ភ្នំពេញ ៖ ប្រធាន អនុប្រធានក្រុមការងារបោះឆ្នោត ប្រធាន អនុប្រធានគណៈកម្មាធិការប្រតិបត្តិខេត្ត ក្រុង ស្រុក នៃគណបក្សហ៊្វុនស៊ីនប៉ិច នៅខេត្តក្រចេះ បានធ្វើលិខិតមួយច្រានចោលទាំងស្រុង ពុំទទួលស្គាល់រាល់ការឡាយព្រះហស្តលេខាណាមួយរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ (កូនប្រុសរបស់សម្តេចក្រុមព្រះ) ក្នុងនាមគណបក្សហ្វ៊ុនស៊ិនប៉ិចឡើយ នេះបើតាមលិខិតចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។
យោងតាមលិខិត ដែលមានចុះហត្ថលេខា និងត្រាផង ដែលការិយាល័យយើងទទួលបាន ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សហ៊្វុនស៊ីនប៉ិចទាំងនោះបានលើកឡើងថា រាល់ការឡាយគ្រហស្ថលេខារបស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ក្នុងនាមគណបក្សហ៊្វុនស៊ីនប៉ិច កន្លងមកពុំត្រឹមត្រូវតាមនីតិវិធីនៃច្បាប់គណបក្សនយោបាយទេ។ គណបក្សហ៊្វុនស៊ីនប៉ិចមានលក្ខន្តិកៈតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដូច្នេះព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ មិនត្រូវប្រើអំណាចជារាជបុត្រ ឬរាជវង្ស បំពានលក្ខន្តិកៈ និងមិនគោរពតាមការណែនាំរបស់ក្រសួងមហាផ្ទៃ មករំលាយរចនាសម្ព័ន្ធ ដែលតែងតាំងដោយសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិចកន្លងមកនោះឡើយ។
ប្រធាន អនុប្រធានក្រុមការងារទាំងនោះបានបញ្ជាក់ថា "ទូលបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំមូលដ្ឋានកន្លងមកបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពាររាជានិយមហ៊្វុនស៊ីនប៉ិច មិនដែលត្អូញត្អែរដល់ណាឡើយ ប្រសិនបើព្រះអង្គម្ចាស់មានបំណងបន្តថែរក្សាគណបក្សហ៊្វុនស៊ីនប៉ិច ជាកេរ្តិ៍ដំណែលរបស់សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ដែលស្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថែរក្សាកន្លងមក សូមព្រះអង្គម្ចាស់គួរតែគោរពច្បាប់ និងលក្ខន្តិកៈ របស់គណបក្សហ៊្វុនស៊ីនប៉ិចដែលមាន ហើយបន្តប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម និងអ្នករណឫទ្ធិនិយម ជាធ្លុងមួយ ដើម្បីជាប្រយោជន៍គណបក្ស និងសូមព្រះអង្គឈប់ជឿលើមនុស្ស៤,៥ នាក់ដែលនៅជុំវិញព្រះអង្គ ចាំតែចាក់រុកឆ្កឹះឆ្កៀល លាបពណ៌ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ម្យ៉ាងទៀតទូលបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំមូលដ្ឋាននៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិចជានិច្ច ដើម្បីឲ្យគណបក្សរាជានិយមមួយនេះ មានសក្តានុពលខ្លាំងក្លាថែមទៀត”។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ីនប៉ិច លោក ណុប សុធារិទ្ធ បានអះអាងថា នោះគ្រាន់តែជាមនុស្សពីរបីនាក់ ដែលគេដកចេញប៉ុណ្ណោះ មិនមានបញ្ហាអ្វីទេ ហើយអ្នកផ្សេងទៀត គេគាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ទាំងអស់ ពីព្រោះពេលនេះលោកនៅជាប្រធានស្តីទីដដែលគួររំលឹកថា គណបក្សហ៊្វុនស៊ីនប៉ិច នៅក្នុងការដឹកនាំរបស់សម្តេចក្រុម នរោត្តម រណឫទ្ធិ ត្រូវបានរហែកជាចំរៀកៗស្ទើរតែរលត់រលាយដល់ចំណុចសូន្យ ហើយថ្វីបើមកដល់ពេលនេះនៅមានរូបរាងជាគណបក្សក៏ពិតមែន តែមិនមានអាសនៈសូម្បីតែ១នៅក្នុងរដ្ឋសភា ហើយសញ្ញាបែកបាក់ចេះតែកើតមានចំពោះគណបក្សរាជានិយមមួយនេះ បើទោះបីជាមានការបង្រួបបង្រួមគ្នាយ៉ាងណាក៏ដោយ៕
Source: Kampuchea Thmey Daily
0 Comments