Ad Code

ផល សោ​ភ័​ណ្ឌ ឈ្នះ Rithiara ​ត្រឹម​ពិន្ទុ ខណៈ ​ខាំ ផាន្នី ផ្ដួល Petchsrikiw​ ទឹក​៣



ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ រិ​ទ្ធ ធី​យ៉ា​រ៉ា​(Rithiara)​ត្រឹម​ពិន្ទុ ខណៈ​ដែល ខាំ ផាន្នី អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ ខេត្ត​បន្ទាយ​មាន​ជ័យ ផ្ដួល​អ្នក​ប្រដាល់​ថៃ​ផេ​ត​ស្រ៊ី​គៀវ​(Petchsrikiw) ក្នុង​ទឹក​ទី​៣ ក្នុង​ការ​ជួប​ប្រកួត​គ្នា​យប់​ ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​។​

រិ​ទ្ធ ធី​យ៉ា​រ៉ា ដែល​មុន​នេះ គេ​មាន​ឈ្មោះថា ​WiFi ធ្លាប់​វាយ​ចាញ់​ ផល សោ​ភ័​ណ្ឌ ម្តង​រួច​មក​ហើយ​កាលពី​ជាង​១​ឆ្នាំមុន ហើយ​ពេលនេះ​ គេ​នៅតែ​មិន​យកឈ្នះ ​ឬ​សងសឹក​ ផល សោ​ភ័​ណ្ឌ​ បាន។

អ្នក​ប្រដាល់​ថៃ ដែលមាន​ប្រវត្តិ​ប្រកួត​១០៣​លើក​នោះ គេ​ដើរ​ចូលទៅ​វាយ​ សោ​ភ៏​ណ្ឌ​ ជានិច្ច ប៉ុន្តែ​ពុំ​អាច​យកឈ្នះ​ សោ​ភ័​ណ្ឌ​ បាន។ ផល សោ​ភ័​ណ្ឌ បាន​វាយ​ត្រូវ ​រិ​ទ្ធ ធី​យ៉ា​រ៉ា ច្រើន​ដៃ​ណាស់ តែ​មិន​អាច​ផ្ដួល​អ្នក​ប្រដាល់​ ថៃ​រូ​វ ​នេះ​ឲ្យ​ដួល​មុន​ទឹក​៥​បាន។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥ គីឡូ​ក្រាម។​

អ្នក​ប្រដាល់​ជើងចាស់​ រិ​ទ្ធ ធី​យ៉ា​រ៉ា​ នេះ ក៏​ធ្លាប់​វាយ​ចាញ់ ចាន់ រតនា ក្លិប​ខ្លាហោះ​ម្តង​ដែរ កាលពី​ជាង​មួយឆ្នាំ​មុន នៅ​សង្វៀន​បាយ័ន​នេះ។ រិ​ទ្ធ ធី​យ៉ា​រ៉ា នេះ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១០៣​លើក ក្នុង​ឈ្នះ​៨៨​លើក ចាញ់​២២​លើក និង​ស្មើ​០៣​លើក ហើយ​គេ​ធ្លាប់​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៥​លើក។​

ចំពោះ ខាំ ផាន្នី អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ​វិញ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ផេ​ត ស្រ៊ី​គៀវ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដោយ​វាយ​កែង​ចំ​ថ្គាម​ប្រមាណ​២​កែង​ផ្ទួនៗ បណ្តាល​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ ដួលសន្លប់​លែង​ក្រោក​តែម្តង។​

ដោយឡែក ក្នុងការ​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាឃ សុវណ្ណារ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួង​កសិកម្ម។

•​ម៉ន ព្រហ្ម​ម៉ាញ​ ឈ្នះ​រង្វាន់​ប្រាក់​លាន​បាយ័ន ​ក្នុង​ទម្ងន់​៦៥​គ​.​ក្រ​
ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​ប្រាក់​លាន​បាយ័ន​ទម្ងន់​៦៥​គ​.​ក្រ ក្រោយពី​គេ​បាន​វាយ​ឈ្នះ​ដៃគូ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ។ អ្នក​ប្រដាល់​ចំនួន​៤​រូប បាន​ជួបគ្នា​ដើម្បី​ប្រកួត​ដណ្តើម​យក​ពានរង្វាន់​ប្រាក់​លាន​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

អ្នកខ្លាំង​ទាំង​៤​រូបនោះ គឺ ម៉ន ព្រហ្ម​ម៉ាញ​ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក , យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ,​សឿន ឆ្នើម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍។​

ក្នុងការ​ប្រកួត​ជម្រុះ​ដែល​ធ្វើឡើង​ម្តង​ពីរ​គូ​នោះ ម៉ន ព្រហ្ម​ម៉ាញ គេ​វាយ​ឈ្នះ ​យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ឯ សឿន ឆ្នើម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ គេ​បាន​ផ្ដួល ​ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍​ក្នុង​ទឹក​ទី​៣។​

ម៉ន ព្រហ្ម​ម៉ាញ និង សឿន ឆ្នើម ពួកគេ​ទាំងពីរ​បានមក​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ក្នុង​ការប្រកួត ម៉ន ព្រហ្ម​ម៉ាញ គេ​ឈ្នះ​ សឿន ឆ្នើម ដោយ​ពិន្ទុ ហើយ​ទទួលបាន​រង្វាន់​ ប្រា​ក់លាន។

ដោយឡែក សម្រាប់​ការប្រកួត​គូ​ឯក​វិញ​នោះ គឺ​នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង បាន​ប្រកួត​ឈ្នះ សំខាន់ ប៉ាវ​ចិន អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ។ ពួកគេ​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

បាង កា​និ​ត អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ វាយ​ស្មើ​ពិន្ទុ ជាមួយ​ ភ័​ណ្ឌ ពុទ្ធា អ្នក​ប្រដាល់​ក្លិប​កុល​បុត្រ​គុន​ខ្មែរ​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើយ ​ចាន់ នាង អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ផ្ដួល ធន អៀង​ឡេង អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ក្នុង​ទឹក​ទី​៣ ក្នុង​ទម្ងន់​៥៤​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu