ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយជូនដល់ប្រជានុរាស្ត្រក្រីក្រចំនួន៥៣៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១ និងថវិកា ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ចំនួន ២៤នាក់ព្រមទាំងកុមារចំនួន ៤៧៣នាក់ ស្ថិតនៅភូមិអាងខ្ចៅ ភូមិវត្តភ្នំ ភូមិធំ និងភូមិជីម្រាក់ ឃុំកំពែង ស្រុកគិរីវង ខេត្តតាកែវ។
មានព្រះរាជបន្ទូលទៅកាន់លោកយាយលោកតា និងបងប្អូនប្រជារាស្ត្រជាកូន ជាចៅ របស់ព្រះអង្គ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានសម្ដែងនូវព្រះរាជហឫទ័យសប្បាយរីករាយក្រៃលែងដោយបានយាងមកជួបលោកតា លោកយាយ និងប្រជារាស្ត្រជាកូន ជាចៅរបស់ព្រះអង្គនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ជាពិសេសព្រះអង្គបានទតផ្ទាល់ពីជីវភាពរស់នៅរបស់ប្រជារាស្ត្រជាកសិករ។
ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គក៏បានពាំនាំនូវព្រះរាជបន្ទូល ពីព្រះរាជបណ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទួត ជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
នៅក្នុងឱកាសនោះព្រះមហាក្សត្រក៏បានមានព្រះរាជបន្ទូលកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។
បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមកព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រោស ព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្ថរបស់ព្រះអង្គដល់ប្រជារាស្ត្រជាកសិករចំនួន ៥៣៩គ្រួសារ និង បានយាងទតនៅតាមផ្ទះប្រជារាស្ត្ររបស់ព្រះអង្គ ដោយព្រះទ័យរីករាយចំពោះជីវភាពដ៏ល្អប្រសើររបស់ប្រជានុរាស្ត្រ៕
Source: Kampuchea Thmey Daily
0 Comments