អ្នកប្រដាល់ជើងខ្លាំងកម្ពុជា វង្ស ណយ ក្លិបកុលបុត្រគុនខ្មែរ បានផ្តួលអ្នកប្រដាល់ថៃក្នុងទឹកទី២ ហើយឈឿន ឆៃដែន អ្នកប្រដាល់កម្ពុជាក្លិបថ្មគោលពោធិ៍សែនជ័យ បានបោះបង់ចោលការប្រកួតក្នុងទឹកទី៤ នៅក្នុងជំនួបប្រកួតជាមួយថៃ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
វង្ស ណយ នៅក្នុងការប្រកួតដើមទឹកទី២នោះ បានប្រកែងវាយចំថ្គាមអ្នកប្រដាល់ថៃ ផេតឆ័ត្រឆ័យ ស.ប៊ុនយៀម មួយកែងពេញតែម្តង ធ្វើឲ្យ ឆ័ត្រឆ័យ ដួលលើរេញ ហើយអាជ្ញាកណ្ដាលបានសម្រេចបញ្ឈប់អ្នកប្រដាល់ថៃរូបនេះ លែងឲ្យប្រកួត ដោយសារមើលឃើញឆ័ត្រឆ័យ មានសភាពធ្ងន់ធ្ងរនោះ។ ប៉ុន្តែយ៉ាងណា អ្នកប្រដាល់ថៃផេតឆ័ត្រឆ័យ ក្រោយពេលគេសម្រួលឲ្យដឹងខ្លួននោះ គេអះអាងថា រូបគេនៅអាចបន្តការប្រកួតទៀតបាន។
ផេតឆ័ត្រឆ័យ គេខ្លាំងគួរសមដែរ បើសិនជាមិនស៊យត្រូវកែងរបស់វង្សណយមុននោះទេ វង្ស ណយ ក៏ប្រហែលជារាងយ៉ាប់ផ្តួលគេបានដែរ ។ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតចំនួន៨៦លើក ឈ្នះ៦៤លើក ចាញ់២០លើក ស្មើ០៣លើក និងធ្លាប់វាយដៃគូអោយសន្លប់២០លើក។ តែបើធៀបជាមួយប្រវត្តិប្រកួតរបស់វង្ស ណយ គឹនៅតែតិចជាងពាក់កណ្តាលឯណោះ។
ចំពោះ ឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យ បានត្រូវអ្នកប្រដាល់ជើងខ្លាំងថៃ ហ្វាសះថាន សាកាធិ ទាត់ជើងក្រោមអោយដួលក្រោកលែងរួចនៅក្នុងទឹកទី៤ ខណះដែលឆៃដែន គេមានប្រៀបឈ្នះលើថៃរូបនេះបីទឹកទៅហើយនោះ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០ គីឡូក្រាម។
អ្នកប្រដាល់ថៃ ហ្វាសះថាន នេះ គេជាអ្នកប្រដាល់ជើងខ្លាំងប្រចាំនៅប៉ុស្តិ៍ទូរទស្សន៍លេខ៧ថៃ ទោះបីជាចាញ់ប្រៀបឆៃដែន ដោយត្រូវកណ្តាប់ដៃ កែង និងជើងទាត់របស់ឆៃដែនច្រើនយ៉ាងណាក៏ដោយ ក៏គេនៅតែមានជំហររឹងមាំ និងទប់ទល់ជាមួយឆៃដែនបាន។ ហើយជាមួយនេះ គេបានរកឃើញចំណុចខ្សោយរបស់ឆៃដែន នៅត្រង់ជើងក្រោមនេះ ទើបគេព្យាយាមទាត់ជើងខាងឆ្វេងរបស់ឆៃដែន រហូតទាល់តែឆៃដែនឈឺកជើងឆ្វេងដួលក្រោកលែងរួចតែម្តង។
ឆៃដែន គេអន់តែជើងក្រោមនេះឯង កាលពីប្រកួតលើកមុន គេក៏ខូចជើងដែរ ដោយត្រូវផ្អាកការប្រកួតអស់រយៈពេលប្រមាណ៦ខែ ទើបតែវិលមកប្រកួតវិញបានពីរលើកទាំងលើកនេះ ហើយក៏ត្រូវអ្នកប្រដាល់ថៃ ហ្វាសះថាន ទាត់ឲ្យខូចទៀត។
សូមបញ្ជាក់ថា មុនជួបអ្នកប្រដាល់ថៃហ្វាសះថាន នេះ ឈឿន ឆៃដែន បានវាយឈ្នះអ្នកប្រដាល់ថៃ Chhay Lek ដោយពិន្ទុកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។
ចំណែកការប្រកួតមិត្តភាពខ្មែរ និងខ្មែរវិញ ជុន សាវុធ អ្នកប្រដាល់ក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ ដែលឡើងប្រកួតសងសឹកជាមួយ ម៉ន ភីរម្យ អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោកនោះ គឺពុំបានសម្រេចនោះឡើយ ដោយវាយចាញ់ពិន្ទុភីរម្យទៀត។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម។ កាលពីជួបគ្នាលើកមុន ជុន សាវុធ ចាញ់ម៉ន ភីរម្យដោយសន្លប់ឯណោះ តែលើកនេះ ឡើងសងសឹកគេចាញ់ត្រឹមពិន្ទុប៉ុណ្ណោះ។
លី សំអន អ្នកប្រដាល់ជើងថ្មីក្លិបមីស្ទឺលីគុនខ្មែរ បានវាយឈ្នះ សំ អាន អ្នកប្រដាល់ជើងថ្មីក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុ ហើយអ្នកប្រដាល់វ័យក្មេងបាង បិក ក្លិបអាណាចក្រគុនខ្មែរ វាយចាញ់អ្នកប្រដាល់វ័យក្មេង ឡុង ប៊ុនសំណាង ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.មដោយពិន្ទុដែរ៕
Source: Kampuchea Thmey Daily
0 Comments