សៀមរាប ៖ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប រួមជាមួយមន្ត្រីបច្ចេកទេសជំនាញក្រោមឱវាទ បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាបន្ទាន់សារាចរណែនាំ ស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ជូនដល់មន្ត្រីការិយាល័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រុកក្រុង អាជីវករ និងម្ចាស់អាជីវកម្មសត្តឃាតដ្ឋានក្នុងទូទាំងខេត្តសៀមរាប និងមានការចូលរួមរបស់អ្នកសារព័ត៌មាន មកពីស្ថាប័នជាច្រើនចូលរួមផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅក្នុងសាលប្រជុំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
កិច្ចប្រជុំនេះបានលើកឡើងវិធាន នៃការសង្គ្រោះសត្វ នីតិវិធី នៃការធ្វើពិឃាដសត្វ បទបញ្ជាផ្ទៃក្នុងសម្រាប់សត្តឃាតដ្ឋាន និង បកស្រាយតបទៅនឹងសារព័ត៌មានមួយ បានលើកឡើងកាលពីពេលថ្មីៗនេះ ថា ភ្នាក់ងារបសុពេទ្យ បានចុះទៅកាត់យកសំណាកវិភាគទម្ងន់មួយគីឡូក្រាម ក្នុងសត្វមួយក្បាល ដែលពិឃាដរួច។
លោក ទា គឹមសុទ្ឋ និងម្ចាស់សត្តឃាតដ្ឋាន ថាមិនពិតដូចការលើកឡើងរបស់សារព័ត៌មានមួយ ដែលបានចុះផ្សាយនោះឡើយ។
ម្ចាស់សត្តឃាតដ្ឋានក្រុងសៀមរាប អះអាងថា មន្ត្រីបសុពេទ្យ ចៀរយកសំណាកវិភាគតែមួយខាំឬមួយខាំកន្លះតែប៉ុណ្ណោះ។ ចំពោះការចុះផ្សាយថា មន្ត្រីចៀរសំណាកវិភាគដល់ទៅ១គ.ក្រ ក្នុងសត្វមួយក្បាលនោះ គឺមកពីកម្មករកាប់ហើយជ្រុះទៅក្រោម ត្រូវបានអាជីវករគាត់រើសយក ជារឿយៗ ពេលដែលអាជីវករនាំសត្វចូលទៅទីសត្ដឃាត គាត់មិនដែលហ៊ានស្ដីបន្ទោសឲ្យកម្មករនោះទេ ព្រោះខ្លាចកម្មករមិនពិឃាដសត្វឲ្យ។
ទាក់ទិននឹងបញ្ហានេះ លោក ទាគឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានស្នើដល់អ្នកសារព័ត៌មាន សុំចុះផ្សាយតែការពិត ចៀសវាងចុះផ្សាយមិនពិត នាំឲ្យមានការយល់ច្រឡំ នាំឲ្យមានបញ្ហាវែងឆ្ងាយ ខាតប្រយោជន៍ និងប៉ះពាល់ដល់មុខមាត់ខេត្ត ដែលជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្ដានុពលទៀតផង។
លោក ទា គឹមសុទ្ឋ ស្វាគមន៍ និងទទួលយកជានិច្ចនូវការរិះគន់ក្នុងន័យស្ថាបនាកែលំអ ពីអ្នកសារព័ត៌មាននានា និងពីមជ្ឈដ្ឋានទូទៅ ព្រោះថាការអនុវត្តការងារគ្រប់ផ្នែក មិនមែនចេះតែធ្វើទៅបានល្អឥតខ្ចោះនោះទេ វារមែងមានភាពខ្វះចន្លោះជាមិនខាន ដែលកត្តានេះ ទាមទារការចូលរួមសហការពីគ្រប់ភាគី ដើម្បីស្ថាបនាកែលំអ។
លោកប្រធានមន្ទីរបានណែនាំដល់ម្ចាស់សត្តឃាតដ្ឋានទាំងអស់ ត្រូវសំអាតអនាម័យទាំងទីតាំងសត្តឃាត និងសំលៀកបំពាក់ សម្ភារៈ និងត្រូវ លាងសំអាតមេរោគតាមលក្ខណៈបច្ចេកទេសបសុពេទ្យសត្វមុននឹងពិឃាដ ហើយសត្វដែលត្រូវពិឃាដ ត្រូវទុកនៅកន្លែងបង្ខាំក្នុងសត្តឃាតដ្ឋានរបស់ខ្លួនរយៈពេលពី១២ទៅ២៤ម៉ោង ដើម្បីភ្នាក់ងារបសុពេទ្យត្រួតពិនិត្យសុខភាព និងត្រូវផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ តែមិនផ្តល់អាហារឡើយក្នុងពេលបង្ខាំងនេះ។
ជាមួយគ្នានោះ ហាមធ្វើទារុណកម្ម ដូចជាវាយដំ បញ្ច្រកទឹក ចំណី និងរូបភាពផ្សេងៗទៀត សត្វត្រូវពិឃាដបាន លុះត្រាតែមានការអនុញ្ញាតពីបសុពេទ្យ។
ខេត្តសៀមរាប មានសត្តឃាតដ្ឋានសរុបចំនួន៨កន្លែង ឆ្នាំ២០១៨ ពិឃាដគោក្របីចំនួន៩៥០០ក្បាល ជ្រូក ៥៥៧០០ក្បាល។ ដោយឡែក បក្សី មាន មាន់ ទា ជាដើម ក្នុងមួយថ្ងៃពិឃាដចំនួន៦០០០ក្បាល សរុបប្រមាណជា៦០០០គ.ក្រ។
សារាចរពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ៖ បច្ចុប្បន្ននេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងបន្តឆ្លងរាលដាល នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់និងក្នុងពិភពលោក។ជំងឺនេះជាជំងឈឆ្លងដ៍កាចសាហាវពិបាកលុបបំបាត់បំផុត និងបង្កឲ្យសត្វឈឺ និងងាប់ក្នុងអត្រាខ្ពស់ ហើយមេរោគបង្កជាវីរុសមិនទាន់មានវ៉ាក់សាំងការពារ ដោយអាចរស់នៅបានយូរក្នុងសាច់ និងផលិតផលសាច់ជ្រូក ទោះមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ។
ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសនៅពេលដែលមានការផ្ទុះជំងឺនេះ នៅប្រទេសវៀតណាម នាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវអនុវត្តនូវវិធានការជាក់លាក់ ដោយបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានា ដោយត្រូវធ្វើការតាមដានស្រាវជ្រាវឲ្យហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វសត្វជ្រូកនៅទូទាំងប្រទេស និងត្រូវមានវិធានការជីវសុវត្ថិភាព អនាម័យនៅគ្រប់ទីកន្លែងចិញ្ចឹមជ្រូក និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ព្រមទាំងមានវិធានការការពារឲ្យបានត្រឹមត្រូវ។ បន្ថែមពីនេះ ត្រូវទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតសាច់ជ្រូកគ្រប់ប្រភេទ ដែលខុសច្បាប់ រាល់ការចរាចរសត្វជ្រូក និងផលិតផលសាច់ជ្រូក ត្រូវមានវិញ្ញាបនបត្រអនាម័យពីប្រទេសនាំចេញនិងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពសត្វ។..ល៕
Source: Kampuchea Thmey Daily
0 Comments