Ad Code

បុណ្យមាឃបូជា​ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ចូល​ជា​បុណ្យជាតិ​របស់​កម្ពុជា​



​ភ្នំពេញ ៖ ថ្ងៃ «​បុណ្យ​មាឃបូជា​» ដែលមាន​សារៈសំខាន់​នៅក្នុង​ពុទ្ធសាសនា ប្រហាក់ប្រហែល​នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ រួមមាន ​៖ ពិសាខបូជា​, អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​។​

បុណ្យមាឃបូជា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ចូល​ជា​បុណ្យជាតិ​របស់​កម្ពុជា​ផងដែរ ដោយនៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​នេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំង​វិស័យ​ឯកជន ឈប់សម្រាក​មួយថ្ងៃ​។​

តើ​បុណ្យមាឃបូជា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​អ្វី​? បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែមាឃ ក្រោយពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់​។ ​ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅ​ក្នុង​ចំណោម ព្រះសង្ឃ​ចំនួន​១,២៥០​អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​

នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ​ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី​ពុទ្ធសាសនា​។​

គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។ បាដិមោក្ខ ជា​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ ដែលជា​សិក្ខាបទ​មួយៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ ក្នុង​ទីប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ ៖ ឧទាហរណ៍​រៀន​បាដិមោក្ខ​, សម្ដែង​បាតិមោក្ខ​ជាដើម ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យកមក​សិក្សា ឲ្យ​យល់​ដឹង និង​អនុវត្ត​។​

ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ នៃ​យើង​ទ្រង់​ប្រទាន​ឱវាទ​បាដិមោក្ខ ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែលជា​វត្ត​ដំបូងបង្អស់ ក្នុង​ព្រះពុទ្ធសាសនា​ក្នុង​ថ្ងៃនោះ មាន​ហេតុការណ៍​សំខាន់​៤​យ៉ាង​កើតឡើង​គឺ​ ១.ព្រះសង្ឃ​សមណៈ​ទូត​១,២៥០​អង្គ​ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់ បញ្ជូន​ទៅកាន់​តំបន់​ផ្សេងៗ​ ដើម្បី​ផ្សព្វផ្សាយ គោល​ធម៌​បាន​វិលត្រឡប់ មក​ចូលគាល់ ព្រះអង្គ​វិញ​យ៉ាង​ព្រមព្រៀងគ្នា (​ស​ព្វេ ខី​ណា​សវា​)​។​ ២.ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ឯ​ហិ​ភិក្ខុ ដែល​ព្រះស​ម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស ឲ្យ​ដោយផ្ទាល់​ដែល ហៅថា ឯ​ហិ​ភិក្ខុ​ឧបសម្បទា​(​ស​ព្វេ ឯ​ហិ​ភិក្ខុ​កា​)។​
៣.ព្រះសង្ឃ​ទាំងអស់​សុទ្ធតែជា​ព្រះអរហន្ត​បាន​អភិញ្ញា៦ គឺ សម្តែងឫទ្ធិ​បាន​,​ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, កំណត់​ដឹងចិត្ត​អ្នកដទៃ​, បាន​រលឹកជាតិ​បាន និង​អស់​អាសវៈ​មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន ដោយ​មិន​បាន ណាត់​មត់​ទុកជាមុន​(​ស​ព្វេ អ​និ​ម​ន្តិ​តា​)​។​ ៤.ថ្ងៃ​ដែល​ព្រះសង្ឃ​ទាំងអស់​ជួបប្រជុំគ្នា​នោះ ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី​ខែមាឃ (​មាឃ​ន​ក្ខ​ត្តេ បុ​ណ្ណ​ច​ន្ទោ​)​។​ហេតុការណ៍​ជួបប្រជុំគ្នា​ខាងលើនេះ ហៅ​ម្យ៉ាង​ទៀតថា​ចតុរង្គសន្និបាត​គឺ កិច្ចប្រជុំ​ប្រកបដោយ​អង្គ​៤​។​

ចតុរង្គសន្និបាត​នេះ​ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​វេឡុវ័ន ក្នុង​ក្រុង​រាជគ្រឹះ​ នៃ​មគធរដ្ឋ​របស់​ព្រះបាទ​ពិម្ពិសារ ក្រោយពី​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិ​ញាណ​កន្លង​ហើយ​បាន ៩​ខែ គឺ មុន ព​.​ស​.៤៥​ឆ្នាំ​។​

មូលហេតុ​សំខាន់​ដែល ព្រះសង្ឃ​សមណៈ​ទូត​ទាំងនោះ មកជួប​ប្រជុំគ្នា​ក្នុង​វត្ត​វេឡុវ័ន​នោះ ព្រោះ​ថ្ងៃ​ពេញបូណ៌មី​ខែមាឃ​នោះ ត្រូវ​នឹង​ថ្ងៃ​សិវរាត្រី​របស់​សាសនាព្រាហ្មណ៍ ក្នុង​ថ្ងៃ​សិវរាត្រី​នេះ សាសនិក​ព្រាហ្មណ៍ តែង ប្រារព្ធ​ពិធី​លាងជម្រះ​បាប​បូជា​ព្រះ​សិវៈ ព្រោះហេតុនោះ​ព្រះសង្ឃ​ទាំងនោះ​ ទើប​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះបរម​សាស្តា​ដែល​ទ្រង់​ធ្វើ​ពុទ្ធដំណើរ​ចេញ ពី​ល្អាង​សុករ​ខា​តា​ មក​គង់​ប្រថាប់ នៅ​ក្នុង​វត្ត​វេឡុវ័ន សូមជម្រាបថា ព្រះសង្ឃ​ដែល​ធ្វើដំណើរ​ទៅ​ផ្សព្វផ្សាយ​ពុទ្ធធម៌​នោះ មិនមែន​ធ្វើ​ដំណើរ​ទៅ​ព្រម​គ្នា​ទាំង ១,២៥០ អង្គ​នោះទេ ប៉ុន្តែ​ធ្វើដំណើរ​ទៅ​តែមួយ​អង្គឯង​ប៉ុណ្ណោះ មានន័យថា ធ្វើដំណើរ​ទៅ​ដាច់ដោយឡែក​ពីគ្នា ការដែល​ព្រះសង្ឃ​អង្គ​នីមួយៗ ធ្វើដំណើរ​ទៅ​វត្ត​វេឡុវ័ន​ដោយ​មិន បាន​ណាត់​ទុកជាមុន​ដូចជា​ណាត់​តាម​ទូរស័ព្ទ ឬ ឥ​ន្ធើ​ណិ​ត​ជាដើម ទើប​ចាត់ជា​ហេតុការណ៍​អស្ចារ្យ​។​

តើ​ព្រះសង្ឃ​ទាំង​១,២៥០​អង្គ​នោះ​ ចេញ​មកពី​ប្រភព​ណាខ្លះ​?
​ប្រភព​ នៃ​ព្រះសង្ឃ​ទាំង ១,២៥០​អង្គ​នោះ​គឺ​ ក​.សិស្សគណ​របស់​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ​ចំនួន​៥០០​អង្គ​។ខ​.សិស្សគណ​របស់​ព្រះ​នទី​ក​ស្សបៈ​ចំនួន​៣០០​អង្គ​។គ.សិស្សគណ​របស់​ព្រះ​គ​យា​ក​ស្សបៈ​ចំនួន​២០០​អង្គ។ ​ឃ​.សិស្សគណ​របស់​ព្រះ​សារីបុត្រ​ និង​ព្រះ​មោគ្គល្លាន​ចំនួន​២៥០​អង្គ​។​

សរុប​ព្រះសង្ឃ​ទាំងអស់​១,២៥០​អង្គ​ ដោយ​មិន​រាប់បញ្ចូល​ព្រះ​ឧ​រុ​វេ​លក​ស្សបៈ​,​ព្រះ​នទី​ក​ស្សបៈ​, ព្រះ​គ​យា​ក​ស្សបៈ​, ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន​នោះទេ​ បើ​រាប់បញ្ចូល​៥​អង្គ​នេះ​ទៀត ​បានជា​១,២៥៥ អង្គ​។​ ព្រោះ​អច្ឆរិយហេតុ​កើតឡើង ដោយ​មិន​នឹកស្មាន​ដល់​បែបនេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ ទើប​ទ្រង់​ឆ្លៀតឱកាស​នោះ សម្តែង​ឱវាទ​បាដិមោក្ខ​ដល់​ព្រះសង្ឃ​ចំនួន​១,២៥០​អង្គ​នោះ​ ដោយ​ទ្រង់ កំណត់​គោលនយោបាយ ក្នុងការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​៥​ចំណុច ​គឺ​ ក​.ឧ​ត្ត​ម​គតិ​បាន​ដល់ អំណត់​អត់ធ្មត់​ចាត់ជា​ការតស៊ូ​យ៉ាង​ស្វិតស្វាញ (​អភ័យ​ទាន​ផ្នែក​នយោបាយ​)​។​ ខ​.គោលបំណង​បាន​ដល់ ព្រះ​និព្វាន​ចាត់ជា​គោលបំណង​ខ្ពង់ខ្ពស់​របស់​ព្រះពុទ្ធសាសនា (​សាធារណៈ​ប្រយោជន៍​)​។​ គ​.វិធី​បដិបត្តិ​បាន​ដល់ មិន​រំលោភ​សិទ្ធិមនុស្ស​ និង​សត្វ (​សិទ្ធិមនុស្ស​)​។​ ឃ​.គោលការណ៍​មាន​៣​ចំណុច​ គឺ​មិន​ធ្វើអំពើ​អាក្រក់​ទាំងពួង (​សន្តិសុខ​)​ធ្វើអំពើ​ល្អ​ឲ្យ​ដល់​ព្រម (​ប្រយោជន៍​សង្គម​)​ធ្វើ​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់​(​អត្តា​ភិវឌ្ឍន៍​)​។​ ង​.វិធីសាស្ត្រ មាន​៦​ចំណុច​គឺ​ ៖​ មិន​បរិហារកេរ្តិ៍​បុគ្គល​ណា​(​វចីសុចរិត​ ​សណ្ហវាចា​,​សច្ចវាចា​,​អ​បិ​សុណ​វាចា​,​ម​ន្តា​វាចា​;​ឃោសនាការ​)​ មិន​ធ្វើទុក្ខបុកម្នេញ​បុគ្គល​ណា (​អហិង្សា ឬ សន្តិវិធី​) គោរព​ក្រមសីលធម៌ (​ចរិយាសាស្ត្រ​)​ស្គាល់ប្រមាណ​ក្នុង​អាហារ (​សេដ្ឋកិច្ច​) អង្គុយ​ ឬ​សិង​ក្នុង​ទី​ស្ងាត់ (​នគរោបនីយកម្ម​)​ប្រកប​ព្យាយាម​ក្នុង​អធិចិត្ត (​សិក្សាធិការ​)​។​
​ទាំង​៥​ចំណុច​ខាងលើនេះ ចាត់ជា​គោលនយោបាយ​របស់​ព្រះពុទ្ធសាសនា​។​

ថ្ងៃ​មាឃបូជា ​ចាត់ជា​ថ្ងៃ​ព្រះធម៌​, ថ្ងៃ​វិសាខបូជា​ចាត់ជា​ថ្ងៃ​ព្រះពុទ្ធ​, ថ្ងៃ​អាសា​ឡ្ហ​បូជា​ចាត់ជា​ថ្ងៃ​ព្រះ​សង្ឃ​។ ​តើ​ប្រារព្ធ​ពិធី​មាឃបូជា​បាន​ប្រយោជន៍​អ្វីខ្លះ​?​ ប្រយោជន៍​ នៃ​ថ្ងៃ​មាឃបូជា​គឺ ​៖
១-ពុទ្ធសាសនិកជន​បាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ ដល់​សារៈសំខាន់​ នៃ​ថ្ងៃ​មាឃបូជា​នេះ​។​
២-​យល់ដឹង​គោល​ធម៌ និង​គោលជំហរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu