ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់អ្នកលក់ម៉ាស៊ីនភ្លើងកុំឲ្យដំឡើងថ្លៃក្នុងការលក់ម៉ាស៊ីនភ្លើងឲ្យប្រជាពលរដ្ឋប្រើប្រាស់។ ជាមួយគ្នានោះ សម្តេចបានបន្តស្នើសុំឲ្យប្រជាពលរដ្ឋមានការយោគយល់ចំពោះស្ថានភាពកង្វះអគ្គិសនីនាពេលនេះ ។ សម្តេច បានអំពាវនាវអ្នកលក់ម៉ាស៊ីនភ្លើងចែកជូនប្រជាពលរដ្ឋ ដែលប្រជាជនទិញយកទៅប្រើប្រាស់សុំកុំដំឡើងថ្លៃ ។
ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ អប់រំ ឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។ សម្តេចតេជោនាយករដ្ឋន្ត្រីបានមានប្រសាសន៍ថា «ក្រៅបរិបទនៃសន្និបាតខ្ញុំសូមអភ័យទោសពីសំណាក់អង្គសន្និបាតដែលខ្ញុំមកយឺតប្រហែលជា ៧នាទី ការយឺតយ៉ាវគឺបញ្ហាធំជាងគេគឺការដោះស្រាយអគ្គិសនីយប់មិញមិញនេះ ខ្ញុំនៅរហូតទៅដល់ម៉ោងជិតមួយយប់ដើម្បីឆ្លើយឆ្លងជាមួយ នឹងប្រធានក្រុមហ៊ុនអគ្គិសនីកម្ពុជា ហើយថ្ងៃពេលដែលចុះមកអម្បាញ់មិញនេះគឺលិខិតមួយចំនួននៃការសម្រេចមួយចំនួនក៏ត្រូវដោះស្រាយធ្វើឲ្យមានការយឺតយ៉ាវនៅទីនេះ ក្នុងនោះប្រហែលជាមានព្រះរាជាណាចក្រថៃនៅទីនេះហើយការចុះហត្ថលេខាផ្គត់ផ្គង់បន្ថែមក៏សូមមេត្តាថា ធ្វើម៉េចជួយជំរុញបានលឿន ហើយក៏បានចុះហត្តលេខាជាមួយឡាវក៏បានធ្វើរួចហើយ បើសិនជាបានកាន់តែលឿនកាន់តែល្អ ។ ខ្ញុំចុះហត្តលេខាជូនទៅ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើសុំឲ្យមានការផ្គត់ផ្គង់បន្ថែមក្នុងចន្លោះពី ៥០ ទៅ ១០០ មេហ្គាវ៉ាត់ ។ យើងកំពុងធ្វើការជាមួយទួកគី ហើយថ្ងៃស្អែកគណៈប្រតិភូតួគេនឹងមកធ្វើការចរចានៅភ្នំពេញនេះប្រហែលជាយើងចៀសមិនផុតត្រូវអូសនាវាដែលផ្ទុកដោយម៉ាស៊ីនភ្លើងដើរ ដោយប្រេងខ្មៅចូលមកកាន់រាជធានីភ្នំពេញតែម្តងប្រហែល ២០០ មេហហ្គាវាត់។ រឿងនេះ ជាអកុសលសម្រាប់យើងឆ្នាំនេះជាឆ្នាំដែលមានការហួតហែងខ្លាំងដែលធ្វើឲ្យអគ្គិសនីរបស់យើងខ្វះប្រមាណជា ៤០០ មេហ្គាវ៉ាត់ ហើយនេះគឺជារឿងដែលយើងមិនធ្លាប់ជួប។ តែរឿងមួយទៀត គឺវិស័យសំណង់កើនឡើងខ្លាំងណាស់ ដែលធ្វើឲ្យការវាយតម្លៃកាលពីពេលមុនវាអត់ត្រូវទេ យើងត្រូវការការផ្គត់ផ្គង់អគ្គិសនី ការដាក់អគ្គិសនីបន្ថែម តែមុនទៅដល់ការបន្ថែមនោះ គឺត្រូវមានតម្រូវការយកនាវារបស់តួកគីមកដាក់ប្រមាណជាបីឆ្នាំសិន ហើយស្នើឲ្យវៀតណាម ថៃ និង ឡាវ ជួយ ផ្គត់ផ្គង់បន្ថែមជាមួយការវិនិយោគបន្ថែមដែលដាក់ការសម្រេចនៅអាទិត្យក្រោយនេះ ។ មុននេះយើងអត់ហ៊ានឲ្យមានការវិនិយោគធំទេ ព្រោះថា ការវិនិយោគវិស័យអគ្គិសនីកាលណាវិនិយោគហើយត្រូវទិញពីគេ បើទិញមិនអស់ត្រូវសង់លុយគេ»។
សម្តេចបានបន្តទៀតថា វិស័យសំណង់កើនឡើងរហូតដល់ ៧០០ភាគរយ នៅដើមឆ្នាំ២០១៩ បើប្រៀបនឹងឆ្នាំ២០១៨ អញ្ចឹងនៅពេលដែលសំណង់កើនឡើងហើយ សេចក្តីត្រូវការខាងអគ្គិសនីក៏មានការកើនឡើងដែរ។ អញ្ចឹង អ្វីដែលយើងព្យាករណ៍ទុកគឺខុសស្រឡះ ដូច្នេះហើយទើបយើងត្រូវរកវិធីដោះស្រាយបន្ទាន់។ ដូច្នេះសូមប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដោយសារឆ្នាំនេះមានការដាច់ភ្លើងគ្រប់កន្លែងហើយអ្នកលក់ម៉ាស៊ីនភ្លើងចែកជូនប្រជាពលរដ្ឋដែលប្រជាជនទិញយកទៅប្រើប្រាស់សុំកុំដំឡើងថ្លៃ នេះគ្រាន់តែជាការអំពាវនាវដើម្បីឲ្យមានការយោគយល់អំពីការលំបាក ដោយសារអាកាសធាតុផង ហើយសព្វថ្ងៃនេះក៏មានតម្រូវនៃការវិនិយោគនៅក្នុងប្រទេសរបស់យើងផងដែរ។
អគ្គិសនីកម្ពុជា កាលពីដើមសប្តាហ៍មុននេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយបានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការស្វែងរកដំណោះស្រាយឆ្លើយតបជាបន្ទាន់ នូវបញ្ហាកង្វះការផ្គត់ផ្គង់អគ្គិសនី ដល់អ្នកប្រើប្រាស់នារដូវប្រាំងនេះ ខណៈដែលកង្វះអគ្គិសនីនៅតាមតំបន់នានា អាចនឹងអូសបន្លាយរហូតដល់មានភ្លៀងធ្លាក់។
ក្នុងសេចក្ដីប្រកាសនោះ អគ្គិសនីកម្ពុជា បានលើកឡើងថា ក្នុងគោលដៅនៃការអភិវឌ្ឍវិស័យអគ្គិសនី ដល់ឆ្នាំ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនកាអភិវឌ្ឍប្រភពអគ្គិសនីរួមមាន វារីអគ្គិសនី រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងៗទៀត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ផ្គុំជាមួយនឹងការនាំចូលប្រភពអគ្គិសនី ពីប្រទេសជិតខាង ដោយបានដាក់ឲ្យដំណើរការ គម្រោងជាបន្តបន្ទាប់ តាមផែនការដែលបានគ្រោងទុក។
លើសពីនេះ អគ្គិសនីកម្ពុជា ក៏បាននិងកំពុងសិក្សាប្រភពបន្ថែមជាលក្ខណៈប្រញាប់ដទៃទៀតដែលអាចមាន ដោយរក្សាគោលការណ៍មិនឲ្យមានការដំឡើងថ្លៃអគ្គិសនី ហើយនៅតែអាចចុះថ្លៃភ្លើង ជូនពលរដ្ឋនៅឆ្នាំក្រោយថែមទៀត។
ដោយសារស្ថិរភាពនយោបាយក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ និងគោលនយោបាយនៃការបញ្ចុះថ្លៃអគ្គិសនី បានធ្វើឲ្យចំនួនអ្នកប្រើប្រាស់ និងការវិនិយោគពីក្នុងនិងក្រៅប្រទេសមានកំណើនខ្ពស់។ ប៉ុន្តែចាប់ពីខែមករា អាកាសធាតុក្តៅខ្លាំង និងការខ្វះទឹកខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី នៅឆ្នាំ ២០១៩ បានកើនឡើងយ៉ាងគំហុក លើសពីការរំពឹងទុក។
សេចក្តីប្រកាសបានគូសបញ្ជាក់ថា «ការខ្វះទឹកនេះ ធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនី ថយចុះ មិនអាចធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ពេញលេញទូទាំងប្រទេសដល់ចុងរដូវប្រាំងដូចសព្វមួយដង»។
សេចក្តីប្រកាសបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជា បានទំនាក់ទំនងប្រទេសជិតខាងឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជា។ ជាលទ្ធផល ប្រទេស ថៃ បានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០MW ប្រទេសឡាវ បន្ថែម ១០MW និង ប្រទេស វៀតណាម បានជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល ទោះបីជាភាគខាងត្បូងប្រទេស វៀតណាម កំពុងជួបបញ្ហាខ្វះខាតអគ្គិសនី ប្រើប្រាស់ដូចគ្នាក្តី។
អគ្គិសនីកម្ពុជា បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសទៀតថា៖ «ទោះបីយ៉ាងនេះក៏ដោយ យើងនៅមានកង្វះថាមពលប្រមាណ ១៣% ដែលតម្រូវឲ្យអគ្គិសនីកម្ពុជា ធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះរហូតដល់រដូវវស្សាមកដល់។ ការកាត់បន្ថយការផ្គត់ផ្គង់នេះ ធ្វើនៅពេលថ្ងៃ តាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់»។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា ក៏បានគិតគូរឲ្យអស់លទ្ធភាពផ្គុំគ្នាជាមួយការជួយដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ក្នុងការផ្គត់ផ្គង់ពេលថ្ងៃ សម្រាប់ដំណើរការផ្នែកឧស្សាហកម្ម ការកិនស្រូវអង្ករ (សម្រាប់នាំចេញ) មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូតនិងស្ថាប័នរាជរដ្ឋាភិបាល។
ក្នុងរយៈពេលដែលមានការលំបាក ៧២ថ្ងៃ រហូតចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិរួមនឹងថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកការងារសរុប ២៣ថ្ងៃអគ្គិសនីកម្ពុជានឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា។ ប្រសិនបើមានភ្លៀងធ្លាក់មុនចុងខែឧសភា ការផ្គត់ផ្គង់នឹងមានជាប្រក្រតីឡើងវិញ។
អគ្គិសនីកម្ពុជា ក៏បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងជួយសន្សំសំចៃ ការប្រើប្រាស់ អគ្គិសនី ដើម្បីបន្ថយការលំបាក ដែលកំពុងជួបប្រទះក្នុងរយៈពេលអន្តរកាលនេះ៕
Source: Kampuchea Thmey Daily
0 Comments