អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយនៅថ្ងៃចន្ទមុនការបញ្ចេញកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនថា ប្រទេសចិននឹងបន្តបង្កើនការចំណាយដោយសមរម្យនិងសមហេតុផលក្នុងវិស័យការពារជាតិរបស់ខ្លួនដើម្បីបំពេញតាមការកែទម្រង់សន្តិសុខជាតិនិងយោធារបស់ខ្លួន។
ការចំណាយរបស់ចិនទៅលើកងកម្លាំងប្រដាប់អាវុធត្រូវបានគេឃ្លាំមើលយ៉ាងជិតស្និទ្ធនៅក្នុងតំបន់អាស៊ីនិងនៅទីក្រុងវ៉ាស៊ីនតោនដែលបានចង្អុលបង្ហាញដល់គោលបំណងជាយុទ្ធសាស្ត្រដ៏ធំទូលាយរបស់ខ្លួនចំពេលមានកម្មវិធីធ្វើទំនើបភាវូបនីយកម្មមួយដែលបានបង្កើតយន្តហោះចម្បាំងបំបាំងកាយ នាវាដឹកយន្តហោះនិងមីស៊ីលប្រឆាំងផ្កាយរណប។
កាលពីក្នុងឆ្នាំ២០១៨ ប្រទេសចិនបានបង្ហាញពីការបង្កើនការចំណាយយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំដោយកំណត់គោលដៅកំណើន៨,១ភាគរយសម្រាប់ឆ្នាំនេះ។
អ្នកនាំពាក្យសភាលោក Zhang Yesui ដែលជាអតីតឯកអគ្គរដ្ឋទូតប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិនតែងតែដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិវិធី។
លោក Zhang បាននិយាយថា “ការថែរក្សាកំណើនសមហេតុផលនិងសមរម្យនៅក្នុងការចំណាយលើវិស័យការពារជាតិគឺជាភាពចាំបាច់សម្រាប់ការការពារសន្តិសុខជាតិនិងសម្រាប់កំណែទម្រង់យោធាដែលមានលក្ខណៈចិន”។
លោកបានបន្ថែមថា ការចំណាយមានកំណត់របស់ចិនក្នុងវិស័យការពារជាតិគឺសម្រាប់តែតម្រូវការសន្តិសុខរបស់ខ្លួននិងដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះហើយនឹងមិនគំរាមកំហែងដល់ប្រទេសដទៃណាទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zhang មិនបានបញ្ជាក់លម្អិតទេថាតើការចំណាយលើវិស័យការពារជាតិនឹងកើនឡើងប៉ុន្មាន។
លោក Zhang បាននិយាយទៀតថា ប្រទេសចិនបានចំណាយត្រឹមតែ១,៣ភាគរយប៉ុណ្ណោះនៃ GDP ទៅលើវិស័យយោធារបស់ខ្លួនកាលពីឆ្នាំមុនបើប្រៀបធៀបទៅនឹងជាង២ភាគរយសម្រាប់ ប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួន៕ REUTERS
Source: Kampuchea Thmey Daily
0 Comments