Ad Code

កាមរី​ បុក​ម៉ូតូ​នៅ​ផ្លូវខ្វែង​ទិស​គ្នា ​ម្នាក់​ស្លាប់ និង​២​នាក់​របួសធ្ងន់​



កំពង់ឆ្នាំង​ ៖ យុវជន​ម្នាក់ ​ជា​អ្នកជិះ​ម៉ូតូ​បាន​ស្លាប់​នៅនឹងកន្លែង និង​យុវជន​២​នាក់​ទៀត​ជិះ​ពីក្រោយ​បាន​រងរបួស​ធ្ងន់ ​ក្នុងករណី​រថយន្តបុក​ម៉ូតូ នៅ​ផ្លូវខ្វែង​ទិស​គ្នា​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង១០​និង២០​នាទី​យប់ ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ ២០១៩ ចំណុច​ផ្លូវបែក​ជា​បួន មុខ​ភោជនីយដ្ឋាន​បៃតង ស្ថិតនៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ ជួន តារា អាយុ​ប្រមាណ​២០​ឆ្នាំ រស់នៅ​ភូមិ​ធម្មយុត្តិ ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅនឹង​កន្លែង។ ចំណែក​អ្នកជិះ​ពីក្រោយ​២​នាក់ ១​.ឈ្មោះ ​យ៉ុ​ន សេង​ណា​តូ និង ​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ ។
​សមត្ថកិច្ច​បន្តថា​ មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​ បាន​ជិះ​ម៉ូតូ ម៉ាក​ស៊ូ​ម័​រអិច មួយគ្រឿង ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​កាមរី​គូថ​ប៉ោង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2E. 1108 បើកបរ ដោយ​បុរស ឈ្មោះ លី ប៊ុន​ឡា អាយុ​៤៥ឆ្នាំ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ស្ពក​រាជ្យ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​យ៉ាង​ពេញទំហឹង។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ឈ្មោះ ជួង តារា ជា​អ្នកបើកបរ​ម៉ូតូ​ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ឯ​យុវជន​ពីរ​នាក់​ទៀត​ ដែល​ជិះ​ពីក្រោយ បាន​រង​របួស​ធ្ងន់ ហើយ​ត្រូវ​គេ​បាន​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង។​

​អ្នកបើករថយន្ត ឈ្មោះ លី ប៊ុន​ឡា ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បញ្ជូន​ទៅកាន់​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ជាមួយនឹង​មធ្យោបាយ​ធ្វើដំណើរ ទាំង​២​គ្រឿង ដើម្បី​កសាង​សំណុំរឿង​ចំណាត់​ការ​តាម​នីតិវិធី​ច្បាប់។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្តាល​មក​អ្នកបើក​ម៉ូតូ និង​អ្នក​បើកបរ​រថយន្ត ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា ពេល​បើកបរ​នៅ​ផ្លូវខ្វែង​ទិស​គ្នា​ជា​បួន ទើប​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បែបនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu