Ad Code

ប្រពន្ធ​ ​​កូន​​ស្រែក​ទ្រហោ​យំសោក​បោក​ខ្លួន បន្ទាប់ពី​សន្តិសុខ​ម្នាក់​សម្រេចចិត្ត​ចង.ក ​បញ្ចប់​ជីវិត



ភ្នំពេញ​ ៖​ សន្តិសុខ​រស់នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ម្នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ចង.ក ​សម្លាប់ខ្លួន​នៅក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​ ដែល​ចត​នៅ​ជាប់​របង​ខាងក្រៅ​ក្បែរ​អគារ​បេះដូង ​ស្ថិត​ខាងត្បូង​ស្ថានទូត​បារាំង​ បង្ក​ជាការ​ភ្ញាក់ផ្អើល ​កាលពី​ព្រឹក​ព្រលឹម​អុរ​ ថ្ងៃ​ទី​២៨​ ​​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូន​ពេញ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ​ដែល​ស្លាប់​ជាប់​ចំណង​​​ លៀនអណ្ដាត​នៅ​ក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ ឈ្មោះ​ ឃឹម សុខា ហៅ​ហ៊ុយ​ ភេទ​ប្រុស ​អាយុ​ប្រហែល​៤០​ឆ្នាំ មាន​មុខរបរ​ជា​សន្តិសុខ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​ មាន​រហស្សនាម​(Z ៦៤)​ ស្នាក់នៅ​ផ្ទះ​ជួល​ក្បែរ​ខាងក្រោយ​អគារ​ប៉ាស្ទ័រ​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ជនរងគ្រោះ​ ដែល​ជា​សន្តិសុខ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​រូបនោះ​ ត្រូវបាន​ខាង​មន្ទីរពេទ្យ​បញ្ឈប់​ពី​ការងារ​ ដោយមាន​កំហុស​ផ្ទាល់ខ្លួន​ពី​បញ្ហា​អ្វីមួយ​ ដែល​ជនរងគ្រោះ​ប្រព្រឹត្តិ​ខុស​តិចតួច​ដោយ​ខ្លួនឯង​ ហើយ​ត្រូវ​ខាង​ថ្នាក់​លើ​​សម្រេច​បញ្ឈប់​ពី​ការងារ​នៅ​ខាងក្នុង​មន្ទីរពេទ្យ ​ដោយ​ឲ្យ​មក​យាម​មើល​ការខុសត្រូវ​ខាង​ក្រៅ​របង​មន្ទីរពេទ្យ​វិញ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ទន្ទឹម​នឹង​ថ្នាក់លើ​របស់​មន្ទីរពេទ្យ​សម្រេច​ផ្អាក​ការងារ​របស់​សន្តិសុខ​រូប​នោះ​ គាត់​ក៏បាន​ត្អូញត្អែរ​ថា ​ចាប់ពី​ថ្ងៃនេះ​ទៅ​ គាត់​នឹង​បាត់បង់​នូវ​អ្វីៗ​ទាំងអស់​ ជាពិសេស​ចំណូល​ដែល​រក​បាន​បន្តិចបន្តួច​ប្រចាំថ្ងៃ​ ដែល​ដោះ​បំណុល​គេ​នោះ ​គឺ​ត្រូវ​ចប់​តែម្តង។ ជនរង​គ្រោះ​ក៏​ត្អូញ​ទៀតថា ​គាត់​ទៅមុខទៀត​ គាត់​មានតែ​ស្លាប់​ទេ ​ព្រោះ​អ្វីៗ​ត្រូវបាន​ចប់​អស់ហើយ​នោះ។

ប្រភព​ព័ត៌មាន​បាន​បន្តទៀត​ថា​ បន្ទាប់ពី​ត្រូវ​ខាង​មន្ទីរពេទ្យ​ផ្អាក​ការងារ​របស់​សន្តិសុខ​រូបនោះ​ហើយ​គាត់​(​ជនរងគ្រោះ​)​ បាន​ជួល​ម៉ូតូ​កង់​បី​ឥណ្ឌា​គេ​រត់​ ដោយ​ឆ្លៀត​ពី​ពេលទំនេរ ​ដែល​យាម​នៅ​ខាង​ក្រៅរបង​មន្ទីរពេទ្យ​ ដែល​ក្នុង​១​យប់​ បាន​តម្លៃ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​ ចំណែក​ម៉ូតូ​កង់​បី​ដែល​ជនរង​គ្រោះ​ជួល​គេ​យក​ប្លង់​ផ្ទះ​ទៅ​ដាក់​នោះ​ គឺ​ក្នុង​១​យប់​ពីរ​ម៉ឺន​រៀល។

ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា​ នៅ​យប់​ថ្ងៃទី​២៧​កុម្ភៈ​នេះ​ ជនរងគ្រោះ​បាន​ស្លៀក​សំលៀកបំពាក់​ជា​សន្តិសុខ​របស់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ដដែល​ ស្រាប់តែ​នៅ​ព្រលឹម​ស្រាងៗ ​ខណៈដែល​សន្តិសុខ​ផ្សេង​ទៀត​ក្រោក​ពី​ដេក​ ដើម្បី​រៀបចំ​បោសសំអាត​សំរាម​ ឃើញ​ម៉ូតូ​កង់​បី​នោះ​ មិន​ចេញ​ទៅណា ​ហើយ​ម្យ៉ាងវិញទៀត ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ មាន​បិទ​វាំងនន​ជិត​ទាំងសងខាង​ផង​ ក៏​ដើរទៅ​មើល ​ស្រាប់តែ​ភ្ញាក់​ព្រើត​ ពេលដែល​ឃើញ​ជនរងគ្រោះ​ដែល​ជា​សន្តិសុខ ជា​មេ​ផង​ បាន​ស្លាប់​បាត់​ ដោយមាន​ខ្សែ​ចំណង​ចងភ្ជាប់ ​ក​ ជាមួយនឹង​ដំបូល​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ ដៃ​ទាំងពីរ​គង​លើ​ពូក​កង់​បី​ ហាក់បីដូចជា​មិន​ទំនង​គួរ​ឲ្យ​ស្លាប់​ទាល់តែសោះ។

ប្រភព​ព័ត៌មាន​បាន​បន្តទៀតថា ​បន្ទាប់ពី​មាន​ហេតុការណ៍​ដូច្នេះ​ គេ​ឃើញ​ប្រពន្ធ​ និង​កូនៗ​របស់​ជនរងគ្រោះ​មាន​មកដល់​នាំគ្នា​ស្រែក​ទ្រហោ​យំសោក​បោក​ខ្លួន ​មិនគួរ​លោក​ឪពុក ​និង​ប្តី​ ជាទី​ស្រឡាញ់​របស់ខ្លួន​ ​​គិត​ខ្លី​បែប​នេះឡើយ​ ហើយ​ប្រពន្ធ​របស់​ជនរងគ្រោះ​យំៗ​ ទាល់តែ​សន្លប់​ ហើយក៏​ត្រូវបាន​គេ​នាំ​គ្រៀក​បញ្ជូន​ទៅ​ពេទ្យ​ដើម្បី​សង្គ្រោះ​ផង​ដែរ។

ក្រោយពី​មាន​ហេតុការណ៍​ដូច្នេះ​ហើយ ​កម្លាំង​មូលដ្ឋាន ​បាន​ចុះមក​គ្រប់គ្រង​កន្លែងកើតហេតុ​ និង​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​កោសល្យវិច័យ​ចុះមក​ពិនិត្យ​ និង​បញ្ជូន​ទៅ​តម្កល់​នៅ​សាល​ នៃ​មន្ទីរពេទ្យ​លាង​ឈាម​ជា​ស៊ី​ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​សម្រេច​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu