Ad Code

រដ្ឋបាល​ខេត្ត​ស្វាយរៀង ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​៨​មីនា ​លើក​ទី​១០៨ ​ឆ្នាំ​២០១៩



ស្វាយរៀង ​៖​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​សាល​ប្រជុំ​សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​៨​មីនា ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ លើកកម្ពស់​សមភាព​យែ​ន​ឌ័​រ និង​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី ឈុន ណា​រី តំណាង​លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយ​រៀង។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ លោក លោកស្រី​ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ស្វាយរៀង ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកស្រី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​លោក​អភិបាលរង​ខេត្ត លោកជំទាវ លោកស្រី ជា​ភរិយា ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក លោកស្រី មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ជា​ស្ត្រី​នៅក្នុង​ខេត្ត សរុប​វត្តមាន​ប្រមាណ​៧៤៧​នាក់។

លោក​អភិបាលខេត្ត​ស្វាយរៀង​មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺមាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់​បុព្វបុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិ​សេរីភាព និង​តួនាទី​ស្មើ ភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅ​ក្នុង​សង្គម​។ ​សំខាន់​ជាងនេះទៅទៀត ទិវា​នេះ​ឆ្លុះបញ្ចាំង និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេច​បាន​ដោយ​ការចូលរួម​របស់ ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ ព្រមទាំង​ដើម្បី​រៀបចំ​ផែនការ​សម្រាប់ អនុវត្ត​បន្ត​នៅ​ឆ្នាំ បន្តបន្ទាប់​ទៀត ឆ្ពោះ​ទៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ និង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​។​

លោក​បន្តថា ខួប​លើក​ទី ១០៨ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៩​នៅ​ឆ្នាំនេះ រាជរដ្ឋាភិបាល​បានជ្រើសរើស​យក​ប្រធានបទ​ “​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​”​ក្នុង​គោលបំណង​រំលេច​ឲ្យ​ឃើញ​កាន់តែច្បាស់​ថែមទៀត​ពី​ផែនការ​សកម្មភាព​គន្លឹះ ការ​យកចិត្តទុកដាក់ ការ​ប្ដេជ្ញា​ចិត្ត និង​ទិសដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​ឲ្យ​មាន ចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គភាព ក្នុង​កិច្ច​គាំពារ​សង្គម និង​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​ដែល​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​នៅក្នុង​គ្រប់​ដំណើរការ​នៃ​សកម្មភាព​សង្គម រួមទាំង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ ធនធានមនុស្ស​ផងដែរ។​

ជា​ចុង​បញ្ចប់ ​នៃ​ពិធី​នេះ​លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​បងប្អូន​មន្ត្រីរាជការ​កង កម្លាំង​ប្រដាប់​អាវុធ​ជា​ស្ត្រី​ទាំងអស់ បើទោះបី​ជាប់រវល់ និង​មមាញឹក​បំពេញភារកិច្ច​ការងារ​យ៉ាងណា ក៏ដោយ​ក៏ប៉ុន្តែ​សូមកុំ​ភ្លេច​ត្រូវ​ឆ្លៀត​ពេលវេលា​ជួយ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ សាច់ញាតិ ឲ្យ​ក្លាយ ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន អំពើហិង្សា និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu