កងកម្លាំងដឹកនាំដោយពួកឃើដ ដែលគាំទ្រដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារអាកាស និងបាញ់កាំភ្លើងធំលើក្រុមជីហាដនិយមកាលពីថ្ងៃអាទិត្យដើម្បីកម្ចាត់ការឈរជើងចុងក្រោយរបស់ក្រុមនេះ នៅក្នុងភូមិមួយនៃប្រទេសស៊ីរី។
ពួកយុទ្ធជនក្រុមរដ្ឋឥស្លាមដែលបានលាក់ខ្លួននៅក្នុងភូមិ Baghouz ដែលជាទឹកដីចុងក្រោយនៃរដ្ឋ “Caliphate” ដែលអតីតមេដឹកនាំរបស់ពួកគេឈ្មោះ Abu Bakr al-Baghdadi បានប្រកាសកាលពីឆ្នាំ២០១៤គឺបានឆ្លើយតបវិញដោយការបាញ់កាំភ្លើងតូចៗខណៈដែលកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) វាយលុក។
ក្រុមអ្នកយកព័ត៌មានរបស់ AFP នៅជិតខ្សែរត្រៀមជួរមុខបានមើលឃើញការផ្ទុះជះពន្លឺឡើងលើមេឃនៅភូមិកសិកម្មស៊ីរីភាគខាងកើតបន្ទាប់ពីការវាយប្រហារពីអាកាសបានកម្ទេចឃ្លាំងគ្រាប់កាំភ្លើងនៅក្រោមដីមួយ។
មេបញ្ជាការ SDF បាននិយាយថា “មានផ្លូវក្រោមដី។ យើងមិនប្រាកដទេថាតើមានសមាជិកក្រុមរដ្ឋឥស្លាមប៉ុន្មាននាក់នៅខាងក្នុងនោះ”។ លោកបាននិយាយថា “ពួកគេត្រូវបានឡោមព័ទ្ធទាំងស្រុង។ ពួកគេបានបង្កៃឧបករណ៍ផ្ទុះជាច្រើននៅតាមផ្ទះនិងនៅតាមដងផ្លូវ”។
មូលដ្ឋានចុងក្រោយរបស់ពួកជីហាដនិយមនេះត្រូវបានគេនិយាយថា មានទំហំប្រហែលជាកន្លះគីឡូម៉ែត្រការ៉េកាលពីសប្តាហ៍មុនហើយវាបានធ្លាក់ចុះបន្ថែមទៀតអំឡុងការប្រយុទ្ធគ្នារយៈពេលប៉ុន្មានម៉ោងចុងក្រោយ។
ចំនួនពួកជីហាដនិយមបានធ្លាក់ចុះយ៉ាងច្រើនលើសលប់និងមិនទំនងជាទប់ទល់បានយូរទេប្រឆាំងនឹង SDF ដែលបានចាប់ផ្តើមការវាយលុកដ៏ទូលំទូលាយរបស់ពួកគេទៅលើបន្ទាយរបស់ក្រុម IS ដែលនៅសេសសល់នៅជ្រលង Euphrates កាលពី៦ខែមុន។
ការចាប់យកភូមិ Baghouz នឹងកត់សម្គាល់ពីការបញ្ចប់នៃការគ្រប់គ្រងទឹកដីរបស់ក្រុម IS នៅក្នុងតំបន់និងចោទជាបញ្ហាប្រឈមចំពោះ “រដ្ឋ Caliphate” ដែលធ្លាប់គ្របដណ្ដប់យ៉ាងធំសម្បើមនៃប្រទេសស៊ីរីនិងអ៊ីរ៉ាក់។
រដ្ឋ Caliphate បានដួលរលំក្នុងឆ្នាំ២០១៧នៅពេលដែលក្រុម IS បាត់បង់ភាគច្រើននៃទីក្រុងធំៗរបស់ខ្លួននៅក្នុងប្រទេសទាំងពីរ៕ AFP
Source: Kampuchea Thmey Daily
0 Comments