Ad Code

ក្រុម​បេសកកម្ម​ការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF Staff Visit) មក​បំពេញការងារ​នៅ​កម្ពុជា​រយៈពេល មួយ​សប្តាហ៍



​ភ្នំពេញ ​៖ ក្នុងនាម​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​បេសកកម្ម​ការងារ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​លោក Jarkko Turunen ដែល​ជា​ប្រធាន​ក្រុម​បេសកកម្ម ព្រមទាំង​ចូលរួម​ដោយ លោកស្រី Eteri Kvintrade សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​, លោក David Corvino សេដ្ឋវិទូ​នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​, លោកស្រី Lisa Uemae សេដ្ឋវិទូ​ពី​ការិយាល័យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​លោកស្រី Matanee Satraphai សេដ្ឋវិទូ​ពី​ការិយាល័យ​អភិវឌ្ឍន៍​សមត្ថភាព​នៃ​ប្រទេស​ថៃ (CDOT) កាលពី​រសៀល​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។



ក្នុងនាម​ក្រុមការងារ លោក Jarkko Turunen បាន​ជម្រាបជូន​លោក​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត ពី​គោលបំណង​នៃ​បេសកកម្ម​ការងារ​នៅ​កម្ពុជា​ពីថ្ងៃ​២៧ មីនា - ០២ មេសា ២០១៩ ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ឆ្នាំ​កន្លងៗ​ទៅ ដោយ​ផ្តោតលើ​ការវាយតម្លៃ​សេដ្ឋកិច្ច និង​ការអនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​ទស្សនវិស័យ​រយៈពេល មធ្យម​ខាងមុខ​, កិច្ចប្រឹងប្រែង​លើ​ការងារ​ប្រមូល​ចំណូល​, ភាព​ប្រុងប្រយ័ត្ន​នៃ​ការអនុវត្ត​វិធានការ​សារពើពន្ធ​ផ្សេងៗ​, វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​, គោលនយោបាយ​អាទិភាព​សំខាន់ៗ ព្រមទាំង​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ទន្ទឹមនេះ ក្រុមការងារ​ក៏បាន​ជម្រាប​ជូន បន្ថែម​ពី​បច្ចុប្បន្នភាព នៃ​និន្នាការ​សេដ្ឋកិច្ច​សកល​, ការកើនឡើង​នូវ​ភាព​មិនច្បាស់លាស់ ដែល​កើត​ចេញពី​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​, ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ការ​ថមថយ​លឿន​ជាង​ការរំពឹងទុក​នៃ​សេដ្ឋកិច្ច​ចិន​... ជាដើម​។



លោក​រដ្ឋលេខាធិការ​ប្រចាំការ វ​ង្សី វិស្សុត បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​កន្លងមក​រប​ស់​ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ លើ​ការវាយតម្លៃ​ពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការអនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ ដោយមាន​ការដាក់ចេញ​នូវ​អា​នុ​សាសន៍​គោលនយោបាយ​ល្អៗ និង​ចាំបាច់ ដើម្បី​ជួយ​តម្រង់ទិស​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។ លោក​រដ្ឋលេខាធិការ​ប្រចាំការ ក៏បាន​ជម្រាបជូន ដល់​ក្រុម​បេសកកម្ម​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ផងដែរ ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការងារ​កែម​ទ្រង់​ប្រព័ន្ធ​ថវិកា ក៏ដូចជា​ការរៀប​ចំ​នូវ​ឯកសារ​យុទ្ធសាស្ត្រ​សំខាន់ៗ មាន​ដូច​ជា យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​, យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ថ្នាក់ក្រោម​ជាតិ និង​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ ។​ល​។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏បាន​ជម្រាបជូន​ក្រុមការងារ​ពី​ការកើនឡើង​នូវ​តម្រូវ​ការកសាង និង​ពង្រឹងសមត្ថភាព​ការងារ​របស់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្នើសុំ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ តាមរយៈ​ការបន្ត​ផ្តល់​ការបណ្តុះបណ្តាល​បន្ថែមទៀត​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu