ព្រៃវែង ៖ រឿងរ៉ាវ លោក គីម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី ចែកលុយឲ្យកូនកន្លះលានដុល្លារ ក្នុងថ្ងៃខួបកំណើត ហើយត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទនាពេលកន្លងទៅថ្មីៗនេះ មិនទាន់ទាំងស្ងាត់ស្រួលបួលផង ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថ្មីមួយទៀត ពីមហាជន នៅក្នុងទឹកដីខេត្តព្រៃវែង។
ការភ្ញាក់ផ្អើលខាងនោះ ផ្ដើមចេញពី លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល បានភ្ជាប់ពាក្យជាមួយក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ នៅក្នុងតំបន់អ្នកលឿង ត្រើយខាងកើត ដែលមានទីតាំងស្ថិតនៅក្នុងភូមិ(១) ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយការភ្ជាប់ពាក្យនេះ លោកបានស្នើឲ្យមន្ត្រីប៉ូលិសស្ទើរតែ១ស្រុកពាមរក៏មកការពារនៅក្នុងពិធីនេះផងដែរ។
ក្នុងនោះដែរ លោកស្នងការរងបានជូនថ្លៃទឹកដោះចំនួន១០០.០០០ដុល្លារ(ដប់ម៉ឺនដុល្លារ) ព្រមទាំងរថយន្តលិចស៊ីស៥៧០ ដ៏ថ្មីសន្លាង១គ្រឿង ដែលមានតម្លៃដល់ទៅ២២០.០០០ដុល្លារ(ម្ភៃម៉ឺនដុល្លារ)ថែមទៀត។
គួររម្លឹកផងដែរថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ការិយាល័យក៨ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តកណ្តាល និងកម្លាំងនគរបាលអធិការក្រុងតាខ្មៅ បានធ្វើការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់របស់លោកស្នងការរង ដោយឃាត់ខ្លួនមនុស្សប្រុស/ស្រី ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនជាច្រើននាក់ រួមនឹងថ្នាំញៀនជាច្រើន។ មិនបានប៉ុន្មានខែផង ស្ងាត់ៗ ស្រាប់តែ លោកស្នងការរងធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាត ជាមួយនឹងការជូនថ្លៃទឹកដោះដូចការរៀងរាប់ខាងលើ បង្កការភ្ញាក់ផ្អើលអស់មហាជនទូទាំងខេត្តព្រៃវែង។
ពិធីភ្ជាប់ពាក្យ លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យមហាជន និងអ្នកជិតខាង បានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាថា លោកស្នងការរងរូបនេះអីក៏មានទ្រព្យសម្បត្តិយ៉ាងនេះ ឬការភ្ជាប់ពាក្យនេះលោកចង់បង្ហាញមហាជនថា លោកជាអ្នកមានទ្រព្យ និងលុយកាក់ច្រើន ជាងលោកស្នងការរងដទៃៗទៀតមែនទេ?។
ប្រភពព័ត៌មានច្បាស់ការបានលួចបង្ហើបថា លោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ជាមនុស្សដែលមានប្រពន្ធច្រើន រៀបការហើយ ក្រោយមកលែងលះរហូត ចំពោះការភ្ជាប់ពាក្យនេះ គឺជាភរិយាទី៤ហើយ។ មហាជនជាច្រើនបានលាន់មាត់ថា តិចរឿងលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការ រងនគរបាលខេត្តកណ្តាល ដូចរឿងលោក គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដោយសារតែជូនសែកកូន៥នាក់ ក្នុងម្នាក់ៗ១០ម៉ឺនដុល្លារ ក្នុងពិធីខួបកំណើត ត្រូវបាន សម្ដេចតេជោ ស្នើទៅព្រះមហាក្សត្រ បណ្ដេញចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។ តែទោះជាយ៉ាងណា យើងនឹងតាមដានរឿងនេះបន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments