Ad Code

កីឡាករ Keisuke Honda បន្ត​នៅក្រៅ​ទីលាន ខណៈ​ក្រុម​Melbourne Victoty បន្ត​ឈរ​លេខ​២​ក្នុង​តារាង​លី​គ​កំពូល​អូស្ត្រាលី​



ក្រោយ​បញ្ចប់​បេសកកម្ម​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា ក្នុង​យុទ្ធនា​ការប្រកួត​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 កាលពី​ខែធ្នូ​កន្លងទៅ​លោក Keisuke Honda​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម បានធ្វើ​ដំណើរ​ទៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​វិញ​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ក្លិប​Melbourne Victoty សមាជិក​ពានរង្វាន់​លី​គ​កំពូល​ប្រទេស​អូស្ត្រាលី (A-League)​។​

​លោក​Muscat ដែលជា​គ្រូបង្វឹក​មិនអាច​ដាក់​កីឡាករ Keisuke Honda ឱ្យ​ចូលរួម​ប្រកួត​ជិត​១០​លើក​ជាប់ៗ​គ្នា​មកហើយ ខណៈ​រូបគេ​កំពុង​សម្រាក​ព្យាបាល​របួស​ត្រគាក​ខាងស្តាំ​។ ចំពោះ​កីឡាករ Honda ទោះបីជា​ខកខាន​បង្ហាញ​ខ្លួន​ប៉ុន្មាន​ប្រកួត​ជាប់​គ្នា​ក៏ដោយ​តែ​រូបគេ​ធ្លាប់បាន​រកបាន​គ្រាប់​បាល់​ចំនួន​៥​គ្រាប់​ម្នាក់ឯង​ឱ្យ​ក្រុម​ក្នុងចំណោម​ប្រកួត​កន្លងមកនេះ​ផងដែរ​។​

​គិត​ត្រឹម​ពេលនេះ​ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​អូស្ត្រាលី បានធ្វើ​ដំណើរ​ចំនួន​១៨​ប្រកួត​មកហើយ ខណៈ​ប្រកួត​ចុងក្រោយ​ក្នុង​ពានរង្វាន់ A-League ក្រុម​Melbourne Victoty បាន​ប្រកួត​ចាញ់​ក្រុម​កំពូល​តារាង Perth Glory​ដោយ​លទ្ធផល​២​ទល់​១​លើ​ទីលាន​កីឡដ្ឋាន​AAMI Park ក្នុង​ទីក្រុង​Melbourne កាលពី​ថ្ងៃអាទិត្យ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។ ក្រុម Melbourne Victoty​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​២ បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ទាំង​១០ ពោលគឺ​ប្រកួត​ឈ្នះ​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៤​លើក​។​

​កីឡាករ Keisuke Honda បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី នៅ​ដែល​កន្លងទៅ​គឺ​ក្លិប​Melbourne Victoty ខណៈ​រូបគេ​ធ្លាប់បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ចប់​នៅពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​កីឡាករ Keisuke Honda បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅក្នុង​ក្លិប Nagoya Grampus ក្នុងប្រទេស​កំណើត​រប​ស់​ខ្លួន​ចាប់ពី​ឆ្នាំ ២០០៤ ដល់​២០០៧ ស្របពេល​នៅ​ឆ្នាំ​២០០៧ ដល់​២០០៩ ផ្លាស់​ទៅលេង​ក្នុង​ក្លិប VVV-Venlo ក្នុងប្រទេស​ហុ​ល្លង់ ហើយ នៅ​ឆ្នាំ ២០០៩ ដល់ ២០១៣ បាន​ផ្លាស់​ទៅកាន់​ក្លិប CSKA Moscow របស់​ប្រទេស​រុស្សី មុន​ផ្លាស់​ទៅកាន់ AC Milan របស់​អ៊ីតាលី នៅ​ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​២០១៦ ខណៈ​រដូវ​កាល​២០១៧​កន្លងទៅ​ប្តូរ​ទៅលេង​នៅ​ក្លិប Pachuca លី​គ​កំពូល​ប្រទេស​ម៉ិចស៊ីកូ​។​

​បើ​និយាយ​ពី​ក្នុង​ឈុត​ជម្រើសជាតិ​វិញ Honda បាន​ជាប់​ក្នុង​ឈុត​អាយុ​ក្រោម​២០ ឆ្នាំ (U-20) កាលពី​ឆ្នាំ​២០០៥ ហើយ​ចាប់ពី​ឆ្នាំ​២០០៦ ដល់​២០០៨ បាន​ចូលរួម​ជាមួយ​ក្រុម U-23​ជប៉ុន និង​ចាប់ពី​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន​ជាប់​ក្នុង​ជម្រើសជាតិ​ជប៉ុន​ឈុត​ធំ​។ ក្នុង​នោះគេ​ធ្លាប់​ទទួលបាន​ពានរង្វាន់​ឯកត្តជន​ជាច្រើន​ទាំង​ក្នុងប្រទេស ប្រចាំ​តំបន់​ទ្វីបអាស៊ី និង​កម្រិត​ពិភពលោក​ផងដែរ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu