ប្រដាល់ ៖ អ្នកប្រដាល់ ទម្ងន់៦៣,៥០០គីឡូក្រាម ៤រូប នឹងត្រូវជួបប្រកួតគ្នាដណ្ដើមពានរង្វាន់ប្រាក់លានរបស់ទូរទស្សន៍បាយ័ន នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
អ្នកប្រដាល់ទាំង៤រូបនោះ គឺ សៀវ ង៉ុយ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ,គឿម សុវណ្ណនឿត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ , ខេម ចាន់ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និង អេរ៉ាវ៉ាន់ ចាន់រាជ អ្នកប្រដាល់ក្លិបកុសលកីឡា។
ពួកគេទាំង៤ ត្រូវប្រកួតគ្នាតាមរូបមន្តម៉ារ៉ាតុង គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត រហូតរកឃើញអ្នកជាប់លេខ១ជាម្ចាស់ពានរង្វាន់។
សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ជើងខ្លាំងទាំង៤រូបនេះ គឺសៀវ ង៉ុយ នឹងត្រូវជួបប្រកួតជាមួយគឿម សុវណ្ណនឿត ពួកគេទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក។
រវាងពីរនាក់នេះ បើតាមកម្រិតសមត្ថភាពបច្ចេកទេស និងកាយសម្បទារបស់ពួកគេទាំងពីរនេះ ឃើញថាសៀវ ង៉ុយ លើសុវណ្ណ នឿត ហើយស្នៀតគុន និងកលល្បិច ក៏ចាញ់សៀវ ង៉ុយ ដែរ។ ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ មិនអាចទស្សន៍ទាយមុនបានថា អ្នកណាហាលអាវ អ្នកណាឡើងទៅផ្ដាច់ព្រ័ត្រនោះឡើយ។
ចំពោះអ្នកប្រដាល់ជើងចាស់ខេម ចាន់ គេនឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីអេ រ៉ាវ៉ាន់ចាន់រាជ។ ពួកគេទាំងពីរនេះ ក៏ពុំធ្លាប់ជួបគ្នាដែរកន្លងមក។ ពួកគេទាំងពីរនាក់នេះ មានថ្វីដៃល្អ ហើយខ្លាំង និងកម្លាំងស៊ុហ្វរឹងមាំដូចគ្នា។ យ៉ាងណា ប៉ះគ្នាលើកនេះ អេ រ៉ាវ៉ាន់ចាន់រាជ មានសំណាងតិចតួចបំផុតក្នុងការឈ្នះ ខេម ចាន់ នោះ។ ប៉ុន្តែទោះជាយ៉ាងណា រវាងអ្នកប្រដាល់ជើងខ្លាំងទាំង៤រូបនេះ ទោះបីជាមិនដឹងថា អ្នកណាជ្រុះធ្លាក់ អ្នកណានឹងបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ហើយអ្នកណានឹងក្លាយជាម្ចាស់ពានរង្វាន់នេះក្តី ក៏គេមើលឃើញមុនថា សៀវ ង៉ុយ និង ខេម ចាន់ អាចនឹងជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងគ្នាយកពានរង្វាន់នេះ។
សូមបញ្ជាក់ថា ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១ប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ៗ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ដែលជាការប្រកួតផ្ដាច់ព្រ័ត្រដណ្តើមពានអនុស្សាវរីយ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។
ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្ដាច់ព្រ័ត្រ គឺវាយ៥ទឹក តែមួយទឹកវាយតែ២នាទីទេ។
ក្រៅពីគូដណ្តើមពានរង្វាន់នេះ ជ័យ ស៊ីនេត អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា នឹងជួបប្រកួតជាមួយ វ៉ែន ហុងជីវ៉ុង អ្នកប្រដាល់ក្លិបមកុដរាជសីហ៍។ ពួកគេទាំងពីរ នឹងប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។
ពីរនាក់នេះ មិនដែលប៉ះគ្នាទេកន្លងមក។ សម្រាប់ការជួបប្រកួតគ្នាលើកដំបូងនេះ មិនដឹងថា ជ័យ ស៊ីនេត គេអាចវាយឈ្នះវ៉ែន ហុងជីវ៉ុង ឬអត់នោះទេ? ព្រោះវ៉ែន ហុងជីវ៉ុង តាំងពីប្ដូរក្លិបពីសំរោងកោងខេត្តបាត់ដំបង មកនៅក្លិបមកុដរាជសីហ៍ រាជធានីភ្នំពេញ នេះមក គេវាយឈ្នះ២ប្រកួតចុងក្រោយជាប់ៗគ្នា។ ប៉ុន្តែយ៉ាងណា ជ័យ ស៊ីនេត គេក៏ធ្លាប់ជាជើងខ្លាំងម្នាក់ដែរក្នុងពិភពប្រដាល់គុនខ្មែរនេះ ហើយក៏ធ្លាប់ជួបប្រកួតជាមួយបរទេសច្រើននាក់មកហើយដែរ។ យ៉ាងណា មកជួបជាមួយវ៉ែន ហុងជីវ៉ុង នេះ ក៏រាងយ៉ាប់និងសង្ឃឹមឈ្នះ មានតិចតួចណាស់។
រិទ្ធ រៀច ក្លិបអាណាចក្រគុនខ្មែរ ត្រូវជួបប្រកួតជាមួយ ជិន ភារិទ្ធ ក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ហើយ ធា វាសនា ក្លិបរាជសីហ៍ខេត្តរតនគិរី ប្រកួតជាមួយ លី ម៉េង ក្លិបមីស្ទ័រលីគុនខ្មែរ ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments