ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ការថយចុះនៃអ្នកប្រើភាសាបារាំងនៅកម្ពុជាគឺវាកើតចេញពីការគិតខុសរបស់អ្នកនយោបាយបារាំងមួយចំនួនដែលមានភាពជ្រុលនិយម។ សម្តេចក៏បានលើកឡើងផងដែរថានៅកម្ពុជាអ្នកចេះភាសាបារាំងបានស្លាប់ជាបន្តបន្ទាប់ ចំណែកអ្នករៀនភាសាបារាំងកាន់តែមា នចំនួនតិច អ្នកចេះភាសាបារាំងស្លាប់ ១០ នាក់ខណៈមានអ្នករៀនភាសាបារាំងត្រឹមម្នាក់ប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់គរុសិស្ស និង គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ចំនួនជិត ២ ពាន់នាក់នៅព្រឹកថ្ងៃទី ២៧ ខែមីនានេះ ដែលក្នុងនោះក៏មានគ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក ២ ចំនួន ៤៤នាក់ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកពីប្រវត្តិខ្លះៗពាក់ព័ន្ធនឹងការធ្លាក់ចុះនៃការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថានៅអាស៊ីប្រទេសដែលនិយាយភាសាបារាំងមានតែបីប៉ុណ្ណោះគឺកម្ពុជាឡាវនិងវៀតណាម ។ ជាការពិតមូលហេតុ ដែលធ្វើឲ្យភាសាបារាំងថយចុះនោះក៏ដោយសារថាសូម្បីមេដឹកនាំប្រទេសនិយាយភាសាបារាំងនេះភាគច្រើនក៏និយាយអង់គ្លេសនៅពេលសន្ទនាផ្លូវការជាមួយភ្ញៀវ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញផងដែរថា សម្តេចក៏ធ្លាប់បានដាស់តឿនបារាំងរួចមកហើយចំពោះការធ្លាក់ចុះ នៃការប្រើប្រាស់ភាសាបារាំងនៅលើពិភពលោកនេះ។
សម្តេចបានមានប្រសាសន៍ថា «រឿងភាសាបារាំងនេះខ្ញុំបានដាស់តឿនបារាំងម្តងរួចមកហើយនៅពេលដែលខ្ញុំធ្វើជានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេស ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសបារាំងដោយចូលរួមសមាជគណបក្សកុម្មុយនីស្តបារាំងពេលនោះ មានជំនួបមួយរវាងបណ្តាអ្នកតំណាងរាស្ត្រនៃបណ្តាបក្សនយោបាយបារាំងមានគ្រប់គណបក្សទាំងអស់ ...បានចូលរួមហូបបាយ ជាមួយគ្នាដោយគេរៀបចំឲ្យខ្ញុំបានជួបសន្ទនាជាមួយនឹងសមាជិកសភាបារាំង។ ពេលនោះខ្ញុំបាននិយាយទៅកាន់តំណាងរាស្ត្រ ទាំងអស់នោះថាឯកឧត្តមលោកជំទាវពេលនេះភាសាបារាំងនៅកម្ពុជាកំពុងចុះខ្សោយហើយអ្នកដែលចេះភាសាបារាំងចេះតែស្លាប់ ហើយអ្នកដែលរៀនភាសាបារាំងក៏កាន់តែតិចដូចនេះគួរបង្កើតមជ្ឈមណ្ឌលវប្បធម៌ភាសាបារាំងនៅកម្ពុជា។ ពេលនោះស្រាប់តែមាន តំណាងរាស្ត្រ បារាំងម្នាក់ដែលអង្គុយនៅទល់មុខខ្ញុំបានងើបឡើងហើយនិយាយថា មិនមានការចាំបាច់បង្កើតមជ្ឈមណ្ឌលវប្បធម៌ បារាំងនៅកម្ពុជានោះទេព្រោះរដ្ឋាភិបាលបារាំងមិនបានទទួលស្គាល់រដ្ឋាភិបាលរបស់លោកទេ។ ដូចនេះបារាំងមិនអាចដាក់មជ្ឈមណ្ឌលវប្បធម៌បារាំងនៅកម្ពុជាបានទេ។ បានខ្ញុំទៅវិញថា និយាយថា ខ្ញុំនិយាយនេះក្នុងគោលបំណងថែរក្សាភាសាបារាំងនៅកម្ពុជា។ ប្រទេសយើងខ្ញុំទោះបីបារាំងត្រួតត្រារយៈពេល ៩០ឆ្នាំតែបារាំងគ្មានលទ្ធភាពដើម្បីធ្វើការកែប្រែភាសាជាតិយើងខ្ញុំបានទេ ព្រោះកម្ពុជាមានភាសាជាតិរបស់ខ្លួនមិនអាចឲ្យបារាំងធ្វើ រូម៉ានីសេ ដូចនៅវៀតណាម និងនៅប្រទេសអាហ្រិកមួយចំនួននោះទេ។ ចំណុចទី២ខ្ញុំមានជម្រើសក្រៅពីភាសាបារាំងគឺមានភាសាអង់គ្លេស ហើយបច្ចុប្បន្នខ្ញុំកំពុងបញ្ជូននិស្សិតយ៉ាងច្រើនទៅរៀននៅ សហភាពសូវៀត និងអឺរ៉ុបខាងកើត ដូច្នេះពួកគេមានភាសាផ្សេង។ ដល់ឆ្នាំ ១៩៩០ ទើបចាប់ផ្តើមស្ទុះស្ទាមកបើកមជ្ឈមណ្ឌល វប្បធម៌បារាំងនៅកម្ពុជាប៉ុន្តែដំណើរការវាហួសពេលទៅហើយតែទោះបីជាខំប្រឹងត្រូវពង្រីកយ៉ាងណាក៏ដោយ»។
សម្តេចតេជោហ៊ុនសែនបានបន្តថា «បញ្ហាសំខាន់គ្មានអ្នកនិយាយភាសាបារាំងគ្មានអ្នកប្រើភាសាបារាំង គេនិយាយដែរនិយាយនៅពេលដែលគេទៅស្រុកបារាំង។ សួរតែលោកម៉ាក្រុងទៅដឹងហើយគាត់មកប្រជុំនៅប៊ែលហ្ស៊ិកនៅពេលដែលគាត់ចាប់ដៃជាមួយខ្ញុំចាប់ដៃជាមួយគាត់គឺយើងនិយាយភាសាអង់គ្លេសជាមួយគ្នាទេយើងមិនបានប្រើភាសាបារាំងនោះទេ»។
សម្តេចតេជោបន្តថា «ការពិតគឺវាបែបនេះការងារដែលមានការគិតខុសបែបណាមួយគឺវាទៅអញ្ចឹង ។ឥឡូវនៅសល់មនុស្សប៉ុន្មាន នាក់ទៅដែលនិយាយភាសាបារាំង...។តែយ៉ាងណាក៏ដោយភាសាបារាំងនៅកម្ពុជានៅតែស្ថិតនៅក្នុងវិស័យវេជ្ជសាស្ត្រគឺប្រើប្រាស់ ភាសាបារាំងនៅក្នុងវិស័យច្បាប់គេប្រើភាសាបារាំងនិងនៅក្នុងផ្នែករដ្ឋបាលគេនៅប្រើភាសាបារាំងនៅឡើយយើងបន្តការខិតខំដើម្បីរួមជាមួយដៃគូក្នុងសហគមន៍និយាយភាសាបារាំងបន្តទៀតដើម្បីជំរុញវឌ្ឍនភាពនៃការប្រើប្រាស់ភាសាបារាំង»។
អញ្ចឹងទេប្រសិនជាបើកមជ្ឈមណ្ឌលវប្បធម៌ភាសាបារាំងតាំងពីទសវត្សរ៍ ៨០ មកនោះហើយ លីសេដេកាតកើតនៅពេលនោះគឺភាសាបារាំងអាចនៅច្រើន។ ប៉ុន្តែឥឡូវអ្នកចេះបារាំងនិយាយបារាំងគេនិយាយអង់គ្លេសទៅវិញ ហើយអ្នកដែលចេះនិយាយភាសាបារាំស្លាប់ដប់គឺមានអ្នករៀនភាសាបារាំងតែមួយទេគឺវាថយ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយដោយសារប្រទេសយើងមានប្រវត្តិនិងខេត្តនៅក្នុងសហគមន៍និយាយភាសាបារាំងទើបយើងនឹងបន្តប្រើប្រាស់ភាសាបារាំងនេះបន្តទៅទៀត៕
Source: Kampuchea Thmey Daily
0 Comments