Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ណែនាំ​កិច្ច​ការសំខាន់ៗ​ជា​អាទិភាព​ចំនួន​៨​ចំណុច​ដល់​ក្រសួងមហាផ្ទៃ



ភ្នំពេញ ៖ ក្នុងនាម​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​នគរបាល​ជាតិ និង​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ធ្វើ​ឲ្យ​ក្រសួងមហាផ្ទៃ​សម្រេចបាន​បេសកកម្ម​សំខាន់ៗ​របស់ខ្លួន​និង​សមិទ្ធផល​ការងារ​ជាច្រើន​ដែល​បានរួម​ចំណែក​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ ព្រមទាំង​កម្មវិធី​កែទម្រង់​នានា​ដែល​បានកំណត់​។



ជា​ការពិត​រយៈពេល​ពេញ​មួយឆ្នាំ ២០១៨ ដែល​ទើបតែ​កន្លង​ផុត​ទៅ​ថ្មីៗ​កម្ពុជា​បាន​ពុះពារ​ជំនះ​ប្រកបដោយ​ជោគជ័យ​គ្រប់​ឧបសគ្គ​តូច​ធំ និង​ឧបាយកល​ដ៏​គ្រោះថ្នាក់​របស​ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច ដែល​ទទួល​បាន​ការ​គាំទ្រ​និង​ការលើកទឹកចិត្ត​ពី​មជ្ឈដ្ឋាន​មួយចំនួន​នៅ​ក្រៅ​ប្រទេស​ដែល​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា​ក្នុង​គោលបំណង​បន្ទច់បង្អាក់​ដំណើរការ​អភិវឌ្ឍ​និង​ភាព​រស់នៅ​ដោយ​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ពេលនោះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​រួមគ្នា​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ដ៏​ល្អប្រសើរ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៤ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ តាម​អាណត្តិ​ដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ មាន​តម្លាភាព និង​មាន​សុវត្ថិភាព ជាពិសេស​ប្រជាពលរដ្ឋ​ចំនួន ៨៣,០២% នៃ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បានចេញ​ទៅ​បោះឆ្នោត​ដោយ​សេរី​និង​មាន​ទឹកមុខ​សប្បាយរីករាយ​ក្នុង​ឋានៈ​ជា​ម្ចាស់​ឆ្នោត​ដើម្បី​អនាគត​ប្រទេសជាតិ និង​បន្ត​ថែរក្សា​សុខសន្តិភាព​ឲ្យ​បាន​គង់វង្ស​ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ឧបាយកល​ក្រុម​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​ដែល​ប៉ុនប៉ង​បំផ្លាញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត​នៅ​កម្ពុជា​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង​។



ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មានប្រសាសន៍ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ គឺជា​ត្រីវិស័យ​សម្រាប់​តម្រង់​ទិស​សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ក្នុង​នីតិកាល​ទី ៦ នេះ​។ យុទ្ធសាស្ត្រ​នេះ​រក្សាទុក​នូវ​រចនាសម្ព័ន្ធ​ដដែល ប៉ុន្តែ​ពង្រឹង និង​ពង្រីក​នូវ​វិសាលភាព ហើយ​សម្រិតសម្រាំង​បន្ថែម​ទៀត​នូវ​យន្តការ​អនុវត្ត​ដើម្បី​ធ្វើ​ឤទិភាវូបនីយកម្ម​មុំ​នីមួយៗ​នៃ​យុទ្ធសាស្ត្រ​តុ​កោណ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ទន្ទឹម​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​ថ្មីៗ​ទៀត​ក្រោម​បាវចនា «​កែទម្រង់​ខាងក្នុង​កសាង​មិត្ត​ខាងក្រៅ ដោយ​ឈរ​លើ​មូលដ្ឋាន​ឯករាជ្យ​»​ ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង​របស់​កម្ពុជា​សំដៅ​កសាង​មូលដ្ឋានគ្រឹះ​ចាំបាច់​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តល់​នូវ​គោលការណ៍​ណែនាំ​លើ​កិច្ច​ការសំខាន់ៗ​ជា​អាទិភាព​ដែល​ក្រសួងមហាផ្ទៃ​និង​រដ្ឋបាល​គ្រប់​ថ្នាក់​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​សម្រេច​ឲ្យ​បាន​ដូចខាងក្រោម​៖

​ទីមួយ​-​ត្រូវ​បន្ត​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ អធិបតេយ្យភាព បូរណភាព​ទឹកដី ប្រឆាំង​ដាច់ខាត នូវ​បដិវត្តន៍​ពណ៌ និង​រាល់​សកម្មភាព ដែល​ប៉ុនប៉ង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ​យើង​។ ទន្ទឹម​នេះ កងកម្លាំង​នគរបាល​ជាតិ និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ ត្រូវ​សហការ​ជាមួយ ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ការពារ​សន្តិសុខ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា​រាល់​សកម្មភាព ចលាចល និង​ភាព​វឹកវរ​ក្នុង​សង្គម​។

ទី​ពីរ​-​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ ត្រូវ​បន្ត​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​ជំនាញ វិន័យ និង​ក្រមសីលធម៌ វិជ្ជាជីវៈ​ដល់​កងកម្លាំង​នគរបាល​ជាតិ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។ ទន្ទឹម​នេះ ក្រសួង​ស្ថាប័ន ឤ​ជ្ញា​ធរ​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល វិស័យ​ឯកជន ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ រួមគ្នា​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ សកម្មភាព​លួច​ឆក់ ប្លន់ និង​បន្ត​ពង្រឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បង្ការ​ទប់ស្កាត់​អគ្គិភ័យ ដើម្បី​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ការរស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខសន្តិភាព និង​សុវត្ថិភាព​។

ទី​បី​-​ត្រូវ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឤ​ជ្ញា​ធរ កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រទេសជិតខាង ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា សកម្មភាព​ភេរវកម្ម ឧក្រិដ្ឋកម្ម​អន្តរជាតិ ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា និង​បទល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ក្នុង​សង្គម​។

ទី​បួន​-​ត្រូវ​បន្ត​ពង្រឹង​ការទទួលខុសត្រូវ ក្នុង​ការ​គ្រប់គ្រង​ជន​បរទេស​អន្តោប្រវេសន៍ តាមរយៈ​ការ​យកចិត្តទុកដាក់ និង​កា​រលើ​កម្ពស់​ការគ្រប់គ្រង​ការ​ចេញចូល​តាម​ច្រកទ្វារ​ព្រំដែន ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវ​អាកាស​។ ទន្ទឹម​នេះ ត្រូវ​បង្កើន​កិច្ចសហការ​ក្នុង​ការ​គ្រប់គ្រង​ការ​ស្នាក់នៅ ការ​ប្រកបមុខរបរ និង​សកម្មភាព​ជនបរទេស ជនបរទេស​អន្តោប្រវេសន៍​នៅក្នុង​ប្រទេស ស្របតាម​ច្បាប់​អន្តោប្រវេសន៍ ច្បាប់​ការងារ និង​លិខិត​បទដ្ឋាន​នានា​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ទី​ប្រាំ​-​អំពី​ការកែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ជំរុញ​ការផ្ទេរ​មុខងារ​ធនធាន​ពី​ក្រសួង​ស្ថាប័ន​នានា​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការ​ប្រគល់​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច ការចាត់ចែង​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព​និង​គណនេយ្យ​ភាព​ដើម្បី ឆ្លើយតប​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​តាម​មូលដ្ឋាន​នីមួយៗ​។ ទន្ទឹម​នេះ​នៅ​ថ្ងៃទី ២៦ ខែ ឧសភា ខាងមុខ កម្ពុជា​នឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ លើក​ទី ៣ ស្របតាម​ឤ​ណ​ត្ដិ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​។ ខ្ញុំ​សូម​ឲ្យ​ក្រសួង​ស្ថាប័ន​នានា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អ្នក​ពាក់ព័ន្ធ​នានា​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​ឲ្យ​បាន​ពេញលេញ និង​ត្រឹមត្រូវ តាមច្បាប់​កំណត់​។



ទី​ប្រាំមួយ​-​ត្រូវ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​ការ​ផ្តល់​សេវាសាធារណៈ ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការពង្រីក​ការផ្តល់សេវា​តាម​យន្ត​ការឃុំ​/​សង្កាត់ ច្រក​ចេញចូល​តែមួយ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ថែមទៀត ដើម្បី​បង្ខិត​ការផ្តល់សេវា​នានា​ឲ្យ​កៀក​ជិត​ប្រជាពលរដ្ឋ​។​

​ទី​ប្រាំពីរ​-​ផ្អែក​តាម​ការព្យាករណ៍​ឆ្នាំនេះ ប្រទេស​យើង​នឹង​ឤ​ច​មាន​ឤ​កាស​ធាតុ​ក្តៅ​ហួតហែង ហើយ​រដូវប្រាំង​ត្រូវ​អូស​បន្លាយ​យូរ​ជាង​ឆ្នាំមុនៗ ដូច្នេះ ខ្ញុំ​សូម​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​ត្រួតពិនិត្យ​ប្រភព​ទឹក​តាម​មូលដ្ឋាន ទាំង​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់ ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​បង្កបង្កើនផល​រដូវប្រាំង ដើម្បី​មាន​វិធានការ​ការពារ និង​ប្រើប្រាស់​ប្រភព​ទឹក​ដែល​នៅ​សេសសល់​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ទន្ទឹមនេះ ក្រសួង​-​ស្ថាប័ន​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​កងកម្លាំង​ប្រដាប់​ឤ​វុ​ធ ត្រូវ​ត្រៀម​លក្ខណៈ​អន្តរាគមន៍​ដើម្បី​ដឹកជញ្ជូន​ទឹក​ជូន​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​រងគ្រោះ​ដោយសារ​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នោះ​ឡើយ​។

ជា​មួយ​នេះ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត ណែនាំ អប់រំ​ប្រជាជន​នៅ​តាម​មូលដ្ឋាន​ឲ្យ​ថែរក្សា​សុខភាព ការពារ​ជំងឺឆ្លង​រាតត្បាត​តាម​កសិដ្ឋាន​នានា និង​ត្រូវមាន​វិធាន​ការជួយ​អន្តរាគមន៍​ក្នុង​ការ​ព្យាបាល​ជំងឺ ទាំង​មនុស្ស និង​សត្វ​ឲ្យ​បាន​ទាន់​ពេលវេលា​។

ទី​ប្រាំបី​-​យើង​ត្រូវ​រួមគ្នា​ធ្វើការ ដើម្បី​ពង្រីក​ការលូតលាស់​ខាង​សេដ្ឋកិច្ច ដើម្បី​បន្ត​ពង្រឹង​ឯករាជ្យ​ភាព​ខាង​នយោបាយ​របស់​យើង​។ យើង​មិន​ត្រូវ​យក​អធិបតេយ្យភាព​របស់​យើង​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ណាមួយ​នោះ​ឡើយ​។ យើង​ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ឲ្យ​ទៅជា​ឱកាស នៃ​ការ​ខិតខំ​ឈានឡើង នៃ​សេដ្ឋកិច្ច​របស់​យើង​។ ការព្យួរ EBA ដែល​នឹង​ដឹងបាន​រយៈពេល ១៨ ខែ​ទៀត បើទោះជា​បាត់ ឬ​នៅ​មាន​បន្ត​ក៏​មិន​អាចធ្វើ​ឲ្យ​យើង​ស្លាប់ ឬ​ក្លាយជា​អ្នកមាន​បានដែរ​។ EBA មុន និង​ក្រោយ គង់តែ​បាត់​ដូចគ្នា គ្រាន់តែ​យូរ និង​ឆាប់​តែប៉ុណ្ណោះ ដូចនេះ ការរកស៊ី​បង់ពន្ធ​ឲ្យ​គេ និង​បង់ពន្ធ​ឲ្យ​យើង គឺជា​រឿង​ជៀស​មិន​រួច ហើយ​ថ្លៃថ្នូរ និង​ស្ថិរភាព​ទៀតផង ដែល​យើង​ត្រូវ​រក​គ្រប់​វិធី​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​យើង​កាន់​តែមាន​ភាព​ប្រកួតប្រជែង​កាន់តែខ្លាំង​។ ជនរួមជាតិ ជាពិសេស កម្មករ កម្មការិនី បើ​នៅតែមាន​មុខរបរ មានការ​ងារ​ធ្វើ មាន​ប្រាក់ចំណូល សុំ​កុំ​ខ្វល់ អ្នកណា​និយាយ​ពីអ្វី​? មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​និវត្តជន បើ​នៅតែ​ទទួលបាន​បៀវត្ស​២​សប្តាហ៍​ម្តង​សុំ​កុំ​ខ្វល់​អ្នកណា​និយាយ​ពីអ្វី​? គឺ​ត្រូវ​បន្ត​តាម​ពាក្យ​ឆ្កែ​ចេះតែ​ព្រុស មនុស្ស​ចេះតែ​ដើរ​។ យើង​ក៏​ចង់​មើលឃើញ​អ្នក​ដែល​កំពុង​សប្បាយ ដែល​បានឃើញ​បរទេស​ធ្វើបាប​យើង ហើយ​ដែល​កំពុង​រង់ចាំ​នូវ​ការស្លាប់​នៃ​រដ្ឋាភិបាល​យើង​គេ​នឹងធ្វើ​មុខ​បែបណា​នៅពេលដែល​យើង​មិន​ស្លាប់​តាម​បំណង​របស់គេ​។ បើ​យើង​មិន​ប្រឹង​ខ្លួន​យើង​នោះទេ​ទោះបី​មាន​គេ​ជួយ​ច្រើន​យ៉ាងណា​ក៏​នៅតែ​ក្រ​ហើយ​ទទួល​នូវ​ការប្រមាថ​ដដែល​។ យើង​ខិតខំ​ដើម្បី​ជាតិ​យើង មិនមែន​តម្រូវ​តាម​ការចង់បាន​របស់​បរទេស​ណាមួយ​នោះ តែ​យើង​ក៏ត្រូវ​ការ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយ​ប្រទេស​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu