ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានចេញដីកា សម្រេចឃុំខ្លួន ឧកញ៉ាគិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុកដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិន នារសៀលថ្ងៃទី ១២មិនា នេះ ដើម្បីរង់ចាំកាត់ទោស ពាក់ព័ន្ធករណីគ្រឿងញៀនច្រើនសន្ធឹកដែលទើបបង្ក្រាបនៅក្លឹបរ៉ុក។
ប្រភពព័ត៌មានច្បាស់ការពីសាលាដំបូងបានឲ្យដឹងថា ព្រះរាជអាជ្ញានិងចៅក្រមស៊ើបសួរបានសម្រេចចោទប្រកាន់ឧកញ៉ា គិត ធាង ពីបទផ្ដល់ទីតាំងចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន និងបទសមគំនិតតាមមាត្រា ៤៤ ចំណុចនៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅមណ្ឌលកម្សាន្ត ROCK ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
ចំណុច២ នៃមាត្រា៤៤ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនបានកំណត់ឲ្យផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ២០លានរៀល។
សូមរំលឹកថា ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការកាលពីថ្ងៃទី ១១មិនា ឆ្នាំ២០១៩ ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន រំលឹកពីបទល្មើសគ្រឿងញៀនដ៏គួរឲ្យស្អប់ខ្ពើមនៅជាប់របងសាលារៀនដល់ទៅ ២កន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅព្រឹកថ្ងៃទី១២ មីនា សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យតុលាការសាកសួរពេញមួយថ្ងៃ ដែលសំណុំរឿងនេះត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីរំលឹកម្ដងហើយម្ដងទៀត តុលាការត្រូវតែធ្វើឲ្យបានម៉ត់ចត់ ត្រឹមត្រូវនិងម៉ឺងម៉ាត់ដល់ទីជម្រៅមិនលើកលែងដាច់ខាត។
សូមរំលឹកថា កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០១ និង៣០ នាទីរំលង អធ្រាត្រ ប្រតិបត្តិការដឹកនាំបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ ស ថេ ត និងដោយមានការដឹកនាំ សម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមននិងកម្លាំងអន្តរាគមន៍ពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ក្រាបបទល្មើសជាក់សែ្តងទីតាំងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ផ្លូវព្រះមុន្នីវង្សសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញពាក់ព័ន្ធ ករណីប្រើប្រាស់សម្រួលនិងចាត់ចែងដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងចម្រុះបានត្រួតពិនិត្យទីតាំងខាងលើចំនួន ១៥បន្ទប់ រក ឃើញ និងឃាត់ខ្លួនមនុស្សចំនួន ៣១១នាក់ ( ប្រុស ២៥៦នាក់ ស្រី ៥៥នាក់ ) និងចាប់យកបានវត្ថុ តាងពាក់ព័ន្ធបទល្មើសមួយចំនួន បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដើម្បីសាកសួរ។
វត្ថុតាងសារធាតុញៀនចាប់យកសរុបរួមមានថ្នាំគ្រាប់អិចស្តាស៊ី គ្រវី ១២ គីឡូក្រាម ២១៩.២៦ ក្រាម កេតាមីន (Ketamine) ៨គីឡូក្រាម ៩៣៥.០៦ក្រាម , ថ្នាំបន្សាប (Nimetazepam)៣០៥.១០ក្រាម , មេតំហ្វេតាមីន(ICE) ១.៦ក្រាម , ហេរ៉ូអ៊ីន (Heroine) ០.៦១ក្រាម , សរុបសារធាតុ ញៀនទម្ងន់ ២១គីឡូក្រាម ៤៦១,៦៣ក្រាម , កញ្ឆាក្រៀមទម្ងន់ ៦៦,៤៣ក្រាម , ធ្វើតេស្តិ៍ បឋមមិនច្បាស់លាស់ទម្ងន់ ១៥,១៤គីឡូក្រាម ( សង្ស័យធាតុគីមី ) សំបកវេចខ្ចប់ ( សំបកកែវចំនួន ២៤៧ , សំបកកេសនិងថង់ផ្លាស្ទីកមួយចំនួន ) ទម្ងន់ប្រហែល ១២គីឡូក្រាមសរុប រួមទម្ងន់ ៤៩,៤៤ គីឡូក្រាម។
ប្រភពដែលជិតស្និទ្ធលោកឧកញ៉ា គិត ធាង បានឲ្យដឹងថា ខណៈពេលនេះលោកឧកញ៉ាមិននៅក្នុងប្រទេសកម្ពុជាឡើយ ចាប់តាំងពីថ្ងៃសមត្ថកិច្ចបង្ក្រាបមជ្ឈមណ្ឌលកំសាន្តរ៉ុក ដែលជាកន្លែងប្រើប្រាស់គ្រឿងញៀននិងជាកន្លែងបំផ្លាញសង្គមជាតិធ្វើឲ្យប្រទេសជាតិបាក់មុខមាត់នោះ។
ប៉ុន្តែមនុស្សទាំង៣១១នាក់ គឺមានតែ១៧នាក់ប៉ុណ្ណោះជាប្រភេទក្មេងញៀនថ្នាំត្រូវបានបញ្ជូនមកតុលាការ ។ ចំណែកជនជាតិចិនចំនួន ១៣នាក់ត្រូវបញ្ជូនទៅប្រទេសកំណើត។ រីឯមនុស្សជាង២០០នាក់ផ្សេងទៀតត្រូវបានដោះលែងវិញទាំងអស់ហើយដែរ៕
Source: Kampuchea Thmey Daily
0 Comments