Ad Code

បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង ​ស្ដីពី​ការកំណត់​ផ្ទៃ​បឹង​កប់​ស្រូវ​



ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​ស្ដីពី​ការកំណត់​ផ្ទៃ​បឹង​កប់​ស្រូវ​(​បឹង​តា​មោក​)​ ដែល​ប្រជាពលរដ្ឋ​បាន​ទន្ទ្រាន​ចូលកាន់​កាប់​នា​ពេល​កន្លង​មក កាលពី​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ លោក ​សុខ សម្បត្តិ អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ។

ក្នុង​កិច្ចប្រជុំ​នេះ បាន​សេចក្ដីជូនដំណឹង​ថា​ យោង ៖ អនុក្រឹត្យ​លេខ​២០ អន​ក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការកំណត់​ផ្ទៃ​បឹង​កប់​ស្រូវ​(​បឹង​តា​មោក​)​។

រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​រស់នៅ​លើ​ផ្ទៃ​បឹង​កប់​ស្រូវ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេងទៀត ដែល​មាន​ចេតនា​ក្នុង​បំណង​បន្ត​សកម្មភាព​រំលោភ​ទន្ទ្រាន​កាន់កាប់​លើ​ផ្ទៃ​បឹង​កប់​ស្រូវ​បន្ថែម​ទៀត​នោះ​ សូម​ជ្រាបថា ដើម្បី​ការពារ​បឹង​កប់​ស្រូវ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​លេខ​២០ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ថែរក្សា​មុខងារ​បឹង​ជា​អាង​ស្តុក​ទឹក​ និង​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ជន់​លិច​មួយ​ភាគ​ធំ ​ពី​ក្នុង​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ​សូម​ធ្វើ​ការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដូច​ខាង​ក្រោម ៖ ត្រូវ​រុះរើ​បង្គោល​ដែល​បាន​ដាំ​ និង​រោង​ ឬ​ផ្ទះ ដែល​បាន​សាងសង់​លើ​ផ្ទៃ​បឹង​កប់​ស្រូវ​នោះ​ចេញ​វិញ​ជាបន្ទាន់​។ មិន​អនុញ្ញាត​ឲ្យ​មានការ​បោះ​បង្គោល​ក្នុង​ផ្ទៃ​បឹង​កប់​ស្រូវ បោះ​បង្គោល​ដាក់​ស៊ង​ចិញ្ចឹម​ត្រី សាងសង់​រោង សាងសង់​លំនៅដ្ឋាន និង​ធ្វើ​សកម្មភាព​គ្រប់​រូបភាព​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បឹង​កប់​ស្រូវ ដែលជា​បឹង​របស់​រដ្ឋ​ជាដាច់ខាត​។ មិន​អនុញ្ញាត​ឲ្យ​មានការ​ដាក់​ដី​ចូល​ចំណី​បឹង​កប់​ស្រូវ​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាដាច់ខាត​។​

ដូចនេះ ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រៀបរាប់​មកនេះ​សូមមេត្តា​ជ្រាប​ និង​អនុវត្ត ដោយ​ធ្វើ​ការដក​បង្គោល​ និង​រុះរើ​រោង​ និង​ផ្ទះ​ចេញ​ឲ្យ​អស់ពី​ផ្ទៃ​បឹង​កប់​ស្រូវ​ជា​កំហិត ដោយ​ទុក​រយៈពេល​០៧​ថ្ងៃ ចាប់​គិត​ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

ក្នុងករណី ប្រជាពលរដ្ឋ​ណា​មិន​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ​ទេ សាលា​ខណ្ឌ​ នឹង​ចាត់វិធានការ​រដ្ឋបាល ដោយ​ធ្វើ​ការ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​សម្ភារៈ​បងប្អូន​ប្រជា​ពល​រដ្ឋ​ឡើយ​។ អាស្រ័យ​ហេតុ​ដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប និង​អនុវត្ត​តាម​ខ្លឹមសារ​ នៃ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​និង​កុំបី​ខាន​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu