Ad Code

ជិះ​ម៉ូតូឌុប​គ្នា​ វ៉ា​ជែង​រថយន្ត​ និង​ម៉ូតូ​ជាច្រើន​គ្រឿង ទីបំផុត​បុក​ចំ​ពីមុខ​ឡាន​ពេញទំហឹង​ ស្លាប់​ទាំងពីរ​



ភ្នំពេញ ​៖ ​បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​របួស​ធ្ងន់​ សល់​តែ​ដង្ហើម​ចង្រិត​ និង​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ពេទ្យ​បាន​ពាក់​កណ្ដាលផ្លូវ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​លឿន​ពេក​វ៉ា​រថយន្ត​ជាច្រើន​គ្រឿង​ ហើយ​ចុងក្រោយ​បាន​បុក​​​រថយន្ត​ធុន​ធំ ​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​មួយ​គ្រឿង​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិនា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មិនទាន់​ស្គាល់​ឈ្មោះ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​២០០៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1B-2739។ រថយន្ត​ដែល​បុក​ជាមួយ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ តាកែវ 3A-1912 ប្រភេទ​សណ្ដោង​រ៉ឺម៉ក អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ក្រោយ​កើតហេតុ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិសដៅ​ពី​លិច​មក​កើត ដោយ​បើក​លឿន វ៉ា​ជែង​រថយន្ត ​និង​ម៉ូតូ​ជាច្រើន​គ្រឿង​ទៀត​ជា​បន្តបន្ទាប់ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ខណៈ​ពេល​វ៉ា​ម្ដងទៀត​ បាន​ជ្រុល​ចូល​មក​ខាង​គន្លង​ផ្លូវ​រថយន្ត ទើប​បណ្ដាល​ឲ្យ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង ម៉ូតូ​ចូល​ក្រោម​ពីមុខ​ឡាន ហើយ​ជនរងគ្រោះ​ដេក​ដួល​នៅ​ចំ​ពីមុខ​ឡាន​ដេក​អោប ​គរ​លើគ្នា​ស្លាប់​ម្នាក់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ឯ​ម្នាក់ទៀត​ ន​រង​របួស​ធ្ងន់​សល់​តែ​ដង្ហើមចង្រិត ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ពេទ្យ​ឯកជន​សុធា​រិ​ទ្ធ​បែក​ចាន ​ដឹក​យក​ទៅ​សង្គ្រោះ ​ព្រោះ​មិន​អស់ចិត្ត តែ​ក្រោយមក​ទើប​ឮ​ថា​បាន​ស្លាប់​នៅ​តាម​ផ្លូវ។

សមត្ថកិច្ច​ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ ដើម្បី​សម្រួល​ចរាចរណ៍ និង​វាស់វែង ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង ​រង់ចាំ​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu