Ad Code

ក្រសួង​អប់រំ​ គ្រោង​នឹង​ពង្រីក​ថ្នាក់រៀន​អក្ខរកម្ម​ នៅ​តាម​រោងចក្រ​កម្មករ​ នៅ​ទូទាំង​ប្រទេស​ ​



ភ្នំពេញ ​៖​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹងថា ​ក្រសួង​បាន​និង​កំពុង​ តែធ្វើការ​សម្រុះសម្រួល​ជាមួយ​គណៈ​គ្រប់គ្រង​រោងចក្រ​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​បង្កើត​ថ្នាក់រៀន​អក្ខរកម្ម​តាម​រោងចក្រ​កម្មករ​ឲ្យ​បាន​ច្រើន ​ខណៈ​បច្ចុប្បន្ននេះ​ទើបតែ​មាន​ចំនួន​២៥​ប៉ុណ្ណោះ ​ដោយមាន​កម្មករ​បាន​បញ្ចប់​ការសិក្សា​ជាង​៩០០​នាក់​។​
​ ​
ថ្លែងប្រាប់ ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា ​ឆ្នាំ​២០១៩​ លោក រស់ សុ​វាចា​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​មានប្រសាសន៍​បន្ត​ថា​ ការពង្រីក​ថ្នាក់រៀន​អក្ខរកម្ម​នៅ​តាម​រោងចក្រ​កម្មករ​នេះ​គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​កម្មករ​កម្មការិនី​ ដើម្បី​លើកកម្ពស់​ការងារ​ ក៏ដូចជា​បង្កើន​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើនជាង​មុន​ ព្រមទាំង​ចូលរួម​កាត់បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផងដែរ​។​

លោក​បាន​បន្ថែមថា​ការបង្រៀន​ដល់​កម្មករ​-ការិនី​នេះ ​ធ្វើឡើង​នៅ​ការិយាល័យ​រដ្ឋបាល បន្ទប់​ប្រជុំ​និង​បណ្ណាល័យ​រោងចក្រ​ដោយ​យក​ម៉ោង​ទំនេរ​ពី​ម៉ោង​ការងារ​១​ម៉ោង ​ឬ​៤៥​នាទី ​ដូចជា​ម៉ោង​៤​ ដល់​ម៉ោង​៥​ល្ងាច​ ទៅតាម​រោងចក្រ​នីមួយៗ​ ដែល​កម្មវិធី​នេះ​បង្រៀន​រយៈពេល​៤​ខែ​ តែមាន​រោងចក្រ​ខ្លះ​បានផ្តល់​ម៉ោង​ធ្វើ​ការងារ​១​ម៉ោង​ ជា​រៀងរាល់ថ្ងៃ​ ចាប់ពី​ច័ន្ទ​ ដល់​សុក្រ​ ដើម្បី​បង្រៀន​អក្ខរកម្ម​ដល់​កម្មករ​របស់ខ្លួន​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ​ចំពោះមុខ​វិជ្ជា​ដែល​ត្រូវ​បង្រៀន​រួមមាន​ភាសា​ខ្មែរ​ដែលមាន​បង្រៀនអក្ស​រ​រួមបញ្ចូល​មេរៀន​អំពើហិង្សា​ក្នុង​គ្រួសារ សុវត្ថិភាព​ការងារ សុខភាព ចរាចរណ៍ គ្រួសារ​គំរូ ការ​គ្រប់​គ្រង​ថវិកា ​និង​គណិតវិទ្យា​ដែល​បង្រៀន ពី​លេខបូក ដក គុណ ​និង​ចែក ​ដើម្បី​ឲ្យ​កម្មករ​ចេះ​អាន​សរសេរ​ និង​ចេះ​គិត​លេខ​។​

អ្នកនាំពាក្យ​ក្រសួង​អប់រំ​បានបញ្ជាក់​បន្ថែម​ទៀត​ថា ​ប៉ុន្តែ​មុននឹង​ឈាន​ទៅ​បង្កើត​ថ្នាក់​អក្ខរកម្ម​នៅ​តាម​រោងចក្រ​នេះ ​គឺ​ក្រសួង​អប់រំ​ និង​អង្គការ​អង្គការ​យូណេស្កូ​ ជា​អ្នក​ជួយ​បណ្ដុះបណ្ដាល​រយៈពេល​១២​ថ្ងៃ ​ដល់​គ្រូ​បង្គោល​ស្ម័គ្រចិត្ត​ ភាគច្រើន​ជា​បុគ្គលិក​ផ្នែក​រដ្ឋបាល​រោងចក្រ​ ដែល​មាន​ចំណេះដឹង​ជាប់​បាក់​ឌុប​ឡើងទៅ ​សរុប​ចំនួន​៤៧​នាក់​ នៅតាម​រោងចក្រ​ទាំង​២៥​។​

លោក ឡាយ វុត្ថា មន្ត្រី​អនុវត្ត​កម្មវិធី​អក្ខរកម្ម​តាម​រោងចក្រ​របស់​អង្គការ​យូណេស្កូ ​ធ្លាប់បាន​ឲ្យ​ដឹងថា​កម្មវិធី​អក្ខរកម្ម​តាម​រោងចក្រ​នេះ ​អង្គការ​យូណេស្កូ​ ជា​អ្នក​ជួយ​ទាំង​ថវិកា​ និង​បច្ចេកទេស ​ព្រមទាំង​ជួយ​បណ្ដុះបណ្ដាល​ដល់​គ្រូ​បង្គោល​ស្ម័គ្រចិត្ត​ ដោយឡែក​រដ្ឋាភិបាល​ជា​អ្នក​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ពួក​គាត់។​

លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ី​ប៉ា​បាន​មានប្រសាសន៍ថា ​នៅ​ឆ្នាំ​២០១៩​នេះ ​អង្គការ​ស៊ី​ប៉ា​ នឹង​ពង្រីក​បណ្ណាល័យ​ចំនួន​៦​បន្ថែមទៀត​ សរុប​២៦​ នៅតាម​រោងចក្រ​នានា ​ជួយផ្តល់​ឱកាស​ដល់​កម្មករ កម្មការិនី​បាន​អាន ​ដើម្បី​បង្កើន​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។​

គួរ​បញ្ជាក់​ថា ​ចាប់ពី​ឆ្នាំ​២០១៧ ​រហូតមកដល់​ខែ​មីនា​ ឆ្នាំ​២០១៩​នេះ ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​សហការ​ជាមួយ​អង្គការ​យូណេស្កូ​ បាន​បង្កើត​ថ្នាក់រៀន​អក្ខរកម្ម​ចំនួន​២៥​រោងចក្រ ​ក្នុងនោះ​ នៅ​រាជ​ធានី​ភ្នំពេញ​ មាន​៩​រោងចក្រ​ ដោយមាន​កម្មករ​ កម្មការិនី​ចំនួន​៩២៦​នាក់ ​បាន​បញ្ចប់​ការសិក្សា​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu