បាត់ដំបង ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៥១ខ្នង ជាមួយនឹងសាលារៀនផងនោះ ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញខូចខាតយ៉ាងដំណំ លើឃុំចំនួន៣ ក្នុងស្រុកសំពៅលូន ដែលជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំរួចមក។
ករណីគ្រោះធម្មជាតិនេះ បានកើតឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៥និង២០នាទី ដោយ មានភ្លៀងធ្លាក់មួយមេ លាយឡំនឹងខ្យល់កន្ត្រាក់ បានបោកបក់ចូលទៅលើឃុំចំនួន៣ គឺឃុំ សន្តិភាព ឃុំសិរីមានជ័យ និង ឃុំជ្រៃសីមា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រោយពីបានចុះសិក្សា និងត្រួតពិនិត្យ ពីកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធររួចមក គឺសង្កេតឃើញថា មានការខូចខាតផ្ទះប្រជាពលរដ្ឋ សរុបចំនួន១៥១ខ្នង ក្នុងនោះ ដួលរលំទាំងស្រុងស្រង ចំនួន១៥ខ្នង របើកដំបូលស័ង្កសី ទាំងស្រុង ចំនួន៤៩ខ្នង របើកដំបូលស័ង្កសីមួយចំហៀងចំនួន៨៨ខ្នង ប៉ើងដួលរលំរោងការ ចំនួន២កន្លែង សាលារៀនបឋមសិក្សា ហ៊ុន សែន ជ្រៃសីម៉ា ខូចខាតស័ង្កសី ចំនួន២៥សន្លឹក ព្រមទាំងបានបំផ្លាញនូវ ទ្រព្យសម្បត្តិ និងផលដំណាំ របស់ប្រជាពលរដ្ឋមួយចំនួនផងដែរ ចំពោះមនុស្សមិនទទួលរងគ្រោះថ្នាក់អ្វីទេ។
បច្ចុប្បន្ន អាជ្ញាធរ កំពុងសិក្សាលំអិត ដើម្បីរាយការណ៍ទៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រោះមហន្តរាយ និងសាខាកាកបាទក្រហមខេត្ត ក្នុងការចុះជួយឧបត្ថម្ភ ដោយនេះគឺជាគ្រោះថ្នាក់ធម្មជាតិដែលគ្មាននរណាម្នាក់អាចដឹងមុនបានឡើយ ហើយនេះ គឺជាលើកទី២ ផងដែរ បន្ទាប់ពីមានព្យុះខែប្រាំង បោកចូលទៅលើស្រុកកំរៀងកាលពីពេលថ្មីៗនេះ៕
Source: Kampuchea Thmey Daily
0 Comments