ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រលាញ់នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ខណៈដែលទិវានេះ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ កាលពីថ្ងៃទី០៧ខែកម្ភៈ ឆ្នាំ២០១៩ ថា រៀងរាល់ឆ្នាំ នៅថ្ងៃទី១៤កុម្ភៈ ដែលជាទិវា នៃក្តីស្រលាញ់ជាឱកាសមួយដែលធ្វើឲ្យសិស្សានុសិស្សមួយចំនួនយល់ច្រឡំថា ជាបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ទៅវិញ ហើយមានសិស្សខ្លះ បានភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារប្រាសចាកពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិ។
ដើម្បីការពារនូវសេចក្ដីថ្លៃថ្នូរនេះ ក្រសួងបានចេញវិធានការមួយចំនួន ក្នុងនោះណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដើម្បីកុំឲ្យសិស្សមានការយល់ច្រឡំពីអត្ថន័យ នៃ ទិវា នៃក្តីស្រលាញ់ ត្រូវពង្រឹងការអនុវត្តបទបញ្ចាផ្ទៃក្នុងសាលាឲ្យបានម៉ឺងម៉ាត់ និងតាមដានអវត្តមានសិស្សជាប្រចាំ ព្រមទាំងធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតាសិស្សក្នុងការផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីរបស់សិស្ស ដើម្បីសហការអប់រំណែនាំកែលំអសិស្សបានទាន់ពេលវេលា។
ក្រសួងអប់រំ អំពាវនាវដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកទិវា នៃក្តីស្រលាញ់នេះ ទៅប្រព្រឹត្តិអ្វីដែលខុសកន្លងប្រពៃណីខ្មែរ និងខុសពីអត្ថន័យដើម នៃទិវានេះទេ ត្រូវរក្សាតម្លៃខ្លួន និងក្រុមគ្រួសារ និងត្រូវខិតខំប្រឹងប្រែងរៀនសូត្រគោរពវិន័យសាលា និងយកល្អគួរយកទិវានេះ ទិញផ្កាជូនមាតាបិតា លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្ដិរបស់ខ្លួន ដើម្បីសំដែងនូវដឹងគុណ និងការគោរពស្រលាញ់វាប្រសើរជាង។
ជាមួយគ្នានេះដែរ ក្រសួង ក៏បានអំពាវនាវដល់ក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសហគមន៍ សូមចូលរួមទាំងអស់គ្នាផ្សព្វផ្សាយ និងអប់រំណែនាំដល់យុវជនយើងឲ្យយល់ដឹងពីទិវា នៃក្តីស្រលាញ់នេះ កុំឲ្យយល់ច្រឡំថា ទិវាក្តីស្រលាញ់ ជាថ្ងៃបុណ្យសង្សារបន្តទៀត ក៏ដូចជា ដើម្បីបញ្ចៀសពួកគេកុំទៅប្រព្រឹត្តិនូវទង្វើដែលប្រាសចាកពីវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិ ដែលបុព្វបុរសយើងបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។
វិធានការរបស់ក្រសួងអប់រំនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សាធារណៈ ពិសេសអាណាព្យាបាលមាតាបិតាសិស្ស ព្រោះដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឲ្យបានគង់វង្ស តែស្នើឲ្យគ្រូទទួលបន្ទុកថ្នាក់នីមួយៗ ត្រូវស្រង់វត្តមានសិស្សឲ្យបានច្បាស់លាស់ ហើយសិស្សណាអវត្តមាន ត្រូវផ្តល់ដំណឹងជូនទៅអាណាព្យាបាលឪពុកម្ដាយថា តើកូនគាត់សុំច្បាប់ ឬក៏គេចសាលា។
តែយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលចុងក្រោយនេះ ទិវា នៃក្តីស្រលាញ់នេះហាក់ដូចជា សាបរលាភ ស្ទើរតែទាំងស្រុង ហើយដោយសារតែសិស្សានុសិស្សបានយល់ដឹង ហើយឈប់ប្រព្រឹត្តិនូវសកម្មភាពដែលខុសពីប្រពៃណីខ្មែរ ដោយយកទិវានេះ បង្ហាញពីការដឹងគុណ និងគោរពស្រលាញ់ចំពោះមាតាបិតាលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្ដិវិញ ពិសេសសកម្មភាពឈូឆរនឹងការទិញផ្កាជូនសង្សារហាក់លុបបំបាត់ស្ទើរតែ១០០ភាគរយទៅហើយ តែឃើញសកម្មភាពការជូនផ្កាដល់មាតាបិតា លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្ដិកាន់តែផុលផុសវិញ។
គួរបញ្ជាក់ថា ពិធីបុណ្យ Valentine’s Day ដែលអាចហៅបានថា “ទិវា នៃសេចក្ដីស្រលាញ់” មានដើមកំណើតចេញពីអាណាចក្ររ៉ូម ដែលសព្វថ្ងៃជា (ប្រទេសអ៊ីតាលី) នាសតវត្សទី៣ នៃគ.ស ដែលមានស្ដេចមួយអង្គ ឈ្មោះថា Claudius ។ ស្ដេចមួយអង្គនោះ ទ្រង់ជាមនុស្សល្មោភនឹងអំណាច ទឹកដី មួយថ្ងៃៗគិតតែពីធ្វើសង្គ្រាម ដើម្បីពង្រីកអាណាចក្ររបស់ខ្លួន មិនគិតពីភាពលំបាករបស់ប្រជាពលរដ្ឋនោះទេ។
ស្ដេច Claudius គាត់បានចេញព្រះរាជសារឲ្យប្រជាពលរដ្ឋប្រុសៗ ពេញវ័យ ឲ្យជាប់កាតព្វកិច្ចយោធាទាំងអស់ ហើយហាមប្រាមមិនឲ្យមានការរៀបការនោះទេ សូម្បីតែអ្នកដែលបានភ្ជាប់ពាក្យហើយ ក៏ត្រូវតែផ្ដាច់ពាក្យវិញដែរ។ ជាពិសេស អ្នកដែលល្មើសច្បាប់នេះ ក៏ត្រូវមានទោសប្រហារជីវិតតែម្ដង។
ប៉ុន្តែនាពេលនោះ មានលោកអាចារ្យម្នាក់ ឈ្មោះថា Valentine គាត់បានមើលឃើញនូវស្ថានភាព ដ៏អយុត្តិធម៌បែបនេះ គាត់មិនពេញចិត្តនោះទេ។
ក្រោយមកមានយុវជនប្រុសស្រីមួយក្រុម បានសុំឲ្យលោកជួយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេ។
ជាបន្តបន្ទាប់មកទៀត ក៏មានយុវជនផ្សេងៗទៀត ក៏បានមកសុំឲ្យលោកជួយរៀបចំពិធីអាពាហ៍ពិពាហ៍ដល់ពួកគេ ដូចគូរមុនៗដែរ។
ថ្ងៃមួយ ដំណឹងនេះ ក៏បានលិចឮដល់ស្ដេច Claudius ទ្រង់ក៏បានចេញព្រះរាជបញ្ជាឲ្យចាប់ខ្លួនលោកអាចារ្យ Valentine យកមកដាក់ទោស ដោយការធ្វើទារុណកម្មរហូតដល់លោកបានបាត់បង់ជីវិតនៅក្នុងថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២៧០ នៃគ.ស។ ម្ល៉ោះហើយគូស្នេហ៍ដែលត្រូវបានលោករៀបចំអាពាហ៍ពិពាហ៍ឲ្យ មានការអាណិត និងស្រលាញ់លើរូបលោក ក៏បានយកសាកសពរបស់លោកទៅបញ្ចុះនៅឯវិហាមួយ ដែលមាន ឈ្មោះថា Sauta Pula ហើយគេតែងតែប្រារព្ធធ្វើពិធីបុណ្យ Valentine’s Day ដែលអាចហៅបានថា ទិវា នៃសេចក្ដីស្រលាញ់ នៅក្នុងថ្ងៃទី១៤កុម្ភៈ ដើម្បីរំលឹកដល់លោកជារៀងរាល់ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments