Ad Code

ខ្សែប្រយុទ្ធ កែវ សុខ​ផេង ថា​វិសាខា ទទួល​ក្រុម​កំពូល​តារាង​គីរីវង់​សុខ​សែន​ជ័យ ជា​ប្រកួត​មិនអាច​ទ្វេ​ប្រហែស​បាន



ខ្សែប្រយុទ្ធ កែវ សុខ​ផេង សមាជិក​ក្លិប​វិសាខា ក្នុង​លី​គ​កំពូល​កម្ពុជា បានបង្ហាញ​ទស្សនៈ​របស់ខ្លួន​មួយចំនួន​មុនពេល​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ មួយ​នេះ​បើក​កីឡដ្ឋាន​របស់ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ ទទួល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែល​កំពុង​ឈរ​កំពូល​តារាង​នាពេល​បច្ចុប្បន្ន​ក្រោយ​ឆ្លងកាត់​សប្ដាហ៍​ទី​១​មក​។



កីឡាករ​ដែល​ធ្លាប់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី រូបនេះ​បាន​បញ្ជាក់ថា «​ពួកយើង​ទាំងអស់គ្នា បាន​ត្រៀមខ្លួន​រួចហើយ សម្រាប់​ការប្រកួត​ជាមួយ​គិរីវង់​ថ្ងៃ​សៅរ៍​នេះ ។ ប៉ុន្ដែ​ចំពោះ​ជ័យជម្នះ​កាលពី​ប្រកួត​មិត្តភាព រវាង​ក្រុម​ទាំងពីរ​វិញ វា​គ្រាន់តែ​ជាការ​ប្រកួត​សម​ជើងទេ តែ​ប្រកួត​ផ្លូវការ​ចុង​សប្ដាហ៍​នេះ ទើប​សំខាន់ ខាងយើង​ក៏​ប្រឹង ខាងគេ​ក៏​ប្រឹង ។ ម្យ៉ាង​គេ ឈរ​កំពូល​តារាង​សប្ដាហ៍​ទី​១ ចឹ​ង​យើង​ត្រូវតែ​ប្រយ័ត្ន មិនអាច​ប្រហែស​បានឡើយ គឺ​យើង​ត្រូវការ​ត្រៀម​ឲ្យ​បានល្អ​បំផុត​» ។

កីឡាករ​ជម្រើសជាតិ​កម្ពុជា​រូបនេះ បន្ដ​ថា «​ដោយឡែក​កាលពី​ប្រកួត​សប្ដាហ៍​ទី​១ ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​វិញ វា​គឺជា​ការប្រកួត​ដ៏​តានតឹង តែ​ពួកយើង​ក៏មាន​មាន​ចំណុច​ខ្វះខាត​ខ្លះ​ដែរ ។ ដូច្នេះ​ពួកយើង​បានរៀបចំ​ខ្លួន​កាន់តែ​ល្អ ដើម្បី​ត្រៀម​ការប្រកួត​ជាមួយ​គិរីវង់​ថ្ងៃ​សៅរ៍​នេះ ហើយ​ខំប្រឹង​បន្ថែមទៀត ដើម្បី​បំពេញ​ចំណុច​ខ្វះខាត និង​ជួយ​ក្រុម​ស្វែងរក ៣​ពិន្ទុ​ឲ្យ​បាន​»​។

ចុងក្រោយ​កីឡាករ កែវ សុខ​ផេង បាន​អំពាវនាវ និង​ស្នើ​ដល់​បងប្អូន​អ្នកគាំទ្រ​ទាំងអស់ មិន​ថា​អ្នកគាំទ្រ​ក្លិប​កីឡាបាល់ទាត់ វិសាខា ឬ​ក្លិប​ណា​នោះទេ កុំ​ភ្លេច​ចូលរួម​ទស្សនា​ការប្រកួត​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ និង​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ជាតិ​ឲ្យ​រីកចម្រើន ពិសេស​ដើម្បី​ចម្រាញ់​បាន​នូវ​ធនធាន​កីឡាករ​ជម្រើសជាតិ និង​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ខ្លាំង​ផងដែរ​។

ក្លិប​កីឡាបាល់ទាត់ វិសាខា ត្រៀម​បើកទ្វារ​កីឡដ្ឋាន​វិសាខា ទទួល​ក្លិប​គិរីវង់​សុខ​សែន​ជ័យ នា​វេលា​ម៉ោង ៦និង០០​នាទី​ល្ងាច ថ្ងៃ​សៅរ៍​ទី​៣០ ខែមីនា ក្នុង​សប្ដាហ៍​ទី​២ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ខណៈ​ប្រកួត​បើកឆាក​កន្លងទៅ​ក្រុម​លេខ​៣​ឆ្នាំ​ចាស់​មួយ​នេះ​បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​វិសាខា ដោយ​លទ្ធផល​០ទល់០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu