ដោយលើកឡើងពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយមិនល្អ ការប្រកាន់ជាតិសាសន៍និងការរើសអើងមនោគមវិជ្ជា, ប្រទេសចិនបានវាយបកទៅវិញកាលពីថ្ងៃព្រហស្បតិ៍ក្នុងលក្ខខណ្ឌខ្លាំងក្លាមិនធម្មតាបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានរិះគន់លើកំណត់ត្រាសិទ្ធិមនុស្សរបស់ចិនរួមទាំងការរំលោភបំពានទៅលើជនជាតិភាគតិចមូស្លីមរបស់ខ្លួនផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានគូសបញ្ជាក់ពីការរំលោភបំពាននៅក្នុងប្រទេសអ៊ីរ៉ង់ ស៊ូដង់ខាងត្បូង នីការ៉ាហ្គ័រនិងចិននៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងស្តីពីការអនុវត្តសិទ្ធិមនុស្សប៉ុន្តែបានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិនគឺស្ថិតនៅក្នុងសម្ព័ន្ធរបស់ខ្លួនឯងនៅពេលនិយាយអំពីការរំលោភបំពានសិទ្ធិមនុស្ស។
លោក Michael Kozak ប្រធានការិយាល័យសិទិ្ធមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់ក្រសួងការបរទេសបាននិយាយថា ការធ្វើបាបលើជនជាតិភាគតិចមូស្លីមរបស់ប្រទេសចិននៅក្នុងតំបន់ស៊ីនជាំងហាក់ដូចជាមិនត្រូវបានគេមើលឃើញទេចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០មក។
ថ្លែងនៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយថា របាយការណ៍របស់សហរដ្ឋអាមេរិកជាទូទៅគឺពោរពេញទៅដោយការការរើសអើងមនោគមវិជ្ជានិងការចោទប្រកាន់គ្មានមូលដ្ឋានហើយថា ប្រទេសចិនបានដាក់ពាក្យបណ្តឹងទីក្រុងវ៉ាស៊ីនតោនអំពីរឿងនេះ។
លោកបានបន្ថែមថា ប្រទេសចិនបានការពារសិទិ្ធមនុស្សយ៉ាងពេញលេញហើយប្រទេសចិនសម្រេចបានសមិទ្ធិផលជាច្រើននៅក្នុងបញ្ហានេះ។ លោកបន្តថា “យើងក៏សូមផ្តល់ដំបូន្មានផងដែរថា សហរដ្ឋអាមេរិកត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកំណត់ត្រាសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួនហើយជាដំបូងត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ខ្លួនឯង”។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសចិនបានច្រានចោលនូវការព្រួយបារម្ភអំពីគោលនយោបាយរបស់ខ្លួននៅតំបន់ស៊ីនជាំងដែលនៅទីនោះ ក្រុមសិទ្ធិមនុស្សបាននិយាយថា រដ្ឋាភិបាលកំពុងដំណើរការជំរំឃុំឃាំងដែលឃុំខ្លួនជនមូស្លីមមួយលាននាក់។ ប្រទេសចិននិយាយថា ពួកគេគឺជាមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានគោលបំណងលុបបំបាត់ភាពជ្រុលនិយម។
បន្ថែមលើការរិះគន់ដ៏ខ្លាំងក្លារបស់ក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលចិនបានចេញសេចក្តីវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួនតបតចំពោះការរិះគន់ពីទីក្រុងវ៉ាស៊ីនតោនលើកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន។
ក្រុមប្រឹក្សារដ្ឋឬខុទ្ទកាល័យរបស់ចិនបាននិយាយថា សហរដ្ឋអាមេរិកគឺជាអ្នកការពារសិទិ្ធមនុស្សដែលមានកំណត់ត្រាសិទ្ធិមនុស្សខុសឆ្គងនិងខ្វះខាត៕ REUTERS
Source: Kampuchea Thmey Daily
0 Comments