អាជ្ញាធរបាននិយាយថា ប្រេងធ្លាយបានធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្របារាំងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកប៉ាល់ដឹកទំនិញអ៊ីតាលីមួយគ្រឿង បានលិចនៅក្នុងមហាសមុទ្រអាត្លង់ទិចដោយផ្ទុកសម្ភារៈគ្រោះថ្នាក់ចំនួន៤៥កុងតឺន័រ។
ប្រេងអណ្តែតដែលមានបណ្តោយ១០គីឡូម៉ែត្រនិងទទឹង១គីឡូម៉ែត្រអាចនឹងប៉ះពាល់ដល់ផ្នែកខ្លះនៃតំបន់ភាគនិរតីរបស់ប្រទេសបារាំងជិតទីក្រុង Bordeaux នៅចុងសប្ដាហ៍នេះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក Francois de Rugy បាននិយាយកាលពីថ្ងៃពុធថា “យោងតាមការព្យាករណ៍របស់យើង បំណែកខ្លះអាចទៅដល់ទីតាំងមួយចំនួននៃឆ្នេរសមុទ្រក្នុងតំបន់ Nouvelle-Aquitaine នៅត្រឹមថ្ងៃអាទិត្យឬថ្ងៃចន្ទខណៈអាកាសធាតុមិនល្អអាចធ្វើឲ្យប្រតិបត្ដិការប្រឆាំងនឹងការបំពុលកាន់តែលំបាក”។
លោកបានបន្ថែមថា ប្រទេសបារាំងនឹងដាក់ពង្រាយនាវាចំនួនបួនគ្រឿងដើម្បីជួយទប់ទល់នឹងការធ្លាយប្រេងនៅសមុទ្រហើយនឹងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការបោសសម្អាតនៅលើដី។
កប៉ាល់ Grande America កំពុងធ្វើដំណើរពីទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ទៅកាន់ទីក្រុង Casablanca នៃប្រទេសម៉ារ៉ុកនៅពេលអគ្គិភ័យមួយបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ។
មនុស្សចំនួន២៧នាក់នៅលើនាវានោះត្រូវបានគេជម្លៀសចេញនៅថ្ងៃបន្ទាប់ខណៈដែលអគ្គិភ័យកាន់តែអាក្រក់ទៅៗមុនពេលកប៉ាល់បានលិចនៅចម្ងាយប្រហែល៣០០គីឡូម៉ែត្រខាងលិចទីក្រុង La Rochelle កាលពីថ្ងៃអង្គារ។
លោក Jean-Louis Lozier ប្រធានអាជ្ញាធរដែនសមុទ្រក្នុងតំបន់បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង Brest លើឆ្នេរ Brittany របស់ប្រទេសបារាំងថា “សម្រាប់បច្ចុប្បន្ននេះ ហានិភ័យនៃការបំពុលអាចកើតមានឡើងដោយសារប្រេងឥន្ធនៈធុនធ្ងន់ទម្ងន់២,២០០តោននៅលើកប៉ាល់”។
លោក Lozier បាននិយាយថា ក្រុមហ៊ុនអ៊ីតាលីឈ្មោះ Grimaldi ដែលជាម្ចាស់កប៉ាល់នេះបានបង្ហាញថា មានកុងតឺន័រចំនួន៣៦៥ដែលក្នុងនោះមាន៤៥កុងតឺន័រផ្ទុកសម្ភារៈគ្រោះថ្នាក់រួមទាំងរថយន្តប្រហែល២,០០០គ្រឿងផងដែរ។
លោក Lozier បាននិយាយថា អគ្គិភ័យត្រូវបានគេគិតថាបានកើតចេញពីកន្លែងផ្ទុករថយន្តមុនពេលរាលដាលទៅកាន់កុងតឺន័រមួយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មូលហេតុមិនត្រូវបានគេដឹងច្បាស់នោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments