ភ្នំពេញ ៖ ផ្ដើមចេញពីជម្លោះតេទូរស័ព្ទមិនលើកបុរសជាប្ដីបានទៅតាមរករឿងប្រពន្ធដល់កន្លែងធ្វើការ នៅពេលមកដល់ផ្ទះវិញ ពួកគេបានវាយតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យនាងប្រពន្ធសន្លប់ឈឹង រីឯបុរសជាប្ដីក៏របួសពេញខ្លួនផងដែរ ដោយសារស្នាមក្រចករបស់ប្រពន្ធ ដែលអ្នកភូមិនាំគ្នាហួសចិត្តគ្រប់គ្នា ព្រោះពួកគេបានឈ្លោះវាយតប់គ្នាចំថ្ងៃទិវានៃក្ដីស្រឡាញ់ដោយមនុស្សក្នុងពិភពលោកកំពុងអបអរសាទរចំពោះទិវានេះស្ទើរគ្រប់ៗគ្នា។
ហេតុការណ៍ហិង្សានៅក្នុងគ្រួសារ ដែលមានភាពភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង៨យប់នាថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៩ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តីឈ្មោះ ផាន់ សុវន អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ីរស់នៅផ្ទះកើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាន់ វី ហៅលីន អាយុ២៩ឆ្នាំ មុខរបរមើលការខុសត្រូវទូហ្គេម និងមានកូន២នាក់។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានឮសំឡេងគ្រួសារខាងលើ មានជម្លោះនៅក្នុងគ្រួសារ ដោយឮបោករបស់របរក្នុងផ្ទះ ហើយឮសំឡេងកូនយំទ្រហឹងពេញផ្ទះ បន្ទាប់មកកូនប្រុសរបស់ពួកគាត់ បានចេញមកពីក្នុងផ្ទះ ហើយប្រាប់ថា ឪពុកម្តាយរបស់ខ្លួន កំពុងវាយគ្នាទៅវិញទៅមក ភ្លាមៗនោះប្រជាពលរដ្ឋនៅភូមិខាងលើ ក៏បានតេប្តឹងឲ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
ខណៈពេលប្រជាពលរដ្ឋតេប្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញប្តី មានរបួសស្នាមក្រចកពេញខ្លួន តែមិនឃើញប្រពន្ធ ខណៈពេលនោះដែលសមត្ថកិច្ចបានស្រែកហៅប្រពន្ធ តែមិនឮសំឡេងឆ្លើយតប ហើយសមត្ថកិច្ចមានការសង្ស័យ បានឡើងទៅលើឡៅតឿ ដោយឃើញស្ត្រីជាប្រពន្ធបានដេកសន្លប់ស្ដូកស្ដឹងនៅលើពូក ភ្លាមៗនោះសមត្ថកិច្ចបាន ហៅប្រជាពលរដ្ឋនៅក្បែរនោះឲ្យជួយធ្វើចលនាដង្ហើមនឹងបានបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ។
តាមប្រភពបន្ដថា អំពើហិង្សានៅក្នុងគ្រួសារខាងលើនេះ គឺដោយសារតែ បុរសជាប្តីមិនសូវស្រួលខ្លួន ក៏បានតេទៅប្រពន្ធគាត់ជាច្រើនលើកតែប្រពន្ធគាត់មិនព្រមទទួល មួយសន្ទុះក្រោយមក នៅពេលដែល ប្រពន្ធរបស់ខ្លួន លើកទូរស័ព្ទ ណាមួយដោយសារតែខឹងខ្លាំងពេកខ្លួនក៏បានជេរប្រមាថប្រពន្ធគាត់យ៉ាងខ្លាំង និងបានទៅរករឿងនៅកន្លែងធ្វើការទៀតផង។ ខណៈដែលមកដល់ផ្ទះ វិញប្រពន្ធរបស់គាត់ បានបោករូបថត អាពាហ៍ពិពាហ៍ចោល ហើយប្តីបានបោកទូរស័ព្ទប្រពន្ធចោលវិញដែរ ហើយក៏បានវាយតប់គ្នាតែម្ដង។ ចំណែកខាងប្តីក៏បានរងរបួសពេញខ្លួនផងដែរ ដោយសារប្រពន្ធខាំនឹងក្រញ៉ៅស្នាមក្រចក ពេញពេញខ្លួន។ ស្ត្រីរងគ្រោះជាប្រពន្ធ មិនបានប្តឹងផ្តល់ទៅលើប្តីរបស់ខ្លួនទេ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យានិងឲ្យត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments