Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រៀបចំ​វេទិកា​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ នៅក្នុង​ខែ​មីនា



ភ្នំពេញ​ ៖ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​វេទិកា​ពិភាក្សា​រវាង​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​ឲ្យ​បាន​នៅក្នុង​ខែ​មិនា​ខាងមុខនេះ ដើម្បី​ពិនិត្យមើល​អំពី​បញ្ហា​កំណែទម្រង់ ដែល​ត្រូវប្រកាន់យក​ដើម្បី​ជំរុញ​ល្បឿន​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា។

ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងមហាផ្ទៃ​ឆ្នាំ ២០១៨ និង លើក​ទិសដៅ​ឆ្នាំ ២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​នៅក្នុង​ខែ​មិនា​ខាងមុខនេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា «​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ផ្នែក​ពាក់ព័ន្ធ​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​នៅក្នុង​ខែមីនា​ខាងមុខនេះ​ដើម្បី​យើង​ពិភាក្សា​បន្ថែម ទៀត​ទៅលើ​បញ្ហា​ទាក់ទង​នឹង​កំណែទម្រង់​ដែល​យើង​ត្រូវប្រកាន់យក​ដើម្បី​ជំរុញ​ល្បឿន​កំណើនសេដ្ឋកិច្ច​របស់​យើង​»​។



វេទិកា​ពិភាក្សា​រវាង​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​នៅពេល​ខាងមុខ គឺ​ផ្តោត​សំខាន់​ទៅលើ​កំណែទម្រង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ប្រកាន់​យក​ដើម្បី​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ហើយក៏​ជាការ​ឆ្លើយ​តប​នឹង​ស្ថានភាព​ដែល​កម្ពុជា​អាច​នឹង​ត្រូវ​ដក​ការអនុគ្រោះ​ពន្ធ EBA ជា​បណ្ដោះអាសន្ន​នាពេលខាងមុខ​ពី​សហភាព​អឺរ៉ុប​។

ថ្មីៗ​កន្លង​ទៅ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុងតែ​ចាត់វិធានការ​កែទម្រង់​មុត​ស្រួច និង ស៊ីជម្រៅ​សំដៅ​សំដៅ​កែលម្អ​និង​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុ​ជាពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម និង​កាត់​បន្ថយថ្លៃ​នៃ​ការ​ធ្វើ​ធុរកិច្ច​ជាអាទិ៍​រាជរដ្ឋាភិបាល​បាន​លុបបំបាត់​នូវ​វិ​ញ្ញាប​ន​ប័ត្រ​ប្រភព​ដើម​ទំនិញ (CO ) ការកែសម្រួល​មុខ​នាទី​របស់​កាំកុងត្រូល​ចេញពី​ការ​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល ,​ការរំសាយ​អង្គភាព​កាំសាប ,​ការកាត់បន្ថយ​ថ្លៃ​ស្កេ​ន​កុងតឺន័រ និង ថ្លៃ​សេវា​មួយចំនួនទៀត ការកែលម្អ​សេវា​អ្នក​ជាប់ពន្ធ ការលើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​វិធាន​ការសំខាន់ៗ​ជា​ប្រព័ន្ធ​ជាច្រើន​ទៀត ដែល​សហគមន៍​ធុរកិច្ច​បាន​រកឃើញ ព្រមទាំង​នឹង​បានទទួល​ផលប្រយោជន៍​ជាក់ស្តែង​បន្ថែម​ជា​បន្តបន្ទាប់។ ជាមួយនឹង​ការកែទម្រង់​មុត​ស្រួច​និង​ស៊ីជម្រៅ​ដែល​បាន និង​កំពុង​អនុវត្ត ហើយ​និង​បន្ត​ដាក់ចេញ​ជា​បន្តបន្ទាប់​ទៀត​នេះ​កម្ពុជា​ជឿជាក់​ថា ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​នឹង​មាន​សភាព​រឹតតែ​ប្រសើរ​ឡើង ដែល​នឹង​ផ្តល់​នូវ​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​សម្រាប់​វិនិយោគិន​និង​ធុរជន ទាំង​ក្នុង​និង​ក្រៅប្រទេស។ ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​ពិសេស​តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​នៃ​ការ​ធ្វើ​ធុរកិច្ច ការ​បង្កើន​ប្រសិទ្ធភាព នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង ការ​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច ជាទូទៅ និង​ជួយ​ឲ្យ​វិនិយោគិន​និង​ធុរជន​ទាំងឡាយ​អាច​រក​ចំណេញ​បាន​សមរម្យ​នៅក្នុង​ការ​ធ្វើ​កិច្ចប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​ទោះបីជា​ត្រូវ​បង់ពន្ធ​ទៅវិញទៅមក​ក៏ដោយ ហើយ​បន្ត​ចូល​រួម​ចំណែក​ដល់​ការ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ​ជូន​ដល់​ពលករ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​។​

សម្ដេច​តេ​ជោ ហ៊ុន សែន​ក៏បាន​សង្កត់ធ្ងន់​ពី​ភាព​ចាំបាច់​ដែល​កម្ពុជា​ត្រូវតែ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ឲ្យ​កម្ពុជា​អាច​លក់​ផលិតផល​ដោយ​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ ទោះ​គ្មាន​ការអនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ក៏ដោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu