កំពង់ចាម ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅកណ្តាលវាលស្រែ ដោយមិនដឹងមូលហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៥និង២០នាទី មានប្រជាពលរដ្ឋនៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរាយការណ៍ថា បានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ មានវ័យប្រហែល៤០ឆ្នាំ ដេកស្លាប់នៅចំណុចវាលស្រែខាងត្បូង ភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះ ដោយមានកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រឡា គ្រូពេទ្យ,អាជ្ញាធរមូលដ្ឋាន សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ឹង សាវឿន នាយផ្នែក នៃការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ខេត្តកំពង់ចាម ចាត់វិធានការបន្ទាន់ចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណសព។
ប៉ូលិសបានឲ្យដឹងថា តាមការស្រាវជ្រាវ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណសពជនរងគ្រោះ ឈ្មោះ ជា សុថារិន ហៅចេក ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមការបំភ្លឺពីក្មួយប្រុសរបស់សព ម្នាក់ ឈ្មោះ ឈឿន វ៉ាន់ថៃ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តាមរយៈទូរស័ព្ទ បានឲ្យដឹងថា ឈ្មោះ ជា សុថារិន ហៅចេក មានជំងឺសរសៃប្រសាទ។
បន្ទាប់មកបានបង្កើតគណៈកម្មការពិនិត្យលើសាកសព ឃើញថា នៅលើសាកសព ផ្នែកក្បាល ផ្នែកក ផ្នែកដងខ្លួន និងផ្នែកអវយវៈ ដៃ ជើង ពុំមានស្លាកស្នាមអ្វីទាំងអស់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានប្រជាពលរដ្ឋបានឃើញសកម្មភាពរបស់ជនរងគ្រោះមុនពេលស្លាប់ គឺបានដើរតាមផ្លូវចុះឡើងៗ កាត់មកតាមខាងក្រោយភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម តាំងពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១៧និង២០នាទី ស្រាប់តែឃើញដេកស្លាប់តែម្តង។
ប៉ូលិសបានបញ្ជាក់ថា តាមការសន្និដ្ឋានរបស់គណៈកម្មការពិនិត្យលើសព គឺជនរងគ្រោះពិតជាស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់ (ខ្យល់គរ) ពិតប្រាកដមែន ពុំជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានទំនាក់ទំនងទៅបងប្អូនក្រុមគ្រួសារ នៃសពមកទទួលយកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments