Ad Code

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ក្រើនរំលឹក​ឲ្យ​មន្ត្រីក្រោមឱវាទ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព និង​បំពេញការងារ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត



ភ្នំពេញ ​៖ ការ​ក្រើនរំលឹក​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន នេះ បាន​ធ្វើឡើង​នៅក្នុង កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​រតនាគា​រ​ជាតិ​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ និង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី របស់​អគ្គនាយកដ្ឋាន​រតនាគារជាតិ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩។

មាន​ប្រសា​ស​ន៍​ទៅកាន់​អ្នកចូលរួម ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​ការងារ ដែល​អគ្គនាយកដ្ឋានរ​ត​នាគារ​ជាតិ​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨ និង​បានធ្វើការ​គូសបញ្ជាក់​បន្ថែម​នូវ​ចំណុច​លេចធ្លោ​មួយចំនួន​ដូចជា ការបន្ត​ពង្រឹង​អភិបាលកិច្ច​, ការបើក​ផ្តល់​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ​, ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, ការបង្កើន​សមត្ថភាព​ការងារ និង​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ចំណូល​-​ចំណាយ​ថវិកា​, ការងារ​គម្រោង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS), ការងារ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ស្របតាម​ស្តង់ដារ​គណនេយ្យ​សាធារណៈ​អន្តរជាតិ មូលដ្ឋាន​សាច់ប្រាក់ (IPSAS Cash Basis)​។​

ជាមួយគ្នា​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់​អនុសាសន៍​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ ខិតខំ​ប្រឹងប្រែង​បង្កើន​សមត្ថភាព និង​បំពេញការងារ ដើម្បី​បន្ត​រក្សាបាន​នូវ​ប្រសិទ្ធភាព​ការងារ​ខ្ពស់​នេះ និង​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

សូមបញ្ជាក់ថា នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​រតនាគា​រ​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ និង​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី របស់​អគ្គនាយកដ្ឋាន​រតនាគារជាតិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​នៃ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រធាន​រតនាគារ​រាជធានី ខេត្ត និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​ជាច្រើនរូប​។ នាឱកាស​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​កម្ពស់​បួន​ជាន់ របស់​អគ្គនាយកដ្ឋាន​រតនាគារជាតិ និង​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​កន្លែង​បម្រើ​ការងារ និង​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ទូទាំង​អគារ​ថ្មី​។ បន្ទាប់មក ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អញ្ជើញ​បន្ត​មក​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​រតនាគា​រ​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​។​

នៅក្នុង​ពិធី​នោះ លោក វង្ស ប៊ុន​ឥន្ទ្រា​វុ​ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វត្តមាន​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី និង​បានធ្វើ​របាយការណ៍​សង្ខេប​ជូន​អង្គប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​សំខាន់ៗ​ប្រចាំឆ្នាំ​២០១៨​មួយចំនួន​ដូចជា ១, ការបន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ ២, ការបើក​បៀវត្ស​តាម​តារាង​ពេលវេលា និង​តាម​ប្រព័ន្ធ​ធនាគារ ៣, ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ៤, ការបង្កើន​សមត្ថភាព​ការងារ និង​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ចំណាយ​ថវិកា និង​សមិទ្ធផល​ការងារ​សំខាន់ៗ​មួយចំនួនទៀត​ដែល​សម្រេចបាន​នៅក្នុង​ឆ្នាំ​២០១៨ ព្រមទាំង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ក្នុង​ឆ្នាំ​២០១៩ និង​បញ្ហា​ប្រឈម​ថ្មីៗ​ត្រូវ​ដោះស្រាយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu