ក្រុងប៉េកាំង ៖ នៅថ្ងៃទី៤ នៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូកងទ័ពជើងគោកដែលដឹកនាំដោយ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានឧត្តមនាវីឯក យ័ន្ត យូបូ (Yuan Yubo ) មេបញ្ជាការ នៃបញ្ជាការដ្ឋានយោធាទិសខាងត្បូង នៃប្រទេសចិន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។
នៅក្នុងជំនួបនោះ លោកឧត្តមនាវីឯក Yuan Yubo បានលើកឡើងថា នេះគឺជាជំនួប នៃការទំនាក់ទំនងល្អ ដែលអនុវត្តតាមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ។
លោកឧត្តមនាវីឯក បានបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងការកសាងធនធានមនុស្ស និងសម្ភារៈ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមនាវីឯក យ័ន្ត យូបូ (Yuan Yubo ) មេបញ្ជាការ បញ្ជាការដ្ឋានយោធាទិសខាងត្បូង នៃប្រទេសចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។
លោកឧត្ដមសេនីយ៍ឯកបានបន្តថា ជំនួប នៃប្រទេសទាំងពីរកម្ពុជា-ចិន នៅពេលនេះ ដើម្បីបន្តពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរឹងមាំ នៅក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។
សូមបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូកងទ័ពជើងគោកកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានបញ្ចប់ទៅដោយជោគជ័យក្រោមបរិយាកាសទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការរឹងមាំ និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ។
នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងទ័ពរំដោះប្រជាជនចិនរួមមាន ៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធានគណៈកម្មការយោធាមជ្ឈិម នៃកងទ័ពរំដោះប្រជាជនចិន មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕
Source: Kampuchea Thmey Daily
0 Comments