅ​ទីលាន​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់ស្ពឺ​ពីថ្ងៃ​ទី ២៨ ដល់ ៣១ ខែមករា​។ ក្នុង​ប្រភេទ​កុមារា ៖ ជើងឯក បាន​ទៅលើ​វិទ្យាល័យ​កំពង់ស្ពឺ លេខ ២ បាន​ទៅលើ​វិទ្យាល័យ​ហ៊ុន សែន ភ្នំស្រួច និង​លេខ ៣ បាន​ទៅលើ​វិទ្យាល័យ​វាល​ពង់​។ ចំណែក​ប្រភេទ​កុមារី ៖ ជើងឯក បាន​ទៅលើ​វិទ្យាល័យ​អន្លង់​ជ្រៃ លេខ ២ បាន​ទៅលើ​វិទ្យាល័យ​ឱរ៉ាល់ និង​លេខ ៣ បាន​ទៅលើ​វិទ្យាល័យ​វាល​ពង់​។

នាយក​គ្រប់គ្រង​ណាហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មានប្រសាសន៍ថា “​ការអភិវឌ្ឍ​វិស័យ​កីឡា គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​សំខាន់​ទាំង ៤ របស់​ក្រុមការងារ​សង្គម​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​។ យើង​មាន​គោលបំណង​អភិវឌ្ឍ​កម្មវិធី​កីឡា​សម្រាប់​សហគមន៍ និង​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​លេង​កីឡា​ដើម្បី​បង្កើន​សាមគ្គី​ភាពជា​ក្រុម មិត្តភាព និង​ភាពជា​អ្នកដឹកនាំ​។ យើង​ក៏មាន​គោលបំណង​អភិវឌ្ឍ​កីឡាករ​-​កីឡាការិនី​បាល់ទាត់​ដ៏​មាន​សក្តានុពល និង​ជួយ​បង្កើន​សមត្ថភាព​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​ជាង​មុន​ក្នុងការ​ប្រកួត​ក្នុង​ទីលាន និង​ក្រៅ​ទីលាន​ផងដែរ​”​។

លោក ថន ថា​រិ​ន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍ថា “​យើង​គាំទ្រ​ពេញទំហឹង​ដល់​គំនិត​ផ្តួចផ្តើម​របស់​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ក្នុង​ការជួយ​ធ្វើ​ឲ្យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​កាន់តែខ្លាំង​។ ការបង្កើន​គុណភាព​នៃ​ការបង្ហាត់​នៅតាម​សាលារៀន គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ជំនាញ​បាល់ទាត់​ក្នុងចំណោម​កីឡាករ​វ័យក្មេង​នៅតាម​ខេត្ត​”​។

អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក ម៉ៃ តុលា បាន​មានប្រសាសន៍ថា “​កម្មវិធី​នេះ នឹង​ជួយ​បង្កើន​ស្តង់ដារ​នៃ​ការ​បង្ហាត់កីឡា​នៅតាម​សាលារៀន​ទូទាំង​ខេត្តកំពង់ស្ពឺ និង​បង្កើត​ឲ្យ​មាន​កីឡាករ​-​កីឡាការិនី​ឆ្នើម​ជាច្រើន​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ យើង​រីករាយ​ដែល​ឃើញ​ការអភិវឌ្ឍ​បែបនេះ​”​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ណាហ្គា​វើ​លដ៍ និង​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​កម្មវិធី​ដ៏​ល្អ​នេះ​ឡើង​ក្នុង​ខេត្ត​របស់​យើង​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​អាយុ ១៤ ដល់ ១៨ ឆ្នាំ​ប្រមាណ ១៨.៥០០ នាក់​”​។

ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ជាតិ​អប់រំ​យុវជន និង​កីឡា ធម្មការ​សាសនា កិច្ចការ​វប្បធម៌ និង​ទេសចរណ៍ សមាជិក​រដ្ឋសភា តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ​កម្មវិធី​អភិវឌ្ឍ​យុវជន​របស់​ណាហ្គា​វើ​លដ៍​នៅក្នុង​សុន្ទរកថា​នៃ​ពិធី​ប្រគល់​រង្វាន់​ថា “​រដ្ឋាភិបាល ប្ដេជ្ញា​អភិវឌ្ឍ​អត្តពលិក​ និង​លើកកម្ពស់​ស្តង់ដារ​នៃ​ការបង្ហាត់​កីឡា​នៅតាម​សាលារៀន​ដែល​វា​នឹង​អាច​ផលិត​កីឡាករ​ឆ្នើម​សម្រាប់​ក្លឹប​ក្នុងស្រុក​ក៏ដូចជា​ក្រុម​ជម្រើសជាតិ​”​។

គួរ​ដឹង​ផង​ដែរ​ថា ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ណាហ្គា​វើ​លដ៍​បាន​សហការ​ជា​លក្ខណៈ​យូរអង្វែង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយនឹង​បន្ត​ផ្តល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ដែល​ទទួលបាន​ជ័យជម្នះ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំៗ ដូចជា​កីឡា​ទ្វីបអាស៊ី និង​កីឡា​អាស៊ីអាគ្នេយ៍ ជាដើម​។
គួរ​បញ្ជាក់​ថា ​ចាប់តាំងពី​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ណាហ្គា​វើ​លដ៍​បាន និង​កំពុង​ធ្វើ​សកម្មភាព​សង្គម​ប្រកបដោយ​ទឹកចិត្ត​សប្បុរស និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៃ​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាព​វិជ្ជមាន​។ ក្នុង​ខែមីនា ឆ្នាំ ២០១៤ ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​លដ៍​បេះដូង​សប្បុរស ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ណាហ្គា​វើ​លដ៍​ដែលមាន​គោលបំណង​ផ្តោតទៅលើ​សសរស្ដម្ភ ៤ គឺ លើកកម្ពស់​ការអប់រំ ចូលរួម​ក្នុង​សហគមន៍ អភិវឌ្ឍ​វិស័យ​កីឡា និង​គាំពារ​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជ​ហើយ បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុ​ជាជាង ១៦០.០ ០០ នាក់​បានទទួល​ផលប្រយោជន៍​ពី​គំនិត​ផ្តួចផ្តើម​នេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu