Ad Code

ពលរដ្ឋ​ខេត្ត​ប៉ៃលិន ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោកជំទាវ បាន ស្រីមុំ និង​ស្នើ​សុំ​បន្ត​ការពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជា​បន្ត​ទៀត



​​ប៉ៃលិន ​៖ រយៈពេល​ពីរ​ថ្ងៃ​ គឺ​ថ្ងៃទី​១៦ និង​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៃ​ការ​ចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត លោកជំទាវ បាន ស្រីមុំ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា គឺជា​ការព្យាបាល​ជំងឺ ដោយ​មិន​ប្រកាន់វណ្ណៈ ជាតិ សាសន៍ ពណ៌​សម្បុរ និង​សញ្ជាតិ​ឡើយ សំខាន់​ឲ្យ​តែ​ប្រជាពលរដ្ឋ ដែលមាន​ជំងឺ​គឺ​ព្យាបាល​ទាំងអស់ ដោយ​មិន​យក​កម្រៃ​សេវា​ទៀតផង។

​នៅក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះដែរ គេ​សង្កេតឃើញ​វត្តមាន​នាយ​ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះ​ជួយ​ខេត្ត​ប៉ៃលិន ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ,​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត ,​ក្រុមការងារ​ស​.​ស​.​យ​.​ក ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។



បើតាម​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន បាន​លើកឡើងថា​ ៖ ​ពួកគាត់​ពិតជា មាន​សេចក្ដីត្រេកអរ​យ៉ាងខ្លាំង និង​សូម​ថ្លែងអំណរគុណ ឯកឧត្ដម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ ដែល​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ចុះជួយ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ហើយ​ក៏​សូម​ជូនពរ ឲ្យ​ឯកឧត្ដម លោកជំទាវ និង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ជួប​ប្រទះ​តែ​សេចក្ដីសុខ គ្រប់ប្រការ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​តម្កាត់​ទាំងឡាយ​។​

ជាមួយគ្នានេះ ​ពួកគាត់ ក៏បាន​ស្នើ​ សូម​ឲ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ លោក​ជំទាវ បាន ស្រីមុំ បន្ត ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់​បំផុត​ផង​ដែរ​។​

ក្នុង​ឱកាស ​នៃ​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះដែរ​ នាយ​ឧត្ដមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះជួយ​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​លើកឡើងថា​ កត្តា​សុខសន្តិភាព នាពេល​សព្វថ្ងៃនេះ កើតចេញពី​ថ្នាក់ដឹកនាំ​កំពូល ដែល​មាន សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​ប្រទេស ហើយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​មាន​នៅ​ពេល​នេះ ក៏​កើត​ចេញមក​ពី​ប្រទេស​មាន​សុខសន្តិភាព ដូច្នេះ​យើង​ទាំងអស់ ត្រូវតែ​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព និង​ស្ថិរភាព តាម​គោលនយោបាយ ឈ្នះ ឈ្នះ របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន​គង់វង្ស។​


នាយ​ឧត្ដមសេនីយ៍ ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​ប៉ៃលិន មានប្រសាសន៍​បន្តថា​ ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្ដែង​ចេញពី​សេចក្តី​ស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមគ្នា​តែ​មួយ អនាគត​តែមួយ ពោលគឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណា​មួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​។

បន្ថែម​លើ​នេះ ​លោក និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ សូម​ប្ដេជ្ញា​បន្ត​ចុះជួយ​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ជា​បន្តទៀត ព្រោះ​ចង់ឃើញ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​គ្រប់ៗ​គ្នា​ផងដែរ។​

គួរ​រំលឹក​ផងដែរ​ថា​ ការពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ដែល​ទទួលបាន​ជោគជ័យ យ៉ាង​ត្រចះត្រចង់​បែបនេះ គឺ​ដោយសារ​មានការ ចង្អុលបង្ហាញ​ពី លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​ នៃ​កម្ពុជា ហើយ​នេះ​ជាការ​ពិនិត្យ និង​ព្យាបាល​ជំងឺ សម្រាប់​អាណត្តិ​ទី​៦ លើក​ទី​៥៦ ដោយ​ក្នុង​អាណត្តិ​ទី​៥ ការពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ បាន​ចំនួន​៥៤​លើក ដោយមាន​ប្រជាពលរដ្ឋ មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ចំនួន​២៧៥៧២​នាក់ ផងដែរ៕​

 




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu