អ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្សកីឡា បានវាយឈ្នះអ្នកប្រដាល់ថៃហ្វាមៀឆៃ (Fa Mechhai) ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាក្នុងកម្មវិធីប្រដាល់Boostrong Fighter On Fire នៅសង្វៀនSEATV កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្រាប់ជំនួបរវាងពុទ្ធ ឆាយរិទ្ធី និងហ្វាមៀឆៃ នេះ ឆាយរិទ្ធី ឈ្នះដោយលំបាកព្រោះហ្វាមៀឆៃ គេបានវាយប្តូរកណ្តាប់ដៃ ទាត់ ព្រមទាំងជង្គង់កែងជា មួយឆាយរិទ្ធី ដែលធ្វើឲ្យ រិទ្ធី ខំប្រឹងអស់ពីសមត្ថភាព និងកលល្បិច ដើម្បីបានឈ្នះពិន្ទុលើហ្វាមៀឆៃ នេះ។
ពីដំបូងគេរំពឹងថា ពុទ្ធ ឆាយរិទ្ធី នឹងស៊ីផុយលើ ហ្វា មៀឆៃ នេះ ត្បិតអ្នកប្រដាល់ថៃរូបនេះ មកប្រកួតលើកមុន វាយចាញ់រិន សារដ្ឋ អ្នកប្រដាល់ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែងដោយពិន្ទុទៅហើយ ចុះទម្រាំជួបឆាយរិទ្ធី ដែលខ្លាំងជាង សារដ្ឋ ទៀតនោះ គឺវាមិនស៊ីផុយ ប៉ុន្តែផ្ទុយទៅវិញ ពុទ្ធ ឆាយរិទ្ធី ស៊ីហ្វាមៀឆៃតឹងសោះ។
គួរបញ្ជាក់ថា ពុទ្ធ ឆាយរិទ្ធី ប្រកួតជាមួយថៃលើកចុងក្រោយនេះ គឺបានឈ្នះ ភីត ឆៃ ( Phat Chhai )ក្នុងទឹកទី៣ ទាំងសន្លប់ខ្លួនឯង។
ចំពោះការប្រកួតរវាងខ្មែរ និងខ្មែរវិញ លួន សុខខេង អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា បានប្រកួតស្មើពិន្ទុជាមួយ ហេង សំរាំង អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។
ចំណែក សុខ សុវណ្ណ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតឈ្នះជ័យ ស៊ីនេត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ដោយពិន្ទុ ហើយ គង់ វិរៈ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ប្រកួតឈ្នះ សល់ ស្រស់ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ដោយពិន្ទុ។ ចំណែកលី តឿន ក្លិបមកុដរាជសីហ៍ ប្រកួតចាញ់លីន វិរៈ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុ។
•ឡុង ជិន ឈ្នះ ថា ណាសាក់ ខណះសេង ស្រឿន ចាញ់ កងថៃលេន
ឡុង ជិន អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ និងជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាម បានវាយឈ្នះអ្នកប្រដាល់ថៃ ថា ណាសាក់(Tha Nasak)ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នានៅលើសង្វៀន Wurkz របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី១៧កុម្ភៈ។
អ្នកប្រដាល់ថៃ ថា ណាសាក់ គេជាអ្នកប្រដាល់ថៃចំណូលថ្មី ទើបមកប្រកួតនៅសង្វៀនSEA TVនេះលើកដំបូងប៉ុណ្ណោះ។ ថា ណាសាក់ ត្រូវឡុង ជិន វាយមួយដៃដួលលើរេញក្នុងទឹកទី៥ ដែលធ្វើឲ្យអាជ្ញាកណ្ដាលរាប់ដល់៨។
ចំពោះ ខាំ ផានី អ្នកប្រដាល់ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ គេត្រូវអ្នកប្រដាល់ថៃ កង ថៃលេន ( Kong Thailen) វាយសន្លប់ក្នុងទឹកទី៣ ដោយត្រូវនឹងជង្គង់នោះ។ ខាំផានី ក្នុងទឹកទី១ប៉ិះតែនឹងសន្លប់ទៅហើយ ដោយសារត្រូវកែងរបស់ កង ថៃលេន។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ តក់ សោភ័ណ្ឌ អ្នកប្រដាល់ក្លិបអេភូថងកីឡា បានវាយចាញ់ មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ដោយពិន្ទុ ក្នុងការជួបគ្នាទម្ងន់៦៧គីឡូក្រាម។ ចំណែក ធឿន វិថាក់ អ្នកប្រដាល់ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ប្រកួតចាញ់លីន សាហ៊ីម អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ដោយពិន្ទុ៕
Source: Kampuchea Thmey Daily
0 Comments