Ad Code

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ផ្តល់​អនុសាសន៍ ៨​ចំណុច ដល់​ក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​រួមគ្នា​សហ​ការ​ផ្តល់សេវា​សុខាភិបាល​



ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចាត់ទុកថា ការ​លើកកម្ពស់​សេវា​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ គឺជា​កិច្ចការ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទាំង​ក្នុង​នីតិកាល​កន្លងមក​ក៏ដូចជា​នីតិកាល​ទី​៦ នេះ។



សម្តេច​បាន​ថ្លែង​បែបនេះ​នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​របស់​ក្រសួងសុខាភិបាល នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​ភ្នំពេញ​។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ដើម្បី​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ក្លាយជា​ប្រព័ន្ធ​សុខាភិបាល​ដែលមាន​ប្រជាប្រិយភាព និង​មានការ​ជឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការ​ព្យាបាល​ប្រកបដោយ​គុណភាព​ប្រសិទ្ធភាព​និង​គុណធម៌​កាត់បន្ថយ​ការប្រើប្រាស់​សេវា​សុខាភិបាល​នៅក្រៅ​ប្រទេស​ដែល​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ច្រើន ខ្ញុំ​សូម​ឲ្យ​ក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​រួមគ្នា​សហការ​អនុវត្ត​ភារកិច្ច​សំខាន់ៗ​ដូចខាងក្រោម​៖

​ ​ទី​១-​ត្រូវ​រួមគ្នា​លើកកម្ពស់​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​សេវា​សុខាភិបាល ជាពិសេស​សេវា​សុខភាព​បឋម​សេវា​សង្គ្រោះ​បន្ទាន់ និង​ការបង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល និង​បច្ចេកវិទ្យា​វេជ្ជ​សាស្ត្រ។ ទន្ទឹម​នេះ ត្រូវ​លើកកម្ពស់​សមត្ថភាព​និយតកម្ម ទាំង​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​ឯកជន​ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះ​ការផ្តល់សេវា​សុខាភិបាល​ការស្រាវជ្រាវ​វិស័យ​សុខាភិបាល រួមមាន​ជំងឺឆ្លង ជំងឺមិនឆ្លង ពង្រឹង​ប្រព័ន្ធ​អង្កេត តាមដាន​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ និង​គ្រោះអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​បទដ្ឋាន​និយតកម្ម​សុខភាព​អន្តរជាតិ។



ទី​២-​ត្រូវ​រួមគ្នា​រៀបចំ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល សំដៅ​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព​ជំនាញ តាមរយៈ​ការបណ្ដុះ​ប​ណ្ដេ​ល​មុនពេល​បម្រើ​ការងារ និង​ពេល​បម្រើ​ការងារ ជាពិសេស​ត្រូវ​រួមគ្នា​អភិវឌ្ឍ​ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រង​ធនធានមនុស្ស​សុខាភិបាល ការ​ពង្រាយ​បុគ្គលិក​សុខាភិបាល​ដែលមាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់​ពង្រឹង​យន្តការ​លើកទឹកចិត្ត​ជូន​ដល់​បុគ្គលិក​សុខាភិបាល ជាពិសេស​នៅតាម​ទីជនបទ​ដាច់ស្រយាល។

ទី​៣-​ត្រូវ​រួមគ្នា​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​បង្ការ​ជំងឺ ដោយ​បង្កើន​កិច្ចសហការ​ជាមួយ​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​អប់រំ​និង​ផ្សព្វផ្សាយ​អំពី​អនាម័យ សុវត្ថិភាព​ចំណីអាហារ ការថែទាំ​សុខភាព​និង​ផលប៉ះពាល់​ដែល​បញ្ហា​ល​មកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​គ្រឿងញៀន ថ្នាំជក់ និង​ផលប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។



ទី​៤-​ត្រូវ​រួមគ្នា​រៀបចំ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ការប្រើប្រាស់​ឱសថ ដោយ​គ្មាន​វេជ្ជបញ្ជា​ការប្រើ​សារជាតិ​គីមី​ក្នុង​ចំណីអាហារ និង​ការប្រើ​គ្រឿង​ស្រវឹង និង​ថ្នាំជក់។



ទី​៥-​ត្រូវ​រួមគ្នា​រៀបចំ​ឲ្យ​មាន​យន្តការ​ពហុ​វិស័យ ក្នុង​ការធ្វើអន្តរាគមន៍​លើកកម្ពស់​អាហារូបត្ថម្ភ ដោយមាន​ការចូលរួម​ពី​សហគមន៍​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​តំបន់​ដែល​មាន​បញ្ហា​ប្រឈម​កម្រិត​ខ្ពស់​ចំពោះ​កង្វះ​អាហារូបត្ថម្ភ។

ទី​៦-​ត្រូវ​រួមគ្នា​ជំរុញ​ការ​អភិវឌ្ឍ​ប្រពន្ធ​គាំពារ​សុខភាព​សង្គម​តាមរយៈ​ការបង្កើន​វិសាលភាព​គ្របដណ្ដប់ នៃ​មូលនិធិ​សមធម៌​សុខភាព របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​មន្ត្រី​សាធារណៈ កម្មករនិយោជិត​នៃ​វិស័យសេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ការរៀបចំ​ក្របខណ្ឌ​គតិយុត្តិ និង​យន្តការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​សង្គម​សម្រាប់​ប្រជាជន​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ទី​៧-​ក្រសួងសុខាភិបាល​ត្រូវធ្វើ​វិចា​រណកម្ម​មុខងារ និង​ភារកិច្ច​រចនាសម្ព័ន្ធ​គ្រប់គ្រង​ស្ថាប័ន និង​ការ​សម្របសម្រួល​អន្តរ​ស្ថាប័ន តាមរយៈ​ការពង្រឹង​ភាពជា​អ្នកដឹកនាំ​មាន​គណនេយ្យ​ភាព​ច្បាស់លាស់ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ស្ថាប័ន និង​ក្នុង​អង្គភាព​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ ផ្សារភ្ជាប់​ទៅ​នឹង​ក្របខណ្ឌ​អភិវឌ្ឍ​មូលធន​មនុស្ស ជាពិសេស​គុណ​វុឌ្ឍ​ល្អ​ប្រសើរ សមត្ថភាព​ជំនាញ ទេ​ព្យ​កោសល្យ ការ​លើក​ទឹកចិត្ត និង​ការផ្តល់​អត្ថប្រយោជន៍​ផ្សេងទៀត​_​ដល់​មន្ត្រី​បុគ្គលិក​សុខាភិបាល។

ទី​៨-​ក្រសួងសុខាភិបាល​ត្រូវ​រៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់ តាមរយៈ​យន្តការ​តាមដាន និង​ការវាយតម្លៃ​ដើម្បី​ជំរុញ​ការអនុវត្ត និង​ការ​កែលម្អ​វិធានការ​តម្រង់​ទិស​យុទ្ធសាស្ត្រ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរក្រសួង​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ទន្ទឹម​នេះ ត្រូវ​លើកកម្ពស់​យន្តការ​ចែក​រំលែក​និង​ផ្លាស់​ប្តូរ​ព័ត៌មាន​ក្នុង និង​ក្រៅ​វិស័យ​សុខាភិបាល​នៅ​គ្រប់​កម្រិត ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង និង​ការថែទាំ​សុខមាលភាព ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ទូទាំងប្រទេស ដែល​ជា​អ្នកប្រើប្រាស់​សេវា​សុខាភិបាល​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព។



សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​ទៅលើ​វិស័យ​សុខាភិបាល​នេះ ចាប់តាំងពី​ក្រោយ​រំដោះប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​នេះ វិវឌ្ឍន៍​ជាមួយ​ភាព​ល្អប្រសើរ​នោះ រាជរដ្ឋាភិបាល បាន​ទម្លាក់​ថវិកាជាតិ​ខ្ពស់​ជាងគេ​ទៅក្នុង​វិស័យ​សុខាភិបាល​លើ​ការចំណាយ​ចរន្ត​ប្រចាំឆ្នាំ​របស់ខ្លួន​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​តែងតែបាន​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​ការងារ​របស់​ក្រសួងសុខាភិបាល​ជា​រៀងរាល់ឆ្នាំ​ផង​ដែរ ដើម្បី​យក​ឱកាស​នេះ​ផ្តល់នូវ​អនុសាសន៍ និង​ការ​ទូន្មាន​មួយចំនួន​ដល់​ក្រុមគ្រូពេទ្យ ក្នុង​បំណង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​របស់​កម្ពុជា។



​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា លើ​មូលដ្ឋាន​នៃ​ការពិនិត្យ​វាយតម្លៃ របាយការណ៍​សមិទ្ធផល​វិស័យ​សុខាភិបាល​ឆ្នាំ​២០១៨ អង្គសន្និបាត​បានធ្វើកា​រ​កត់សំគាល់​ដូចតទៅ​៖​ ការ​ផ្តល់សេវា​ថែទាំ​សុខភាព​បាន​បន្ត​ស្ថិតនៅលើ​មាគ៌ា​វឌ្ឍនភាព​តាមរយៈ​កំណើន​នៃ​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​នោះ​ករណី​ពិនិត្យ​ជំងឺ​ក្រៅ មាន​ចំនួន​សរុប ១៣.៤៨១.៨៨៣​ករណី កើន​លើស​ឆ្នាំ​២០១៧ ជាង ៣ សែន​ករណី​,​សម្រាក​ព្យាបាល​ដោយ​មិន​រាប់បញ្ចូល​អ្នកជំងឺ​របេង​មាន​ចំនួន​សរុប ៩៨៦.៣៩៤​នាក់​កើន​លើស​ឆ្នាំ​២០១៧ ជាង ១​សែន​ករណី​ក្នុង​នោះ​មាន​ករណី​វះកាត់​ធំ​ចំនួន ១៣២. ៧៥១​ករណី​, វះកាត់​បន្ទាន់ ៥៤.៥៤២ ករណី និង វះកាត់​ដាក់​កម្មវិធី ៧៨.២០៩​ករណី ។ អត្រា​ស្លាប់​របស់​អ្នកជំងឺ​សម្រាក​ព្យាបាល​មាន​កម្រិត​ទាប​ត្រឹម​០,៧២%​។ អត្រា​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល គឺ ៨៤,០៥% និង​អត្រា​សម្រាល​ដោយ​បុគ្គលិក​សុខាភិបាល​មាន​កម្រិត​ខ្ពស់ ៨៧,២៩% នៃ​ចំនួន​ស្ត្រី​មានគភ៌​រំពឹងទុក​។ រីឯ​អត្រា​សម្រាល​ដោយ​វិធី​វះកាត់​ធៀប​នឹង​ចំនួន​ទារក​កើត​រស់​សរុប​គឺ ៦,៧៧%​។ ការ​គ្របដណ្តប់​នៃ​ការផ្តល់​វ៉ាក់សាំង​គ្រប់មុខ​បង្ការ​ជំងឺ​សម្រេចបាន​៩៥,៦៩% នៃ​កុមារ​។ រីឯ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ដែល​បានមក​ពិនិត្យ​ជំងឺ​ករណី​ថ្មី​មាន​ចំនួន​សរុប ២.៦០៣.៣៥៥​ករណី ឬ ជា​មធ្យម​កុមារ​ម្នាក់​បានមក​ពិនិត្យ​ជំងឺ​ជិត ១ ដង​កន្លះ ក្នុង​មួយឆ្នាំ​។ កម្មវិធី​ប្រយុទ្ធ​ជំងឺឆ្លង​កំពុង​បន្ដ​ស្ថិតនៅលើ​មាគ៌ា​វឌ្ឍនភាព​។ ករណី​ថ្មី​នៃ​ការ​ឆ្លង​មេរោគ​អេដស៍​មាន​ចំនួន ៥៣៨ នាក់ ឬ​ស្មើនឹង ០,០៣​ករណី ក្នុងចំណោម​ប្រជាជន​ដែល​គ្មាន​ផ្ទុកមេរោគ​អេដស៍​១.០០០​នាក់​។ ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​បាន​គ្របដណ្តប់ ៨៧,២២% នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍។ អត្រា​ព្យាបាល​ជោគជ័យ​នៃ​ជំងឺរបេង​រក្សា​បាន​លើស​ពី ៩៣% ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា។ ករណី​ឈឺ​នៃ​ជំងឺគ្រុនចាញ់​បាន​កើនឡើង​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ពុំមាន​អ្នកជំងឺ​ស្លាប់​។ វឌ្ឍនភាព​នេះ​នឹង​ឈានទៅ​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ​២០២៥​។ ការពង្រីក​សេវា​ពិនិត្យ​និង​ព្យាបាល​ជំងឺមិនឆ្លង​រ៉ាំរ៉ៃ​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់​ស ម្គា ល់​។ ៣០% នៃ​ប្រជាជន​អាយុ​ពី​២៥-៦៤​ឆ្នាំ ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​បាន​ទទួល​ការព្យាបាល និង ៣២% នៃ​ប្រជាជន​អាយុ​ពី​២៥-៦៤​ឆ្នាំ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​បាន​ទទួល​ការ​ព្យាបាល​។ អ្នកប្រើប្រាស់​គ្រឿងញៀន​បានទទួល​សេវា​ព្យាបាល​បាន​កើនឡើង​ពី ៣.១០១​នាក់ នៅ​ឆ្នាំ​២០១៧ ទៅ​៨.០៩៦​នាក់​នៅ​ឆ្នាំ​២០១៨​។

មន្ដ្រី​រាជការ​ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ​មាន​ចំនួន ២៥.៤៣៨នាក់។ ការ​ពង្រាយ​បុគ្គលិក​នៅ​តាម​ថ្នាក់​នៃ​ប្រព័ន្ធ​សុខាភិបាល​បាន​បង្ហាញថា បុគ្គលិក​សុខាភិបាល​បម្រើ​ការងារ​នៅ​ថ្នាក់ រាជធានី​-​ខេត្ត​មាន​ចំនួន ១៩.៧១០​នាក់ ឬ​ស្មើនឹង ៧៧% នៃ​ចំនួន​បុគ្គលិក​សុខាភិបាល​សរុប​។



ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន និង​សេវា​គាំទ្រ​ជា​សារវន្ត ក្នុង​ឆ្នាំ​២០១៨ មូលដ្ឋាន​សុខាភិបាល​សាធារណៈ​រួមមាន ប៉ុស្តិ៍​សុខភាព ១២៩​កន្លែង មណ្ឌល​សុខភាព​១.២០៥​កន្លែង មន្ទីរពេទ្យ​បង្អែក​រាជ​ធានី​-​ខេត្ត ២៥ និង​មន្ទីរពេទ្យ​បង្អែក​ក្រុង​/​ស្រុក​/​ខណ្ឌ៨៦​។ រីឯ​ការសាងសង់​រួម​មាន មណ្ឌល​សុខភាព​២០​កន្លែង ប៉ុស្តិ៍​សុខភាព ៥​កន្លែង អគារ​ក្នុង​មន្ទីរពេទ្យ ១៣​កន្លែង បន្ទប់​រង់ចាំ​សម្រាល ៩​កន្លែង បន្ទប់​សម្រាល ៥​កន្លែង និង​អគារ​រដ្ឋបាល​ស្រុក​ប្រតិបត្តិ ៣​កន្លែង​។ ក្រសួង​បាន​ផាកពិន័យ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​គ្រឿងសម្អាង​ឱសថស្ថាន​និង​អគារ​លក់​ឱសថ​បុរាណ​ដែល​មិនបាន​គោរព​តាមច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ឱសថ​ចំនួន ៦២​ករណី​សរុប​ជា​ទឹកប្រាក់​សរុប​១១២.៥០០.០០០​រៀល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu