Ad Code

មិត្តភាព​អន្តរជាតិ​ ៖​ ក្លិប​Hougang United FC របស់​សឹង្ហ​បុរី ប៉ះ​ក្រុម​ណាហ្គា​វើ​ល​របស់​កម្ពុជា នៅ​៤​ល្ងាច​ថ្ងៃ​អង្គារ​នេះ



ក្លិប​បាល់ទាត់ Hougang United FC សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​សឹង្ហ​បុរី (S-League) បាន​ដាក់​ពាក្យ​ស្នើសុំ​ណាត់​ក្រុមបាល់ទាត់​ចំនួន​៣​របស់​សមាជិក​លី​គ​កំពូល​ប្រទេស​កម្ពុជា (Metfone Cambodian League) ធ្វើការ​ប្រកួត​មិត្តភាព​អំឡុង​ពេល​ដែល​ក្រុម​នេះ​ធ្វើដំណើរ​មក​បោះ​ជំរំ​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ។

យោងតាម​ការបញ្ជាក់រ​បស់​សារព័ត៌មាន​សឹង្ហ​បុរី ក្លិប​Hougang United FC បានធ្វើ​ដំណើរ​មកដល់​រាជធានី​ភ្នំពេញ​ហើយ ដោយ​ត្រូវ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​អង្គារ ទី​១២ ខែកុម្ភៈ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ មុន​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី​១៤ ខែមករា និង​ចុងក្រោយ​ប៉ះ​ក្រុម​បឹងកេត នៅ​ថ្ងៃទី​១៦ ខែមករា ជា​បន្តទៀត​ដែល​ជំនួប​ទាំង ២​លើក​នេះ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន RSN របស់​ក្លឹប​ភ្នំពេញ​ក្រោ​ន​ដូចគ្នា​។​



​សូមបញ្ជាក់ថា ​ក្លិប​បាល់ទាត់ Hougang United FC បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៨ មកម្ល៉េះ​ដោយ​ប្រើប្រាស់​ទីលាន​កីឡដ្ឋាន Jalan Besar Stadium បណ្តោះអាសន្ន​មុន​ទីលាន​Hougang Stadium​របស់ខ្លួន​សាងសង់​រួចរាល់​។ ក្លិប​នេះ​មាន​ថៅកែ​ឈ្មោះ Bill Ng ហើយ​មាន​គ្រូ​បង្វឹក​គឺ​លោក Clenment Teo​។ កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្លិប​នេះ​ បាន​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ដែល​ជា​ចំណាត់ថ្នាក់​ចុងក្រោយ​គេ បន្ទាប់ពី​ប្រកួត​បាន​២៤​លើក ហើយ​ឈ្នះ​បាន​២​លើក ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​១៦​លើក​មាន​១២​ពិន្ទុ​។ នៅក្នុង​ពានរង្វាន់ Singapore Cup វិញ​ក្រុម​នេះ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។ ក្រុម​នេះ​អាច​ធ្លាក់​ទៅលេង​ពានរង្វាន់​លំដាប់​ទី​២​របស់​សឹង្ហ​បុរី គឺ​Singapore National Football League​។​

នៅ​ឆ្នាំ​២០១៩ នេះ​មានតែ​ក្លិប​Hougang United FC ដែល​ជា​ក្លិប​បរទេស​តែ​១​គត់​បាន​សម្រេច​ជ្រើស​រើស​យក​ប្រទេស​កម្ពុជា ធ្វើជា​ទឹកដី​សម្រាប់​បោះ​ជំរំ​ហ្វឹកហាត់​ដល់​កូន​ក្រុម​ខ្លួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់ ខណៈ​កាលពី​ឆ្នាំ​កន្លងទៅ​ធ្លាប់​មាន​ក្លិប​មកពី​ប្រទេស​ម៉ាឡេស៊ី បាន​មក​បោះ​ជំរំ​ហ្វឹកហាត់​នៅ​កម្ពុជា​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu