Ad Code

AFC Cup ៖​ ក្រុម​ណាហ្គា​វើ​ល រកបាន​៣​ពិន្ទុ​ក្រោយ​យកឈ្នះ​លើ​ក្រុម​Yangon United របស់​មី​យ៉ាន់​ម៉ា



ក្រុម​ណាហ្គា​វើ​ល ដែលជា​សមាជិក​ពាន​រង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) អាច​រកបាន​៣​ពិន្ទុ​លើកដំបូង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល​F នៃ​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ​២០១៩ នេះ ក្រោយ​យកឈ្នះ​លើ​ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា​។



​ប្រកួត​ដែល​ដឹកនាំ​ដោយ​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន Baraa Aisha នេះ​ក្រុម​ណាហ្គា​វើ​ល បាន​យកឈ្នះ​លើ​ក្រុម Yangon United ២​ទល់​១​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា K. Atuhaire បា​នរក​គ្រាប់​បាល់​២​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​ណាហ្គា​វើ​ល ខណៈ​កីឡាករ​ប្រេ​ស៊ី​ល Guirra Miller de Oliveira បា​នរក​គ្រាប់​បាល់​វាយបក​១​គ្រាប់​ឲ្យ​ក្រុម Yangon United​។

​ក្រុម Yangon United ដឹកនាំ​ដោយ​លោក​Myo Min Tun ដែលជា​គ្រូបង្វឹក​បាន​នាំយក​សមាជិក​តែ​១៨​នាក់​ប៉ុណ្ណោះ មក​ប្រកួត​នៅ​រាជធានី​ភ្នំពេញ ខណៈ​កីឡាករ​មួយចំនួន​៥​រូប​គឺ​Kyaw Zin Htet, Pyae Phyo Zaw, Min Kyaw Khant, Maung Maung Lwin និង Nyein Chan Aung ជាប់​ឈ្នះ​ក្នុង​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌូណេស៊ី និង​តៃវ៉ាន់ នៅ​ចុងខែ​មីនា នេះ​។



ចំណែក​ក្រុម​ណាហ្គា​វើ​ល របស់​លោក មាស ចាន់ណា វិញ​បាន​ស្តារ​កិត្តិយស​ឡើងវិញ​ក្រោយ​បរាជ័យ​យ៉ាង​ចាស់ដៃ​នៅ​រដ្ឋធានី​ហាណូយ កាលពី​ចុងខែ​កុម្ភៈ កន្លងទៅ ខណៈ​កីឡាករ​ទាំងអស់​សុទ្ធតែ​បាន​ប្រមូល​ផ្តុំ​និង​ហ្វឹកហាត់​រួមគ្នា​បាន​មួយ​រយៈ​មក​ហើយ​។ ៣​ពិន្ទុ​នេះ​គឺ​ចាំបាច់​ណាស់​សម្រាប់​ណាហ្គា​វើ​ល ដែល​តំណាង​ឲ្យ​កម្ពុជា ដើម្បី​ស្រវា​កៅអី​ឡើងទៅ​វគ្គ​បន្ត​។



សូម​រំលឹក​ថា ​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចាប់ឆ្នោត​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម​ខ្លាំង​ដល់​ទៅ​៣​ពី​តំបន់​អាស៊ាន​ផ្សេងទៀត ដោយ​ក្នុងនោះ​មាន​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) Tampines Rovers (​ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី​) និង Yangon United (​ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​)​។ សម្រាប់​តំណាង​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ក្រោយ​ប្រកួត​បាន​ម្នាក់​២​លើក​មក​ឃើញ​ថា ​ក្រុម Hanoi FC ឈរ​លេខ​១ មាន​៤​ពិន្ទុ​ដូចគ្នា​នឹង​ក្រុម​លេខ​២ Tampines Rover ហើយ​ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​៣​មាន​៣​ពិន្ទុ​ហើយ​ក្រុម Yangon United ឈរ​លេខ​៤​មិនទាន់មាន​ពិន្ទុ​កាន់​។



​ពានរង្វាន់ AFC Cup វគ្គ​ជម្រុះ​តាម​ពូ​ល​នឹង​ចាប់ផ្ដើម​នៅ​ចុងខែ កុម្ភៈ តទៅ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យក​តែ​មួយ​ក្រុម​ឡើងទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុង​ការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ២០១៧ ធ្លាប់​បាន​ចូល​រួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu