Ad Code

ការ​យកពន្ធ​អង្ករ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA លើ​កម្ពុជា​ឡើយ



ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពី​ពិធី​បិទ​សន្និបាត​ការងារ​របស់​ក្រសួងមហាផ្ទៃ​ឆ្នាំ ២០១៨ និង ទិសដៅ​ឆ្នាំ ២០១៩ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើ​ថា​បញ្ហា​សហភាព​អឺរ៉ុប​កំណត់​ថ្លៃ​យកពន្ធ​អង្ករ​កម្ពុជា​គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(Everything But Arms) លើ​កម្ពុជា​ឡើយ​។

ថ្លែង​ចំពោះមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ​នា​រសៀល​ថ្ងៃទី ១៤ ខែ កុម្ភៈ សម្ដេច តេ​ជោ ហ៊ុន សែន បាន​ពន្យល់ថា​បញ្ហា​ពន្ធ​អង្ករ​នេះ​ គឺ​វា​កើត​ចេញពី​ការប្រកួតប្រជែង​ទីផ្សារ​អង្ករ​របស់​កម្ពុជា ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ​និង​អ៊ី​តា​លី​ប៉ុណ្ណោះ​។ ដោយសារតែ​បញ្ហា​នេះហើយ ​ទើប​ធ្វើ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ទាំងពីរ​ដែល​ប្រកួតប្រជែង​ទីផ្សារ​អង្ករ​ចាញ់​កម្ពុជា​ តែងតែ​រក​វិធី​ឲ្យ​សហភាព​អឺរ៉ុប​គិត​ពន្ធ​អង្ករ​ពី​កម្ពុជា​បែបនេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​បើ​និយាយ​ពី​បញ្ហា​អង្ករ មិនមែនជា​បញ្ហា EBA នោះទេ​។ អង្ករ​វា​ជា​បញ្ហា​ប្រកួតប្រជែង​រវាង​អង្ករ​អ៊ីតា​លី អេ​ស្ប៉ា​ញ ជាមួយ​អង្ករ​ដែល​ទៅ​ពី​កម្ពុជា​។ រឿង​នេះ​វា​កើត​ប៉ុន្មាន​ឆ្នាំ​រួច​មក​ហើយ​អ៊ី​តា​លី​និង​អេ​ស្ប៉ា​ញ​គេ​ផលិត​អង្ករ​របស់​គេ​។ លក់​មិន​ដាច់ ដោយសារ​អង្ករ​របស់​កម្ពុជា​វា​ឆ្ងាញ់​។ ដូច្នេះហើយ​បានជា​គេ​ទប់ស្កាត់​អង្ករ​របស់​កម្ពុជា ឲ្យ​អង្ករ​របស់​កម្ពុជា​បង់​ពន្ធ​»​។

ទោះ​ជា​មាន​បញ្ហា​នេះ​ក្តី​ ក៏​សម្ដេច​តេ​ជោ ហ៊ុន សែន នៅតែ​ហ៊ាន​អះអាង​ថា ​ការយកពន្ធ​នេះ​វា​មិន​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា​និង​ជីវភាព​កសិករ​ក្នុងស្រុក​ឡើយ​ ពោល​គឺ​អ្នក​ដែល​រង​ផលប៉ះពាល់​នោះ​គឺជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អឺរ៉ុប​និង​ពលរដ្ឋ​ដែល​គាំទ្រ​រសជាតិ​អង្ករ​របស់​កម្ពុជា​ប៉ុណ្ណោះ​។



​សម្តេច​តេ​ជោ​មានប្រសាសន៍ថា «​ប៉ុន្ដែ​អ្នករងគ្រោះ​ពិតប្រាកដ​មិនមែន​កសិករ​កម្ពុជា​តែម្នាក់ឯង​ទេ​គឺ​ខ្មែរ​នៅ​អឺរ៉ុប​ដែល​ធ្លាប់​ស៊ី​អង្ករ​ខ្មែរ​គឺជា​អ្នក​បង់ថ្លៃ​ទេ​។ សូមកុំ​ភាន់ច្រឡំ​។ បងប្អូន​ខ្មែរ​នៅ​បរទេស​ទាំងឡាយ​អង្ករ​កម្ពុជា​មិនអាច​នាំទៅ​អឺរ៉ុប​តាមរយៈ​ដែល​គ្មាន​ការ​បង់ពន្ធ​មិនមែន​មកពី​បញ្ហានយោបាយ​ទេ បណ្ដាលមកពី​ការ​ទាមទារ​របស់​អ៊ី​តា​លី និង​អេ​ស្ប៉ា​ញ​។ ដើម្បី​អង្ករ​អេ​ស្ប៉ា​ញ​និង​អ៊ី​តា​លី លក់ដាច់​គេ​ត្រូវ​វាយ​ពន្ធ​លើ​អង្ករ​កម្ពុជា​ឲ្យ​វា​ថ្លៃ​ជាង​។ ប៉ុន្ដែ​អ្នកណា​អ្នករងគ្រោះ​បើសិន​អង្ករ​កម្ពុជា​ត្រូវ​វាយ​ពន្ធ​ចូល​? អ្នក​ដែល​រងគ្រោះ​គឺ​អ្នក​ដែល​ទទួលទាន​នៅ​អឺរ៉ុប​អ្នក​ទទួលទាន​នៅ​អឺរ៉ុប​មាន​មួយ​ភាគ​ជា​ជនជាតិ​កម្ពុជា​នោះ​ឯង​។ ​អញ្ចឹង​ត្រូវ​បង់ថ្លៃ​ទៅ​។ នោះ​ហើយ​ជា​អ្វី​ដែល​មនុស្ស​មួយចំនួន​ចង់បាន​។ ទី​ចុង​បំផុត​គឺ​ធ្វើបាប​ខ្លួនឯង​។ បារាំង ឬ​បរទេស គេ​ស៊ី​ដំឡូង នំប៉័ង​តើ​។ ខ្មែរ និង​ពួក​អាស៊ី​ទេតើ​ស៊ី​បាយ​។ អញ្ចឹង​អង្ករ​ធ្លាប់តែ​ទិញ​ថោក (​ប្រែជា​ត្រូវ​)​ទិញ​អង្ករ​ថ្លៃ​ទៅ​។ សូមកុំ​ភ្លេច​កាលណា​តែ​មាន​ការ​វាយ​ពន្ធ​ការខូចខាត​មិនមែន​មានតែ​នៅ​កម្ពុជា​ទេ​។ ពាក់កណ្ដាល​ម្នាក់​។ អ្នកប្រើប្រាស់​ចុងក្រោយ​ជា​អ្នក​បង់ថ្លៃ​ទាំងអស់​។ ឧទាហរណ៍​ថា​ ពីមុន​អាវ​មួយ​តំលៃ ១០០​ដុល្លារ ប៉ុន្ដែ​ត្រូវ​វាយ​ពន្ធ ១០​ដុល្លារ អញ្ចឹង​ពីមុន​អ្នក​ធ្លាប់​ទិញ​នៅ​អឺរ៉ុប​តម្លៃ ១០០ ពេល​ដែល​មានការ​វាយ​ពន្ធ​ហើយ​ត្រូវ​ទិញ​តម្លៃ ១១០ ដុល្លារ​។ ដូច្នេះ​អ្នក​ប្រើ​ចុងក្រោយ​ទេ​ដែល​ទទួលរង​ការខូចខាត​»​។

សម្រាប់​ការប្រកួតប្រជែង​ក្នុង​ការ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា «​សម្រាប់​យើង​ត្រូវ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ថ្លៃដើម​នៃ​ការផលិត​របស់​កម្ពុជា​មានការ​ចុះថោក​ដើម្បី​ឲ្យ​ធុរជន​ទាំងឡាយ​ដែល​ធ្វើ​កិច្ចការ​នៅ​កម្ពុជា​នេះ​ទទួល​បាន​ផល​ចំណេញ និង​មានលទ្ធភាព​បង់ពន្ធ​សម្រាប់​ចូល​ទី​កាន់​ទីផ្សារ​អឺរ៉ុប​»​។

កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ជាង​៥៩,៦​ម៉ឺន​តោន​តែប៉ុណ្ណោះ​នៅ​ខែមករា ឆ្នាំ២០១៩ នេះ​។ តួលេខ​នាំចេញ​នេះ​បាន​ធា្ល​ក់​ចុះ​៥​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​គ្នា កាល​ឆ្នាំ​២០១៨ មាន​ជាង​៦២,២​ម៉ឺន​តោន​។​ នេះ​បើ​តាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​របស់​ក្រុមការងារ​ផ្នែក​ស្រូវ​-​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​(SOWS-REF)​។

ក្នុង​របាយការណ៍​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​២០១៨ កម្ពុជា​នាំចេញ​ទៅ​លក់បាន​ជាង ៦២​ម៉ឺន​តោន​ថយចុះ​១,៥​ភាគរយ​បើ​ធៀប​នឹង​ការនាំចេញ ៦៣​ម៉ឺន​តោន​កាលពី​ឆ្នាំ​២០១៧​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា​អង្ករ​កម្ពុជា​ដល់​ទៅជិត ២៧​ម៉ឺន​តោន​ត្រូវបាន​នាំចូល​ទៅកាន់​ទីផ្សារ​សហ​គម​ន៍​អឺរ៉ុប​ដែល​ធ្វើ​ឲ្យ​អឺរ៉ុប​ក្លាយជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អង្ករ​កម្ពុ​ជាមាន​ចំណែក​ដល់​ទៅ​ជាង ៤៣​ភាគរយ​នៃ​តួលេខ​អង្ករ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

សូម​រម្លឹក​ជូន​ថា​ សហភាព​អឺរ៉ុប​ចាប់ផ្តើម​គិត​ពន្ធ​លើ​អង្ករ​កម្ពុជា​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ តទៅ​។ ឆ្នាំ​ទីមួយ​តម្លៃ​ពន្ធ​ចំនួន​១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​អង្ករ​១​តោន​, តម្លៃ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​អង្ករ​១​តោន នៅ​ឆ្នាំ​ទី​ពីរ និង​ចុះមក​ត្រឹម​១២៥​អឺរ៉ូ (​ប្រហែល​១៤២​ដុល្លារ​) ក្នុង​អង្ករ​១​តោន នៅ​ឆ្នាំ​ទី​បី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu