បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាលប្រជុំក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ បន្តដោយមានអ្នកចូលរួម លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ ទោ ភ្លន់តារា មេបញ្ជាការប្រតិបត្តិសឹករងខេត្តបន្ទាយមានជ័យ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះ លោក ឃុន វុទ្ធី បានមានប្រសាសន៍ថា អតីតយុទ្ធជនយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ មានគោលការណ៍៤ចំណុចធំ រួមមាន ៖
១-វិស័យសុខុមាលមនុស្សចាស់, ២-វិស័យយុវនីតិសម្បទា, ៣-វិស័យសុខុមាលភាពសង្គម, ៤-វិស័យសុខុមាលភាពកុមារ ហើយសង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ បានអនុវត្តការងារលើសមាគមអតីតយុទ្ធជនខេត្ត ចាប់ពីខែមករា ដល់ខែធ្នូរួមមាន ការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ ជួបសំណេះសំណាល និងធ្វើការឧបត្ថម្ភដល់អតីតយុទ្ធជនរួមមាន ៥.៤៧០នាក់ ក្នុង១នាក់ ទទួលបាន៥ម៉ឺនរៀល ដោះស្រាយដីសម្បទានសង្គមកិច្ចបានចំនួន២២.២២២ហិកតា បានចែកប័ណ្ណរបបសន្តិសុខសង្គមជូនអតីតយុទ្ធជនចំនួន៦៤៩នាក់ និងថវិកាចំនួន២ម៉ឺនរៀល ចូលរួមបុណ្យសពបានចំនួន៩៩សព បេឡាសង្គ្រោះបានចំនួន៩៩សព ស្មើនឹងទឹកប្រាក់៣៩៦.០០០.០០០រៀល បានបញ្ចូលសមាជិកថ្មីមានចំនួន២០១នាក់ ក្នុងនោះជនពិការចំនួន១៤៧នាក់ និងនិវត្តជនចំនួន៥៤នាក់ មានឧបត្ថម្ភថវិកា និងផ្តល់ដីជូនអតីតយុទ្ធជនដីអត់ផ្ទះ ដីមានផ្ទះ និងដីនៅលើផ្លូវសាធារណៈមានចំនួន៤០២នាក់។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យមានជ័យមានសមាគមអតីតយុវជនសរុបមានចំនួន៥.២៣៧នាក់ ក្នុងនោះមានគ្រួសារជនពលី៨៧៦នាក់ គ្រួសារជនមរណៈ១៥២នាក់និវត្តជនយោធិន១.៥០៣នាក់ និវត្តជននគរបាល៤៥១នាក់ ជនបាត់បង់៤៤នាក់ ជនពិការយោធិន២.១៨៣នាក់ ជនពិការនគរបាល២៨នាក់។
ហើយក្នុងឆ្នាំ២០១៨នេះ បានប្រគល់ប្រាក់ជូនសពចំនួន៩៩ ស្មើនឹងទឹកប្រាក់៣៩៦.០០០.០០០រៀល ក្នុងនោះប្រាក់របស់ សម្ដេចតេជោ ១២០.០០០.០០០រៀល បេឡាមរណៈសង្គ្រោះ២៧៦.០០០ .០០០រៀល។
ក្នុងនោះ លោកឧត្ដមសេនីយ៍ទោ ភ្លន់ តារា បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាអភិតៈយុទ្ធជនកម្ពុជាផងនោះកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់ដល់ អតីតយុទ្ធជនផ្តល់ទាំងគ្រឿងឧបភោគ និងបរិភោគ ថវិកាពិសេសជួយសាងសង់ផ្ទះឲ្យដល់អតីតយុទ្ធជនមិនដែលដាច់ ព្រោះសំអាងថា អតីតយុទ្ធជនជាកម្លាំងកន្លងមក ទាហានពលីជីវិតក្នុងការពារទឹកដី ហានប្ដូរជីវិត សាច់ស្រស់ ឈាមស្រស់ជូនជាតិ មាតុភូមិ ហើយប្រទេសមានស្ថិរភាពរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែកងកម្លាំងប្រដាប់អាវុធ អាវុធហត្ថ នគរបាលទាំងអស់ ដែលជាអតីតយុទ្ធជននេះផងដែរ។
ក្នុងនោះ លោក ង៉ោ ម៉េងជ្រួន បានធ្វើការកោតសរសើរដល់សមាគមអតីតយុទ្ធជនខេត្តដែលបានខិតខំលះបង់វិស័យសុខុមាលមនុស្សចាស់ វិស័យយុវនីតិសម្បទា វិស័យសុខុមាលភាពសង្គម វិស័យសុខុមាលភាពកុមារបានយ៉ាងល្អ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការបង្កើតសមាជិកអតីតយុទ្ធជនកម្ពុជា បង្កើតឡើងវាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយផ្យេងៗដូចជា ជួយដល់គ្រួសារកងទ័ពក្រីក្រ ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាក នៃគ្រោះមហន្តរាយ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើមផងដែរ៕
Source: Kampuchea Thmey Daily
0 Comments