Ad Code

ករណី​គ្រឿងញៀន ៖ សម្តេច​តេ​ជោ​អះអាង​ថា ទោះ​ត្រូវ​ជីកដី​ចុះទៅ​ក្រោម​រាប់​ម៉ឺន​ម៉ែត្រ​ក៏​ត្រូវ​តែ​ជីក​ដើម្បី​ចាប់​មេក្លោង​ឲ្យ​បាន



ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ជាថ្មី​ម្តង​ទៀតថា ទោះបីជា​ត្រូវ​ជីកដី​ជម្រៅ​រាប់​ម៉ឺន​ម៉ែត្រ​ក៏ត្រូវ​តែ​ជីក​ឲ្យ​ដល់​ដើម្បី​ចាប់​ឲ្យ​បាន​មេខ្លោង​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក​។ សម្តេច​តេ​ជោ​ក៏បាន​ព្រមាន​កម្ទេច​ចោល​អ្នក​កាង​ចំពោះ​ករណី​ឧក្រិដ្ឋកម្ម​នៅ​ក្លិប​កម្សាន្ត​រ៉ុ​ក​នេះ​ផងដែរ​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល នា​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩។



សម្តេច​បន្ត​ថា ករណី​រ៉ុ​ក​គឺជា​ករណី​មិន​ត្រូវ​លើកលែង​នោះទេ។ ករណី​រ៉ុ​ក​ទោះបីជា​ត្រូវ​ជីក​ជម្រៅ​ប៉ុន្មាន​រយ​ម៉ែត្រ ​ឬ ​ម៉ឺន​ម៉ែត្រ​ចុះ​ក្នុង​ដី​ ដើម្បី​រក​មេខ្លោង​ក៏ត្រូវ​ជីក​ឲ្យ​ជ្រៅ​តាមរក​ដែរ ព្រោះ​វា​បាន​បំផ្លាញ​អនាគត​យុវជន​ជាច្រើន​រួចមកហើយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ម្សិលមិញ​សម្តេច​បាន​និយាយ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក បន្ទាប់​ទៅ​មាន​សកម្មភាព​មួយចំនួន​បាន​កើត​ឡើង។ សម្តេច​បាន​បញ្ជាក់​ថា សម្តេច​មិនបាន​បញ្ជូន​សារ​ដើម្បី​នឹង​ជះឥទ្ធិពល​ទៅលើ​ការស្រាវជ្រាវ​របស់​តុលាការ ឬ​ផ្នែក​សមត្ថកិច្ច​នោះទេ។

សម្តេច​តេ​ជោ​បន្ត​ថា «​ករណី​រ៉ុ​កជា​ករ​ណី​មិនអាច​លើកលែង​បានទេ ករណី​រ៉ុ​ក​ត្រូវ​ជីក​ទោះបី​ត្រូវ​ជីក​ជម្រៅ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ​ចុះទៅ​ក្រោម​ដី​ដើម្បី​រក​មេខ្លោង​ក៏ត្រូវ​ជីក​ដើម្បី​រក​មេក្លោង ត្រូវ​រក​ឲ្យ​ឃើញ​ព្រោះ​ការបំផ្លិចបំផ្លាញ​ដែល​ចេញពី​កន្លែង​នេះ​គឺ​វា​ធំធេង​ពេក »​។

សម្តេច​តេ​ជោ​បាន​បន្ត​ថា តាម​សម្តេច​ដឹង​គឺ​នៅ​មាន​ក្លឹប​កំសាន្ត​មួយកន្លែង​ទៀត​តែ​ឥឡូវ​វាស​ង្ងំ ពេលនោះ​បើ​បើក​ប្រតិបត្តិការ​ទាំងពីរ​កន្លែង​គឺ​វា​ចប់​តែម្តង។

សម្តេច​ក៏បាន​ថ្លែង​ទៅកាន់ លោក​កែ កឹម​យ៉ាន ដែល​នៅ​ទី​នេះ​ស្រាប់​ថា ដោយសារតែ​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ចាប់​រួចហើយ​មិនដឹង​ទៅណា​វា​ទាមទារ​ឲ្យ ហ៊ុន សែន ត្រូវ​លូកដៃ​ចូល​ទៅ​ក្នុង​សំណុំរឿង​មួយ​នេះ។ មិនអាច​ឲ្យ​រួចផុត​បានទេ ឧក្រិដ្ឋកម្ម​មួយ​នេះ​វា​ធ្ងន់​ហួស​គ្រឿងញៀន​វា​បាន​បំផ្លាញ​នូវ​អនាគត​របស់​យុវជន​របស់​យើង​មិន​តិច​ទេ​ហើយ​នៅ​មណ្ឌល​កំសាន្ត​រ៉ុ​ក នេះ វា​បាន​បំផ្លាញ​អនាគត​យុវជន​ដ៏​ច្រើន​រួច​មក​ហើយ អញ្ចឹង​ទេ​មិនអាច​ត្រឹម​ផ្តន្ទាទោស​ត្រឹមតែ​អា​មេកា​តូចតាច អា​មេ​បន្ទប់ និង អ្នក​ជក់​នោះ​ទេ ចាប់​អា​មេក្លោង​ធំ​ឲ្យ​បាន ។ រឿងនេះ​ត្រូវធ្វើ​ឲ្យ​ម៉ត់ចត់ ធ្វើ​ឲ្យ​ដាច់ខាត ដោយ​គ្មាន​ការលើកលែង​ទេ។

សម្តេច​តេ​ជោ​បាន​បន្តថា «​ខ្ញុំ​បានបញ្ជាក់​ហើយ​ថា អភិក្រម​ទាំង​៥ ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ មិនមែន​ធ្វើ​តែ​វិស័យ​រដ្ឋ​ទេ ធ្វើ​ទាំង​វិស័យ​ឯកជន ក៏ត្រូវ​ធ្វើ​ដែរ សង្គម​ទាំងមូល​ត្រូវធ្វើ​យល់​អំពី​បញ្ហា​នេះ គ្មាន​ការលើកលែង​ណាមួយ​ដែល​អាច​លើកលែង​ទៅរួច​នោះទេ បើ​ជាប់​ដល់​ថ្នាក់​មន្ត្រី​ប៉ុណ្ណា​ក៏ត្រូវ​តែ​ធ្វើ​ដែរ។ ខ្ញុំ​ធ្លាប់​បាន​និយាយ​រួចហើយ​ថា កុំ​ថា​អ្នកឯង​ពាក់​ផ្កាយ​ខ្ញុំ​ដក​មិនបាន ពាក់​លោក​ខែ​ក៏​ខ្ញុំ​ដក​បាន​ដែរ ខ្ញុំ​ចាប់​បាន​ដែរ ឲ្យ​តែ​តុលាការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​កុំ​ឲ្យ​អ្នកណា​មក​ជើងកាង ទោះបី​ជើងកាង​ចេញ​មក​មួយ​កងពល​ក៏ដោយ ខ្ញុំ​វ៉ៃ​កម្ទេច​ចោល​ទាំងអស់។ ដូចនេះ ក្រុម​គ្រឿងញៀន​ត្រូវ​មើល​ឲ្យ​ច្បាស់​អំពី​ចំណុច​នេះ យើង​ត្រូវ​ចាប់ផ្តើម​សកម្មភាព​ពី​មូលដ្ឋាន​រ៉ុ​ក​នេះ​មួយ ដើម្បី​បង្ហាញថា មិនមែន​បញ្ហា​គ្រាន់តែ​ចាប់​អាតូច​តាច​នោះ​ទេ មេក្លោង​ធំ​ប៉ុណ្ណា​ក៏ដោយ ទោះបី​ក្នុង​វិស័យ​ឯកជន វិស័យ​រដ្ឋ ហ្អែ​ង​មាន​លុយ​ប៉ុណ្ណា​ក៏ដោយ ហ្អែ​ង​មាន​ស័ក្តិ​ប៉ុណ្ណា​ក៏ដោយ គឺ​វ៉ៃ​ទាំងអស់​»។



សម្តេច​បាន​បន្ត​ថា យើង​ត្រូវ​យក​ខ្សាច់​និង​គ្រួស​ចេញពី​ស្បែកជើង​របស់​យើង ទើប​យើង​អាច​ដើរ​ទៅមុខ​បាន ខ្ញុំ​អាច​បន្ថែម​ថា ពេលនេះ ខ្លា​ក៏​វ៉ៃ ពស់​ក៏​វ៉ៃ កន្លាត​ក៏​វៃ រុយ​ក៏​វៃ ឲ្យ​តែ​បំផ្លាញ​ដល់​សង្គម គឺ​វ៉ៃ​ទាំងអស់ បើ​មិន​ធ្វើ​បែប​នេះ​មិន​មាន​ការ​រាងចាល​ទេ ត្រូវតែ​វ៉ៃ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា តួលេខ​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នកប្រើប្រាស់​គ្រឿងញៀន​បាន​ទទួល​សេវា​ព្យាបាល​បាន​កើនឡើង​ពី ៣.១០១ នាក់ នៅ​ឆ្នាំ ២០១៧ ទៅ ៨.០៩៦​នាក់​នៅ​ឆ្នាំ​២០១៨​។ ដូចនេះ វា​មិនមែន​ជា​ការ​ត្រូវ​ត្រេកអរ​នោះទេ គឺ​ត្រូវ​មាន​ការ​ព្រួយបារម្ភ​ព្រោះ​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​មានការ​កើនឡើង។ អញ្ចឹង​ទេ យើង​ត្រូវ​រក​គ្រប់​វិធី​ដើម្បី​បំផ្លាញចោល​ក្រុម​គ្រឿងញៀន​នេះ។ សម្តេច​បន្តថា ក្រុម​គ្រឿងញៀន​នេះ​វា​ជ្រកកោន​នៅ​ទី​ណា​? គឺ​នៅទីណា​ដែល​វា​គប្បី​ត្រូវ​ជ្រក ពិសេស​កន្លែង​ដែរ​មានការ​គ្រប់គ្រង​ធូររលុង​របស់​យើង​តែម្តង អញ្ចឹងទេ កន្លែង​មួយចំនួន​ក៏បាន​ក្លាយទៅជា​កន្លែង​ប្រើប្រាស់​នូវ​គ្រឿងញៀន​នេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជូន​សាជាថ្មី​ទៀត ដោយ​សម្តេច​បាន​បញ្ជាក់​ថា ការ​ជូន​សារ​នេះ​វា​មិនមែន​ដើម្បី​ជះឥទ្ធិពល​ទៅលើ​បញ្ហា​តុលាការ​នោះ​ទេ។ ក៏ប៉ុន្តែ​ត្រូវធ្វើ​ឲ្យ​ម៉ត់ចត់ បើ​ធ្វើ​មិន​ម៉ត់ចត់​ទេ តុលាការ​ក៏​មិន​រួចខ្លួន​ដែរ។ សម្តេច​បន្ត​ថា សម្តេច​មិន​ព្រមាន​តុលាការ​ទេ ក៏ប៉ុន្តែ​សម្តេច​មិន​សុខចិត្ត សម្តេច​នៅក្នុង​ផ្នែក​តុលាការ ការ​គ្រប់​គ្រង់​នយោបាយ​ព្រហ្មទណ្ឌ​គឺ​មាន​ផ្នែក​អយ្យការ និង​ព្រះរាជអាជ្ញា ស្ថិតនៅក្រោម​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធម៌ ព្រោះ​យើង​បាន​ប្រកាន់យក​ប្រព័ន្ធ​បារាំង យក​មក​ប្រើ​ប្រាស់។ ចៅក្រម​ត្រូវ​ស្ថិតក្រោម​ការ​តែងតាំងរ​បស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម ប៉ុន្តែ​ផ្នែក​ព្រះរាជអាជ្ញា ត្រូវ​បាន​ស្នើ​ដោយ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធម៌ ទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម នេះ​ជាការ​គ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ។ ដូចនេះ​ប្រសិនបើ​ព្រះរាជអាជ្ញា​មិន​ព្រម​ធ្វើ​ការចោទប្រកាន់ តើ​ពួកគេ​តំណាង​ឲ្យ​រដ្ឋាភិបាល​តាមរបៀប​ណា ដូចនេះ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ត្រូវ​ស្នើសុំ​ព្រះមហាក្សត្រ​ដក​ព្រះរាជអាជ្ញា​នោះ​ចេញ​តែម្តង​។​ព្រះរាជអាជ្ញា​ត្រូវតែ​តាមដាន​រឿង​នេះ ព្រោះ​អ្នកឯង​ជាដើម​បណ្តឹង ទោះ​កាត់​នៅ​សាលាដំបូង​ក៏ដោយ ហើយ​បើសិន​ចៅក្រម​សាលាដំបូង​កាត់​ឲ្យ​រួចខ្លួន ព្រះរាជអាជ្ញា​ត្រូវ​ប្តឹងទៅ​សាលា​ឧ​ទ្ធ​រណ៍​ទៀត​ក្នុង​ឋានៈ​ជា​តំណាង​ឲ្យ​រដ្ឋ​ប្តឹងទៅ​ឧទ្ធរណ៍​ភ្លាម។ ព្រះរាជអាជ្ញា​ត្រូវ​ដឹង​ថា ខ្លួន​ជា​តំណាង​ឲ្យ​ផលប្រយោជន៍​របស់​រដ្ឋ ដែល​ត្រូវតែ​ធ្វើការ​ចោទប្រកាន់ បើ​ឧទ្ធរណ៍​ចាញ់​ទៀត យើង​បន្ត​ប្តឹងទៅ​តុល​ការ​កំពូល។

សម្តេច​តេ​ជោ​បាន​បន្ត​ថា យើង​នឹង​តាមដាន​មើល​ដំណើរការ​របស់​តុលាការ​បន្ត​ទៀត​ព្រោះ​យើង​មិន​មាន​សិទ្ធិ​ទៅ​កាត់ទោស​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​យើង​ជា​នីតិប្រតិបត្តិ។ ​ក៏ប៉ុន្តែ​នីតិប្រតិបត្តិ​ក៏មាន​នយោបាយ​ព្រហ្មទណ្ឌ តាមរយៈ​អង្គ​អយ្យការ​គឺ​ព្រះរាជអាជ្ញា៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu