បាត់ដំបង ៖ ស្របពេលដែលក្រសួងសុខាភិបាលកម្ពុជា ថ្មីៗកន្លងទៅនេះ បានចេញសេចក្ដីណែនាំមួយដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ន អំពីជំងឺដាច់សរសៃបេះដូង ខណៈឆ្នាំនេះ មានកម្រិតកម្ដៅខ្ពស់ជាងឆ្នាំកន្លងទេ, អ្នកឯកទេសថៃ ផ្នែកជំងឺបេះដូង ក៏បានមកចូលរួមណែនាំដល់បុរសស្ត្រី ចាប់ពីវ័យ៣៥ឆ្នាំឡើង ដែលមានសម្ពាធឈាមខ្ពស់ ឬទឹកនោមផ្អែម ចាំបាច់ត្រូវរកគ្រូពេទ្យព្យាបាលហើយប្តូរទម្លាប់ក្នុងការញ៉ាំអាហារ និងបង្កើនការហាត់ប្រាណឲ្យបានច្រើន និងទាន់ពេលផងដែរ។
ការណែនាំរបស់អ្នកឯកទេសជំងឺបេះដូងថៃ បានធ្វើឡើងក្រោមបទបង្ហាញមួយរវាងមន្ត្រី នៃមន្ទីរសុខាភិបាល និងប្រជាពលរដ្ឋជាច្រើន នៅលើទឹកដីខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងថ្មីៗនេះ។
លោកវេជ្ជបណ្ឌិតសាស្ត្រា (ភីឡា.អន) អ្នកឯកទេសពង្រីកសរសៃឈាមបេះដូង នៃមន្ទីរពេទ្យបាងកកចាន់ប៊ូរី ប្រទេសថៃ បានលើកឡើងថា កត្តាដែលនាំឲ្យកើតនូវជំងឺបេះដូង មានច្រើនសណ្ឋាន ដែលក្នុងនោះ ក៏មានការបង្កឡើងពីការជក់បារីជាប្រចាំផងដែរ។
អ្នកឯកទេសរូបនេះបន្តថា ជំងឺនេះប្រឈមខ្លាំងលើមនុស្សដែលមានវ័យចាប់ពីអាយុច្រើនជាង៣៥ឆ្នាំ ជាបុរស និងមានអាយុចាប់ពី៤៥ឆ្នាំ ឡើងទៅជាស្ត្រី ដែលត្រូវប្រឈមខ្លាំង ត្រូវតែធ្វើការទប់ស្កាត់ និងការពារតាមរយៈគ្រូពេទ្យជំនាញឲ្យបានទាន់ពេល បើយើងគិតថា បេះដូងរបស់យើងកំពុងមានបញ្ហា។
អ្នកឯកទេស បានពន្យល់បន្តថា កត្តាដែលឲ្យកើតជំងឺដាច់សរសៃបេះដូងនេះ ភាគច្រើនបង្កឡើងពីអ្នកដែលបានផ្ទុកជំងឺ៣ប្រភេទដូចជា ៖ លើសជាតិខ្លាញ់,លើសឈាម បង្កឲ្យសំពាធឈាមឡើងខ្ពស់ និងអ្នកកើតជំងឺទឹកនោមផ្អែម អាចនឹងក្លាយជាអ្នកមានជំងឺបេះដូងនៅពេលខាងមុខ ដោយជៀសមិនផុត។
អ្នកឯកទេសរូបនេះពន្យល់ទៀតថា បុរសស្ត្រី ដែលមានវ័យ ចាប់ពីអាយុច្រើនជាង៣៥ឆ្នាំ សម្រាប់បុរស និងមានអាយុចាប់ពី៤៥ឆ្នាំ ឡើងទៅសម្រាប់ស្ត្រី គប្បីពិនិត្យសុខភាពតាមដានឲ្យបានជាប្រចាំនិងត្រូវកាត់បន្ថយ ឬបញ្ឈប់ការជក់បារី។
អ្នកឯកទេសពង្រីកសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យបាងកក ចាន់ប៊ូរី បានបញ្ជាក់ដែរថា អ្នកដែលមានសំពាធឈាមឡើងខ្ពស់ និងមានជំងឺទឹកនោមផ្អែម គួរទៅរកការព្យាបាលហូបថ្នាំឲ្យបានទៀងទាត់ ហើយត្រូវផ្លាស់ប្ដូរក្នុងការញ៉ាំអាហារឲ្យបានល្អ រីឯអ្នកដែលកើតជំងឺធាត់ ត្រូវប្ដូរប្រព្រឹត្តិកម្មមកហាត់ប្រាណឲ្យបានច្រើន កាន់តែប្រសើរ។
ក្នុងនោះដែរ អ្នកឯកទេសរូបនេះ ក៏បានបញ្ជាក់ដែរថា បេះដូង គឺជាតួ១ ក្នុងចំណោមតួផ្សេងទៀតរបស់មនុស្សដែលយើងគួរចាំបាច់ត្រូវការពារតាមរយៈសញ្ញាដែលវាស្តែងឲ្យយើងបានដឹងជាមុនដូចជា ធ្វើឲ្យយើងមានភាពតានតឹងត្រង់ចំណុចបេះដូង ឆាប់ហត់ ចង្វាក់បេះដូងលោតខុសធម្មតាជាដើម សញ្ញានេះហើយដែលអ្នកជំងឺ១នេះគួរស្វែងរកការព្យាបាលដោយក្រុមគ្រូពេទ្យជំនាញឲ្យបានទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments