រិន សារ័ត្ន អ្នកប្រដាល់ស្រករក្រោយកម្ពុជា ក្លិបថប់ធៀម ខេមបូឌា ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃជើងចាស់Loom Leng ដោយប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០ គ.ក្រ នារសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅលើសង្វៀនSEATV។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាម្តងណានៅឡើយទេកន្លងមក។
សារ័ត្ន ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃនៅសង្វៀនSEATVនេះ ទើបតែបាន៤លើកប៉ុណ្ណោះ។ ដូច្នេះ លើកនេះជាលើកទី០៥ ដែលគេជួបប្រកួតជាមួយថៃនោះ។ ក្នុងការជួបប្រកួតជាមួយថៃ៤នោះ សារ័ត្ន វាយឈ្នះ៣លើក និងចាញ់១លើក។
ការប្រកួតលើកចុងក្រោយរបស់ សារ័ត្ន គឺវាយឈ្នះអ្នកប្រដាល់ថៃFa Mechhaiដោយពិន្ទុ កាលពីថ្ងៃទី២៧មករាកន្លងមកនេះ។
អ្នកប្រដាល់ក្លិបថប់ធៀម ខេមបូឌានេះ មានប្រវត្តិប្រកួតប្រមាណ៥០លើក ក្នុងនោះវាយឈ្នះ៣៥លើក ចាញ់១១លើក និងស្មើ ០៤លើក។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា សារ័ត្ន អាចយកឈ្នះ Loom Leng បានឬក៏អត់នោះទេ?។
Loom Leng ជាជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ថែមទៀត។ គេមានស្នៀតទាត់ និងកណ្តាប់ដៃល្អ។ ដូច្នេះ រិន សារ័ត្ន ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះមានស្នៀតប្រដាល់ល្អ និងខ្លាំង។ តែបើអាចឈ្នះបាន គឺមានតែការវាយប្ដូរកែងមួយមុខគត់ ដែលប្រថុយដូរជាមួយនឹងជ័យជំនះ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៧៩លើក ឈ្នះ៦៤លើក ចាញ់១៣លើក និង ស្មើ០២លើក។ ចាំមើល រវាងរិន សារ័ត្ន និង Loom Leng តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ?។
សៀវ ង៉ុយ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ ត្រូវគេផ្គូឲ្យជួបជាមួយ Roung Sayam។ ពួកគេទាំងពីរនឹងប្រកួតគ្នាក្នុងទម្ងន់៥៧ គ.ក្រ។
Roung Sayam ដែលជាគូរបស់ សៀវ ង៉ុយ នេះ មិនធ្លាប់មកប្រកួតនៅលើសង្វៀនស្រុកខ្មែរនោះទេ។ នេះបើតាម លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ និងជាអ្នកផ្គូផ្គងកីឡាករប្រចាំSEA-TVឲ្យដឹង។
លោក ញាន សុធី បានឲ្យដឹងទៀតថា អ្នកប្រដាល់ថៃរូបនេះ គេមានកម្ពស់ប្រហាក់ប្រហែល សៀវ ង៉ុយ តែចាញ់កំណត់ត្រាប្រកួតរបស់សៀវ ង៉ុយ តែប៉ុណ្ណោះ។ អ្នកប្រដាល់ថៃនេះ មានប្រវត្តិប្រកួត៤៩លើក តែវាយឈ្នះ៤១លើក ទៅហើយ ចាញ់០៨លើក មិនដែលស្មើ។
សៀវ ង៉ុយ គេមានប្រវត្តិប្រកួតចំនួន៩៦លើក ឈ្នះ៧៦លើក ចាញ់១៥លើក មិនដែលស្មើ។ មិនបង្អាប់អ្នកប្រដាល់ថៃនោះទេ ជួប សៀវ ង៉ុយ នោះ គឺយ៉ាប់ហើយ ព្រោះ ង៉ុយ មានថ្វីកែង និងជង្គង់ល្អណាស់។ ប៉ុន្តែយ៉ាងណា ការឈ្នះចាញ់រវាង សៀវ ង៉ុយ និង Roung Sayam នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ។
សម្រាប់ការប្រកួតរវាងខ្មែរ និងខ្មែរវិញ ជ័រ ពៅ អ្នកប្រដាល់ក្លិបថ្មគោលពោធិ៍សែនជ័យ ត្រូវជួបប្រកួតជាមួយ សុខ វិរៈ អ្នកប្រដាល់ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង។ ពួកគេជួបគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ជ័រ ពៅ ពុំដឹងថាអាចឈ្នះសុខ វិរៈ ឬអត់នោះទេ?។
ភុំ សារ៉ាយ អ្នកប្រដាល់ជើងចាស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយ ឃឹម ពេព្រ ចិន្តា អ្នកប្រដាល់ក្លិបកុលបុត្រគុនខ្មែរ ក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។ នេះជាការជួបប្រកួតលើកដំបូងរបស់អ្នកប្រដាល់ទាំងពីរនេះ។
ចំពោះ ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ តាំង តាក់ អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាមជ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments