Ad Code

ក្រសួង​ការងារ​ ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​គម្រប់​ខួប​១០០​ឆ្នាំ នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ



​ភ្នំពេញ​ ៖​ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ បាន​ដឹកនាំ​កិច្ចប្រជុំ​ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​គម្រប់​ខួប​១០០​ឆ្នាំ ​នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ខួប​៥០​ឆ្នាំ នៃ​សមាជិកភាព​កម្ពុជា​នៅ​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ នៅ​ទីស្ដីការ​ក្រសួង​។​

ព្រឹត្តិការណ៍​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ភាពជា​ដៃគូ​អំពី​វឌ្ឍន​ភាព​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​អង្គការ​អាយ​ឡូ និង​កម្ពុជា​នាពេល​កន្លងមក ដែល​តួនាទី​នេះ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ជាពិសេស​សិទ្ធិ ​ស្ដីពី​ការងារ​។​

កម្ពុជា ​បាន​ក្លាយ​ជា​សមាជិក ​នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) តាំងពី​ឆ្នាំ​១៩៦៩ ប៉ុន្តែ​ដោយសារ​ជម្លោះ​ផ្ទៃក្នុង និង​សង្គ្រាមស៊ីវិល​អស់​រយៈពេល​ជិត៣០​ឆ្នាំ កិច្ចសហការ​ទាំងឡាយ​ក៏​លែង​មាន​។

នៅ​ត្រឹម​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ប៉ុណ្ណោះ ​ដែល​អង្គការ​អាយ​ឡូ បាន​ក្លាយ​ជា​ដៃគូ​ដ៏​គួរ​ឲ្យ​ទុកចិត្ត ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

មកទល់​បច្ចុប្បន្ននេះ កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​ILO ចំនួន​១៣ ដែល​ក្នុង​នោះ​រួមមាន អនុសញ្ញា​ស្នូល​៨ ផង​ដែរ​។ កម្ពុជា ​បាន​បន្ត​បំពេញភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​អនុ​សញ្ញា​អន្តរជាតិ​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ខាង​ការងារ និង​បន្ត​ការចូលរួម​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​(GB) សន្និសីទ​អន្តរជាតិ​ខាង​ការងារ​(ILC) និង​កិច្ចប្រជុំ​ថ្នាក់​តំបន់ Asia-Pacific៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu