Ad Code

ឆេះ​គំនរ​អុស​សម្រាប់​ដុត​ឡឥដ្ឋ តែ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ទាន់​ពេល



បាត់ដំបង ​៖ ​គំនរ​អុស​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ជា​ឈើ​ខុសច្បាប់ ត្រូវ​បាន​អណ្តាត​ភ្លើង​ឆាបឆេះ​ដោយ​មិនទាន់​ដឹង​មូលហេតុ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ទាំង​២ ស្ថាប័ន​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ពេល​វេលា ដែល​ឈើ​អុស​ទាំងនេះ ត្រូវ​បាន​គេ​កាត់​យក​មក​ទុក​សម្រាប់​ដុត​ប្រើប្រាស់​នៅ​ក្នុង​ឡឥដ្ឋ។

បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅវេលា​ម៉ោង ២ និង ៤០ នាទី​រសៀល ថ្ងៃទី​១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង មាន​ករណី​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​គំនរ​អុស​ ដែល​គេ​ទុក​សម្រាប់​ដុត​ក្នុង ឡឥដ្ឋ។



ប្រភព​ដដែល​បាន​បន្តថា ឡឥដ្ឋ​ចាង​លើ គឺមាន ម្ចាស់​ឈ្មោះ ទៀ ហ៊​នី ភេទ​ប្រុស​អាយុ ៤៩ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង ដោយ​ដំបូង​គេ​បានឃើញ​ផ្សែង​ចាប់ផ្តើម​ហុយ ព្រមទាំង​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង។

ភ្លាមៗ​នោះដែរ​ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​សមត្ថកិច្ច​មូលដ្ឋាន បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ស្រុក​មោងឫស្សី និង​រថយន្ត​របស់​អធិការដ្ឋាន​ស្រុក​គាស់ក្រឡ អោយជួយ​ចេញ​ប្រតិបត្តិការ ដើម្បី​សហការ​ជួយ​បាញ់​ពន្លត់​ក្នុងការ​ទប់ស្កាត់​នូវ​ការ​រាលដាល​ទៅលើ​លំនៅដ្ឋាន​របស់​ពលរដ្ឋ។



ជាក់ស្តែង ភ្លើង​បាន​រលត់​ទាំងស្រុង ដោយមាន​ការ ខូចខាត​ឈើ អុស​១​ពំនូក ប្រហែល​១៥​ភាគរយ តែប៉ុណ្ណោះ ដោយ​ប្រភព​មួយ​ចំនួន​បាន​សន្និដ្ឋាន​ជាបឋម​ថា​ អាច​បណ្តាលមកពី​ការ​ចោល​កន្ទុយបារី ព្រោះ​ទីតាំង​នេះ​ស្ថិត​នៅជាប់​នឹង​វាលស្រែ​ ដែល​ពោរពេញ​ដោយ​ជញ្ជ្រាំង។

គួរ​បញ្ជាក់ដែរ​ថា រយៈកាល​កន្លងមក មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម តែងតែ​ធ្វើការ​ណែនាំ​ដល់​បណ្តា​ឡឥដ្ឋ​ទាំងអស់​ត្រូវ​កែប្រែ​ពី​ការ​ដុត​ឈើ​អុស ទៅជា​ការប្រើប្រាស់​អង្កាម​ដុត​យក​ថាមពល​ក្នុងការ​ចម្អិន​ឥដ្ឋ​វិញ ដើម្បី​ការពារ​ព្រៃឈើ​ធម្មជាតិ ផ្ទុយទៅវិញ​ឡឥដ្ឋ​ខាងលើ​នៅតែ​បន្ត​ការប្រើប្រាស់​ឈើ​អុស​ដើម្បី​ដុត​ឥដ្ឋ​ដដែល ដូច្នេះ​តើ​មន្ទីរ​ជំនាញ ដែល​បាន​ត្រួតពិនិត្យ និង​សិក្សា​ឡើងវិញ ដែរឬទេ អំពី​បញ្ហា​នេះ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu