ការហាមឃាត់លើយន្តហោះ Boeing 737 MAX បានធ្វើឡើងទូទាំងពិភពលោក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានចូលរួមជាមួយប្រទេសកាណាដា និងបណ្តាប្រទេសដទៃទៀតក្នុងការផ្អាកយន្តហោះប្រភេទនេះ ហើយប្រអប់ខ្មៅពីយន្តហោះដែលធ្លាក់ត្រូវបានគេនាំយកទៅប្រទេសបារាំងដើម្បីធ្វើការវិភាគនៅថ្ងៃព្រហស្បតិ៍។
អាជ្ញាធរអាមេរិកបាននិយាយថា ភស្តុតាងថ្មីបានបង្ហាញពីភាពស្រដៀងគ្នារវាងការធ្លាក់យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីកាលពីថ្ងៃអាទិត្យនិងគ្រោះថ្នាក់ មួយទៀតនៅប្រទេសឥណ្ឌូនេស៊ីកាលពីខែតុលា។ គ្រោះថ្នាក់កាលពីចុងសប្ដាហ៍មុនបានសម្លាប់មនុស្សទាំងអស់១៥៧នាក់នៅលើយន្តហោះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បាននិយាយកាលពីថ្ងៃពុធថា ការរកឃើញនៅកន្លែងធ្លាក់យន្តហោះក្បែរទីក្រុង Addis Ababa និងទិន្នន័យផ្កាយរណបចម្រាញ់ថ្មីបានធានាអំពីការស៊ើបអង្កេតបន្ថែមទៀតលើលទ្ធភាពនៃមូលហេតុដូចគ្នាចំពោះឧបទ្ទវហេតុទាំងពីរនេះ។
FAA បានបញ្ជាជាបន្ទាន់ឲ្យផ្អាកយន្តហោះ 737 MAX 8 និង MAX 9 រហូតដល់មានការជូនដំណឹងបន្ថែមទៀត។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា “សុវត្ថិភាពរបស់ប្រជាជនអាមេរិកនិងប្រជាជនទាំងអស់គឺជាកង្វល់ដ៏សំខាន់របស់យើង”។
ប្រទេសម៉ិកស៊ិកកាលពីល្ងាចថ្ងៃពុធបានពន្យារពេលប្រតិបត្តិការយន្តហោះ MAX 8 និង 9 បន្ទាប់ពីប្រទេសកាណាដានិងឈីលីក៏បានចូលរួមក្នុងបញ្ជីនៃប្រទេសជាច្រើនដែលហាមឃាត់យន្តហោះប្រភេទនេះពីការហោះហើរក្នុងដែនអាកាសរបស់ពួកគេផងដែរ។
នាយកស្តីទីនៃ FAA លោក Daniel Elwell បាននិយាយថា ភ្នាក់ងារនេះបានធ្វើការដោយមិនខ្លាចនឿយហត់ដើម្បីរកមូលហេតុនៃគ្រោះថ្នាក់នេះប៉ុន្តែបានប្រឈមនឹងការពន្យារពេលដោយសារតែប្រអប់ខ្មៅរងការខូចខាត។
ប្រធានក្រុមហ៊ុន Boeing លោក Dennis Muilenburg បានថ្លែងថា លោកគាំទ្រចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកប៉ុន្តែលោកនៅតែមានទំនុកចិត្តយ៉ាងពេញទំហឹងចំពោះសុវត្ថិភាពនៃយន្តហោះ។
ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រអប់ខ្មៅពីយន្តហោះ Boeing 737 MAX 8 ដែលបានធ្លាក់គឺត្រូវបានបញ្ជូនទៅទីក្រុងប៉ារីសដើម្បីធ្វើការវិភាគ៕ AFP
Source: Kampuchea Thmey Daily
0 Comments