ប្រធានសហព័ន្ធប៉េតង់អន្តរជាតិលោក Claude AZEMA និងសហការីរបស់ លោក គឺលោក Victor NATAF ដែលជានាយកបច្ចេកទេសសហព័ន្ធប៉េតង់អន្តរជាតិ បន្ទាប់ពីបានមកដល់កម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលចំនួន២ព្រមគ្នា ដល់មន្ត្រី និងគ្រូបង្វឹកកីឡាប៉េតង់កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ នេះ។ លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា យើងមានសំណាងខ្លាំងណាស់ ជាពិសេសសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ដែលបានលោក Claude Azema ប្រធានសហព័ន្ធកីឡាបេតង់អន្តរជាតិ (FIPJP) និង លោក Victor Nataf នាយកបច្ចេកទេស (Directeur Technique de la Fédération Internationale de Pétanque et des Jeux provençales មកបណ្ដុះបណ្ដាលដល់អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹក។
នេះជាវគ្គកម្រិតទី២ ដែលវគ្គកម្រិតទី១ បានបើកកាលពីឆ្នាំ២០១៨ ហើយពេលនេះអ្នកដែលបានឆ្លងវគ្គកម្រិត១ មកបន្តយកចំណេះដឹងកម្រិត២បន្ថែមទៀត។
វគ្គបណ្ដុះបណ្ដាលនេះ បែងចែកចេញជាង២ផ្នែកធំៗ គឺវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រម ដែលមានសិក្ខាកាមមកពីបណ្តាក្លិប សមាគម ចំនួន៣០នាក់។ វគ្គនេះបង្រៀនដោយ លោក Claude Azema ជាប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលអន្តរជាតិ ដើម្បីត្រៀមសមត្ថភាពធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩។
ចំណែកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក មានសិក្ខាកាមចំនួន៣២នាក់មកពីវិទ្យាស្ថានកីឡាជាតិអប់រំកាយនិងកីឡា បង្រៀនដោយ លោក Victor Nataf នាយកបច្ចេកទេស នៃសហព័ន្ធប៉េតង់ និងប៊ូលអន្តរជាតិ សម្រាប់គ្រូទាំងនោះ យកចំណេះដឹងទៅបង្រៀនសិស្សនិស្សិត តាមសាលារៀនរដ្ឋ។
សូមបញ្ជាក់ថា ប្រធានសហព័ន្ធប៉េតង់អន្តរជាតិ លោក Claude AAzema និងសហការីរបស់លោក គឺលោកVictor Nataf ដែលជានាយកបច្ចេកទេសសហព័ន្ធកីឡាប៉េតង់អន្តរជាតិបាន មកកម្ពុជាក្នុងថានេះជាភ្ញៀវពិសេសរបស់ក្រសួងអប់រំ យុវជន និង កីឡា។ នេះជាលើកទី២ហើយ ដែលប្រមុខប៉េតង់អន្តរជាតិមកកម្ពុជា ក្នុងខណៈដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតប៉េតង់ពិភពលោកនាចុងឆ្នាំ២០១៩នេះ។
ជាមួយនឹងការបើកវគ្គចំនួន២នេះ លោកប្រធានសហព័ន្ធអន្តរជាតិ និងសហការី បានទៅពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រកួតជើងឯកពិភពលោកជាពិសេសទីលានប្រកួត៕
Source: Kampuchea Thmey Daily
0 Comments