សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តហ៊ីយិនដាយ បោះពួយក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿងច្រាសទិសគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងនៅថ្ងៃទី២៥ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និង ម៉ូតូច្រាសទិសគ្នា ដោយរថយន្ត ម៉ាកហ៊ីយិនដាយ ពណ៌សស្លាកលេខត្បូងឃ្មុំ 3A0930 បើកដោយជនមិនស្គាល់ឈ្មោះ បានបើកពីមានទិសដៅពីជើងទៅត្បូង បត់ទៅកើត ប៉ះទង្គិចនឹងម៉ូតូស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប1AC 0713 បើកបរដោយ ឈ្មោះ ម៉ោញ សាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប (ស្លាប់) និងមនុស្សម្នាក់ទៀត ជិះពីក្រោយ ឈ្មោះ ធៀប ញក់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបើកបរពីទិសដៅពីកើតទៅលិច។
លោកបន្តថា អ្នកបើក រថយន្តចុះរត់គេចខ្លួនបាត់។ ចំណែកអ្នករងគ្រោះជិះម៉ូតូមានអ្នកស្លាប់១នាក់ របួសធ្ងន់ម្នាក់ និងខូចម៉ូតូ១គ្រឿង។
លោកបញ្ជាក់ថា មូលហេតុ រថយន្តបើកបរឆ្លងផ្លូវខ្វះការប្រុងប្រុងប្រយ័ត្ន។ បច្ចុប្បន្ន កម្លាំងនគរបាលមូលដ្ឋាន បាននាំយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments